សមត្ថកិច្ច ចុះអប់រំណែនាំក្រុមហ៊ុន AUTO US DIRECT Cambodia ករណីផ្សព្វផ្សាយ និងនាំចូលរថយន្តម៉ាក LAND ROVER ដែលក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក បានទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ

Posted By: RoogRog Robot | 11-May-2025 12:29:41

2025-05-11 12:27pm

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះទៅទីតាំងក្រុមហ៊ុន អូតូ យូអេស ដាយរ៉ិក ឯ.ក (Auto Direct Cambodia) ស្ថិតនៅផ្ទះលេខ០១៥១ ផ្លូវឧកញ៉ាម៉ុងរិទ្ធី ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបាន និងកំពុងផ្សព្វផ្សាយ ប្រកាសលក់ នាំចូលផលិតផលរថយន្ត គ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្តម៉ាក “LAND ROVER” រួមទាំងម៉ាកដទៃទៀតដែល ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA CAMBODIA PLC) បានទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ។

សមត្ថកិច្ចបានអប់រំ និងណែនាំដល់ម្ចាស់ទីតាំង ឲ្យបានយល់ដឹងពីផ្លូវច្បាប់ លើសិទ្ធិដែលក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA CAMBODIA PLC) បានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូល ចែកចាយផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ ម៉ាក “LAND ROVER” រួមនឹងម៉ាកដទៃទៀត យកមកលក់ក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា។

ដូច្នេះ សូមក្រុមហ៊ុន អូតូ យូអេស ដាយរ៉ិក ឯ.ក បញ្ឈប់សកម្មភាពផ្សព្វផ្សាយ ប្រកាសលក់ នាំចូលផលិតផលរថយន្ត គ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្តម៉ាក “LAND ROVER” ចាប់ពីពេលនេះទៅ ដើម្បីជៀសវាងការទទួលខុសត្រូវតាមផ្លូវច្បាប់ ។ ម្ចាស់ទីតាំងបានទទួលស្គាល់នូវកំហុសដែលបានប្រព្រឹត្តកន្លងមក និងធានាសន្យាថាបញ្ឈប់នូវរាល់សកម្មភាពទាំងឡាយណាដែលជាការរំលោភសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA CAMBODIA PLC) តទៅទៀត។

គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចនឹងបន្តចុះទៅធ្វើការអប់រំណែនាំ ឬក៏អាចត្រួតពិនិត្យលើទីតាំងផ្សេងៗបន្ថែមទៀត ប្រសិនបើនៅតែមានករណីទីតាំងណាមួយមិនគោរពច្បាប់ បន្តសកម្មភាពផ្សព្វផ្សាយ ប្រកាសលក់ នាំចូលផលិតផលរថយន្ត គ្រឿងបន្លាស់ និងគ្រឿងតុបតែងរថយន្តម៉ាក “LAND ROVER” និងម៉ាកដទៃផ្សេងទៀត ដែលក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA CAMBODIA PLC) ទទួលបានសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕









News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...