លោក ត្រាំ មានគម្រោងទទួលយកអំណោយជាយន្ដហោះដ៏ប្រណិតពីកាតា ទុកប្រើជា Air Force One

Posted By: RoogRog Robot | 12-May-2025 03:08:43

2025-05-12 10:06am

(Reuters)៖ រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថាមានបំណងទទួលយកអំណោយជាយន្ដហោះ Boeing 747-8 ដ៏ប្រណិតមួយគ្រឿង ពីគ្រួសាររាជវង្សកាតា ដែលអាចនឹងត្រូវបានប្រើប្រាស់ជាយន្ដហោះ Air Force One។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមប្រភពដែល Reuters ទទួលបាន យន្ដហោះដ៏ប្រណិតខាងលើនឹងក្លាយជាអំណោយដ៏មានតម្លៃថ្លៃបំផុតមួយមិនធ្លាប់មានដែលត្រូវបានទទួលយកដោយរដ្ឋាភិបាលអាមេរិក ហើយអាចនឹង ត្រូវបានប្រគល់ជាអំណោយទៅកាន់បណ្ណាល័យប្រធានាធិបតីរបស់លោក ត្រាំ នៅក្រោយចប់អាណត្តិ។ យន្ដហោះ Boeing 747-8 នេះដែរមានតម្លៃជិត ៤០០លានដុល្លារ។

នៅក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអាទិត្យ ទី១១ ខែឧសភា លោក ដូណាល់ ត្រាំ ក៏ហាក់ទទួលស្គាល់ពីការផ្ដល់អំណោយជាយន្ដហោះខាងលើ ផងដែរ។ <<ដូច្នេះជាការពិតក្រសួងការពារជាតិកំពុងទទួលអំណោយ ដោយមិនមានការគិតថ្លៃ ជាយន្ដហោះ៧៤៧មួយគ្រឿង ដើម្បីជំនួសយន្ដហោះ Air Force One ដែលមានអាយុកាលជាង ៤០ឆ្នាំ ជាបណ្ដោះអាសន្ន នៅក្រោមការព្រមព្រៀងគ្នាប្រកបដោយតម្លាភាព និងជាសាធារណៈ>>។ នេះការបង្ហោះរបស់លោក ត្រាំ ដោយឆ្លៀតឌឺដងផ្លែផ្កាដាក់គណបក្សប្រជាធិបតេយ្យថា ចង់ចំណាយមិនចាំបាច់លើយន្ដហោះ Air Force One ថ្មី។

ពាក់ព័ន្ធនឹងសេចក្ដីរាយការណ៍នេះដែរ អ្នកនាំពាក្យម្នាក់របស់កាតា លោក Ali Al-Ansari បានប្រាប់កាសែតអាមេរិក New York Times លទ្ធភាពនៃផ្ដល់យន្ដហោះជាអំណោយ កំពុងស្ថិតក្រោមការពិចារណា ហើយមិនទាន់មានការសម្រេចចិត្តនៅឡើយទេ។

គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញអាមេរិកបានហាមឃាត់មន្ត្រីរដ្ឋាភិបាលពីការទទួលយកអំណោយពីព្រះមហាក្សត្រ ព្រះអង្គម្ចាស់ ឬពីបរទេសណាមួយ។ ប៉ុន្តែ លោក ត្រាំ អាចគេចផុតពីការប្រឈមមុខ តាមផ្លូវច្បាប់ តាមរយៈការប្រគល់យន្ដហោះនេះទៅឱ្យបណ្ណាល័យប្រធានាធិបតីរបស់លោក នៅពេលលោកចប់អាណត្តិ។ ព័ត៌មានពីការផ្ដល់អំណោយជាយន្ដហោះនេះកើតមានឡើង ខណៈ លោក ត្រាំ កំពុងត្រៀមធ្វើទស្សនកិច្ចទៅកាន់ប្រទេសចំនួន៣ ក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនោះរួមមានកាតាផងដែរ នៅក្នុងសប្ដាហ៍នេះ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...