ជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត បានស្រកជាបណ្តើរៗហើយ, កន្លែងខ្លះត្រឡប់មកស្ថានភាពដូចដើម

Posted By: RoogRog Robot | 11-May-2025 14:21:28

2025-05-11 02:15pm

(បន្ទាយមានជ័យ)៖ ស្ថានភាពជំនន់ទឹកភ្លៀងក្រុងប៉ោយប៉ែតដែលជន់លិច បានស្រកជាបណ្តើរៗហើយ និងកន្លែងខ្លះស្ថានភាពដូចដើមរហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានប្រាប់ថាបណ្ដាញព័ត៌មាន Fresh News ថា ស្ថានភាពជំនន់ទឹកភ្លៀងដែលលិចលង់ធ្ងន់ធ្ងរ៣សង្កាត់ រហូតដល់ពេលនេះទឹកត្រូវបានស្រកជាបណ្តើរៗហើយ ក្នុងនោះក៏មានកន្លែងខ្លះអាចមកស្ថានដូចដើម ប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកជាធម្មតា ប៉ុន្តែនៅកន្លែងខ្លះបន្តលិច ខណៈដែលការធ្វើដំណើរទៅមកបានជាធម្មតា។

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ក្រុងប៉ោយប៉ែតមានភ្លៀងមួយមេធំរយៈពេលជាង៣ម៉ោងទើបដាច់គ្រាប់ភ្លៀង បណ្តាលឱ្យមានការជន់លិចប៉ះពាល់៣សង្កាត់មានសង្កាត់អូរជ្រៅ សង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត។

ក្រោយជំនន់ទឹកភ្លៀងបានជនលិចផ្លូវនិងប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ជាការណែនាំពីលោក ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋាក្រុងប៉ោយប៉ែត បានអោយអាជ្ញាធរក្រុង និងសង្កាត់បិទផ្លូវមួយដើម្បីការពាររថយន្តទៅមកបង្កជាលកប៉ះពាល់អាចសម្ភារៈប្រជាពលរដ្ឋ និងតំបន់ខ្លះត្រូវបានបិទភ្លើងការពារសុវត្ថិភាព ក្នុងនោះមានផ្លូវខ្លះទឹកលិចផ្លូវជាង១ម៉ែត្រជិត២ម៉េត្រ។

បើតាមលោក គាត ហ៊ុល, រហូតដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥នេះស្ថានភាពជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត បានស្រកជាបណ្តើរៗហើយមានកន្លែងខ្លះមកស្ថានភាពដូចដើម តែមានកន្លែងខ្លះទឹកនៅបន្តលិច ព្រោះជំនន់ទឹកភ្លៀងប្រើរយៈពេល១ទៅ២ថ្ងៃ ទើបអាចស្រកអស់បើគ្មានភ្លៀងធ្លាក់បន្ត។

សូមជម្រាបថា នៅព្រលប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនកម្លាំងនគរបាលជាច្រើននាក់ រួមមាន កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត កម្លាំងបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ និង៩១១ សហការជាមួយអាជ្ញាធរមូលដ្ឋាន ចេញប្រតិបត្តិការបន្ទាន់ភ្លាមៗ ដើម្បីចុះជួយប្រជាពលរដ្ឋរាប់ពាន់គ្រួសារនៅក្រុងប៉ោយប៉ែត ដែលកំពុងតែរងការជន់លិចដោយជំនន់ទឹកភ្លៀង បន្ទាប់ពីភ្លៀងធ្លាក់មួយមេយ៉ាងខ្លាំងមិនធ្លាប់មាន។

លោក ព្រហ្ម ពិសឹទ្ធ អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់ឲ្យដឹងថា ប្រតិបត្តិការ បង្ការ ទប់ស្កាត់ និងសង្គ្រោះនេះ កម្លាំងនគរបាលបានធានានូវសនិ្តសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ដូចជា ក្នុងករណីបើប្រជាពលរដ្ឋលិចលង់ខ្លាំង ត្រូវជម្លៀសពួកគាត់ទៅកាន់ទីទួលមានសុវត្ថិភាព រួមទាំងទ្រព្យសម្បត្តិ និងសត្វពាហនះគ្រប់ប្រភេទ។

ទន្ទឹមគ្នានេះលោកឧត្តមសេនីយ៍ទោស្នងការ បានដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទាំងអស់ ត្រូវយកចិត្តទុកដាក់សង្គ្រោះឲ្យបានឆាប់បំផុតតាមដែលអាចធ្វើបាន ពិសេសចាស់ជរា ជនពិការ អ្នកជម្ងឺ ស្រ្តីមានផ្ទៃពោះ និងកុមារតូចៗ ដើម្បីបញ្ជៀសការជួបគ្រោះថ្នាក់ផ្សេងៗជាយថាហេតុផងដែរ។

ជាថ្មីម្ដងទៀត លោកអភិបាលរងក្រុងប៉ោយប៉ែត ក៏បានថ្លែងអំណរគុណចំពោះកងកម្លាំងទាំងបីស្ថាប័ន ដែលបានជួយអន្តរាគមន៍នៅពេលទឹកលិចផ្លូវជាតិលេខ៥ ថែមទាំងបានសម្រួលការកកស្ទះចរាចរណ៍ ខណៈដែលមានម៉ូតូឡានរលត់ជាហូរហែរ៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...