សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខដល់គ្រួសារដែលស្លាប់កូនបីនាក់ និងគ្រួសាររងគ្រោះដោយអគ្គីភ័យ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ

Posted By: RoogRog Robot | 12-May-2025 16:08:14

2025-05-12 04:02pm

(ព្រះសីហនុ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នាថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥នេះ បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី ដោយមានការចូលរួមពីក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ និងអនុសាខា ស្រុកព្រៃនប់ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារដែលស្លាប់កូនបីនាក់ មានឈ្មោះ យ៉ារី សុខសិលា ភេទប្រុស អាយុ១៨ឆ្នាំជាកូនទី១, ភក្តី រីតា ភេទស្រី អាយុ១៥ឆ្នាំជាកូនទី៣, ភក្តី ស្រីមេន ភេទប្រុស អាយុ១៣ឆ្នាំ ជាកូនទី៥ ក្នុងចំណោមបងប្អូន៦នាក់ និងម្តាយបង្កើតឈ្មោះ បាត ស្រីមុំ អាយុ៣៥ឆ្នាំ រងរបួសស្រាល និងសួរសុខទុក្ខគ្រួសាររងគ្រោះពីរគ្រួសារទៀត ក្នុងគ្រោះឧបទ្ទវហេតុអគ្គិភ័យបណ្តាលមកពីឆេះរាលដាលចេញពីរថយន្តដឹកប្រេងសាំង កាលពីវេលាយប់ម៉ោង ១១៖៤៥នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងជាទីបំផុតជាមួយក្រុមគ្រួសារក្នុងឱកាសចូលរួមក្នុងពិធីបុណ្យសពនេះ លោកវេជ្ជ. អ៊ុយ សំអុន បានថ្លែងថា បន្ទាប់ពីបានដឹងពីហេតុការដ៏រន្ធត់ និងសោកសង្រេងនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកមកចូលរួមផ្ទាល់ ដោយនាំយកថវិកាចំនួន ១៥លានរៀល (សពនីមួយៗចំនួន ៥លានរៀល) និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុត ជាមួយក្រុមគ្រួសារសព ដែលបានបាត់បង់កូនជាទីស្រលាញ់ចំនួន៣នាក់ ព្រមទាំងទ្រព្យសម្បត្តិ លំនៅឋានខូចខាតទាំងស្រុងដោយគ្រោះអគ្គិភ័យនេះ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សូមបួងសួងដល់វិញ្ញាណក្ខន្ធសពទាំងបី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ជាមួយគ្នានេះ សូមជូនពរម្តាយបង្កើតសពកូនទាំងបី អ្នកស្រី បាត ស្រីមុំ បានជាសះស្បើយពីរបួសឆាប់ៗ។

សម្រាប់គ្រួសាររងគ្រោះពីរគ្រួសារទៀតទទួលបាន អង្ករ ២៥គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ឃីត១ឈុត(សារុ១ មុង១ ក្រមា១ និងភួយ១) និងថវិកា២០ម៉ឺនរៀល។

ឆ្លៀតក្នុងឱកាសនោះលោកវេជ្ជ.អ៊ុយ សំអុន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ ដោយរៀបចំទុកដាក់និងរៀបចំរបស់របរដែលងាយនិងឆាបឆេះឱ្យបានត្រឹមត្រូវ ពិសេសមុនចាកចេញដំណើរទៅណាមកណា ត្រូវពិនិត្យមើលភ្លើងទៀន ធូប ចង្ក្រានជាដើម។

ជាមួយគ្នានេះ ម្តាយឪពុកដែលត្រូវកូនស្លាប់ទាំងបីនាក់ ក្រៅពីគោរពថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់មន្ត្រីមកចូលរួមរំលែកមរណទុក្ខ ព្រមទាំងនាំមកជាមួយថវិកា ១៥លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ គ្រួសាររងគ្រោះខាងលើក៏បានគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ។

សូមបញ្ជាក់ ៖ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ និងអនុសាខាស្រុកព្រៃនប់ ក៏បានចុះសួរសុខទុក្ខ និងនាំយកអំណោយឆ្លើយបតបន្ទាន់ជូនគ្រួសាររងគ្រោះម្តងរួចហើយ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ផងដែរ៕



























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...