(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងឱកាសចម្រើនជន្មាយុ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុងសារលិខិតថា <<ខ្ញុំនិងភរិយា ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃព្រឹទ្ធសភា និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងចូលរួមអបអរសាទរ ដោយសេចក្ដីរាប់អានដ៏ ជ្រាលជ្រៅ ក្នុងឱកាសចម្រើនជន្មាយុ ប្រកបដោយពរជ័យ សិរីមង្គលមហាប្រសើរជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ដែលនឹងចូលមកដល់នាថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥>>។
ខ្ញុំសូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង លះបង់យកអស់កម្លាំងកាយចិត្តរបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក្នុងការកសាង និងស្តារឡើងវិញនូវវិស័យពាណិជ្ជកម្មឱ្យមានការរីកចម្រើន ការលើកកម្ពស់ទំនាក់ទំនង និងការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយនឹងបណ្តាប្រទេសទាំងក្នុងក្របខ័ណ្ឌតំបន់ និងពិភពលោកសម្រេចបាននូវ វឌ្ឍនភាពគួរជាទីមោទនៈ រហូតមកដល់បច្ចុប្បន្ន ព្រមទាំងនាំមកនូវសុខសន្តិភាព ស្ថិរភាព ឯកភាពជាតិ និង ការអភិវឌ្ឍជាតិលើគ្រប់វិស័យ។
នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ឫទ្ធិបារមីខ្លាំងក្លានៃវត្ថុ ស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូន ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត និង លោកជំទាវ ព្រមទាំង បុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានសមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕