សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់តំណែងប្រធាន និងអនុប្រធានអង្គភាពអាជ្ញាសាលា

Posted By: RoogRog Robot | 12-May-2025 16:19:43

2025-05-12 04:16pm

(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រារព្ធពិធីប្រកាសដាក់ឱ្យដំណើរការអង្គភាពអាជ្ញាសាលា និងប្រកាសចូលកាន់មុខតំណែងប្រធាន និងអនុប្រធានអង្គភាពអាជ្ញាសាលា ក្រោមអធិបតីភាពលោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ, លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ច័ន្ទ សត្ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធាន, ចៅក្រម, ព្រះរាជអាជ្ញារង, លោកស្នងការរងនគរបាលរាជធានីភ្នំពេញ, លោកមេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, លោកប្រធានមន្ទីរពាក់ព័ន្ធ លោក លោកស្រីនាយកដ្ឋានអាជ្ញាសាលា លោក លោកស្រីអភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤, លោកអធិការនគរបាលខណ្ឌទាំង១៤, លោកមេបញ្ជការកងរាជអាវុធហត្ថខណ្ឌទាំង១៤, លោក លោកស្រីតំណាងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា លោកស្រីប្រតិភូគណៈមេធាវីប្រចាំសាលារាជធានីភ្នំពេញ លោកប្រធាន-អនុប្រធានលេខាធិការដ្ឋានរដ្ឋបាល លោក លោកស្រីប្រធាន-អនុប្រធានការិយាល័យ ក្រឡាបញ្ជី មន្ត្រីអាជ្ញាសាលា និងមន្ត្រីរដ្ឋបាល នៃសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សរុបប្រមាណ ២៥០នាក់ ជាសមាជិក សមាជិកា នៃអង្គពិធី។

សូមបញ្ជាក់ថា លោក ខាំ សុមករា ត្រូវបានប្រកាសតែងតាំងជាប្រធានអង្គភាពអាជ្ញាសាលា, លោក ទៀង សោភ័ណ្ឌ និងលោក ហ៊ាង ចាន់ដារ៉ា ដែលត្រូវបានតែងតាំងជាប្រធាន ជាអនុប្រធានទី១ អនុប្រធានទី២ នៃអង្គភាព អាជ្ញាសាលា និងមន្រ្តីអាជ្ញាសាលាចំនួន ៥រូបទៀត ដែលបាននិងកំពុងបំពេញការងារពីមុនមកហើយ ដែលត្រូវបានទទួលការតែងតាំងជាថ្មី រួមទាំងមន្រ្តីអាជ្ញាសាលាកម្មសិក្សាចំនួន៦រូបទៀត​ ដែលជាសិស្សអាជ្ញាសាលាជំនាន់ទី២ ទើបទទួលបានការបញ្ជូលក្របខណ្ឌថ្មី។

នៅក្នុងពិធីនេះលោក ងួន ណារ៉ា ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានផ្តល់នូវមតិណែនាំមួយចំនួនដូចខាងក្រោម៖

*ទី១៖ ត្រូវអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន*ទី២៖ ប្រធាន និងអនុប្រធានអង្គភាពអាជ្ញាសាលា ត្រូវរៀបចំការដឹកនាំ និងការចាត់ចែងការងាររដ្ឋបាល សំណុំរឿង លិខិតចេញចូល សៀវភៅចុះលេខផ្សេងៗ ដោយសហការឱ្យបានល្អជាមួយលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូង ក្រោមការជួយសម្របសម្រួល និងផ្តល់ការគាំទ្រចាំបាច់នានាពីប្រធានសាលាដំបូង។ ទន្ទឹមនឹងនេះក៏ត្រូវរក្សាសាមគ្គីភាពឱ្យបានល្អ រវាងមន្ត្រីក្នុងអង្គភាព។*ទី៣៖ រាល់ពាក្យសុំអនុវត្តដែលបានទទួល ត្រូវធ្វើការពិនិត្យឱ្យបានត្រឹមត្រូវ និងចាត់ការអនុវត្តឱ្យបានឆាប់រហ័ស ដើម្បីធានាថា ភាគីដែលបានឈ្នះក្តីទទួលបានសម្រេចនូវសិទ្ធិទាមទារដែលមាននៅក្នុងលិខិតអនុវត្ត *ទី៤៖ ត្រូវមានកិច្ចសហការល្អជាមួយថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្នុងស្ថាប័ន ក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងពាក់ព័ន្ធការអនុវត្ត ដើម្បីធានាឱ្យការអនុវត្តមុខងារ តួនាទីរបស់ខ្លួនទទួលបានប្រសិទ្ធភាពស្របតាមច្បាប់ *ទី៥៖ រាល់ការអនុវត្តដោយបង្ខំទាំងឡាយណាដែលអាចបង្កើតឱ្យមាននូវភាពចលាចល ឬភាពវឹកវរ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ មន្ត្រីអាជ្ញាសាលា ត្រូវរាយការណ៍មកប្រធានអង្គភាព អាជ្ញាសាលា ដើម្បីធ្វើការពិគ្រោះយោបល់ជាមួយប្រធានសាលាដំបូង និងព្រះរាជអាជ្ញា ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចដែលពាក់ព័ន្ធ ហើយក្នុងករណីចាំបាច់ ត្រូវស្នើសុំគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ជាមុនពីឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ *ទី៦៖ ក្នុងនាមជាស្ថាប័នអនុវត្ត ពិសេសការអនុវត្តតួនាទីរបស់អាជ្ញាសាលានៅនឹងកន្លែងពិតជាមានភាពប្រឈម ជាមួយភាគី និងជនពាក់ព័ន្ធផ្សេងទៀត ប៉ុន្តែក្នុងនាមអ្នកអនុវត្តត្រូវមានភាពឈ្លៀសវៃ និងមានភាព បត់បែនខ្ពស់តាមកាលៈទេសៈ ហើយត្រូវមានយុទ្ធសាស្ត្រអនុវត្តដោយម៉ឹងម៉ាត់ តែពេលខ្លះក៏ត្រូវចេះទន់ភ្លន់ ឬធ្វើការសម្របសម្រួលបន្ថែម ដែលនឹងនាំឱ្យការអនុវត្តទទួលបានជោគជ័យ *ទី៧៖ ក្នុងនាមអាជ្ញាសាលា ក៏មានមុខងារអនុវត្តកិច្ចការផ្សេងៗដែលជាជំនួយដល់តុលាការអនុវត្ត និងមានតួនាទីទទួលបន្ទុកកិច្ចការបញ្ជូន ខ្ញុំស្នើឱ្យប្រធានអង្គភាពអាជ្ញាសាលា និងមន្រ្តីអាជ្ញាសាលាទាំងអស់ ព្រមទាំងមន្ត្រីដែលទទួលបន្ទុកកិច្ចការបញ្ជូន សូមបន្តបំពេញការងារនេះឱ្យបានកាន់តែល្អ និងឆាប់រហ័សបន្ថែមទៀត។

បន្ទាប់មកប្រធានសាលាដំបូង បានជម្រាបជូនអង្គពិធីនូវប្រសាសន៍ដ៏មានអត្ថន័យរបស់ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលលោកមានប្រសាសន៍ថា <<នៅចំពោះចៅក្រម គឺនិយាយពីច្បាប់, នៅចំពោះមុខច្បាប់ គឺនិយាយពីយុត្តិធម៌, នៅចំពោះមុខយុត្តិធម៌ គឺនិយាយពីភាពត្រឹមត្រូវ, នៅចំពោះមុខភាពត្រឹមត្រូវ គឺនិយាយពីសច្ចធម៌>>​ និងបានលើកឡើងនូវប្រសាសន៍របស់លោកបណ្ឌិត ជីវ កេង ប្រធានតុលាការកំពូល ដែលលោកមានប្រសាសន៍ថា <<ការដោះស្រាយវិវាទ មិនត្រឹមតែបានចេញសេចក្តីសម្រេចប៉ុណ្ណោះទេ ប៉ុន្តែត្រូវធានាថាសេចក្តីសម្រេចនោះយកទៅអនុវត្តបាន និងបញ្ចប់វិវាទ>>។

ប្រធានសាលាដំបូង បានយល់ឃើញបន្ថែមផ្ទាល់ខ្លួនថា <<ការផ្តល់យុត្តិធម៌ មិនត្រឹមតែមានយុត្តិធម៌ តែក្នុងសេចក្តីសម្រេចប៉ុណ្ណោះទេ គឺត្រូវអនុវត្តសេចក្តីសម្រេចឱ្យមានប្រសិទ្ធភាព ទើបភាគីទទួលបាននូវយុត្តិធម៌ពិតប្រាកដ>>៕































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...