លោក ដូណាល់ ត្រាំ សាទរការចាប់ផ្ដើមឡើងវិញទាំងស្រុង ក្នុងទំនាក់ទំនងពាណិជ្ជកម្មអាមេរិក-ចិន​

Posted By: RoogRog Robot | 11-May-2025 12:01:28

2025-05-11 11:56am

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសាទរនូវអ្វីដែលលោកហៅថា <<ការចាប់ផ្ដើមឡើងវិញទាំងស្រុង>> នៅក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងអាមេរិក និងចិន មុនថ្ងៃទី២នៃកិច្ចចរចា នៅថ្ងៃអាទិត្យ ទី១១ ខែឧសភា រវាងក្រុមមន្ត្រីកំពូលៗមកពីទីក្រុងវ៉ាស៊ីនតោន និងប៉េកាំង សំដៅបន្ធូរបន្ថយភាពតានតឹងពាណិជ្ជកម្មដែលកើតឡើង ដោយសារគោលនយោបាយពន្ធគយរបស់លោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងការបង្ហោះមួយលើបណ្ដាញទំនាក់ទំនងសង្គម Truth Social នៅព្រឹកថ្ងៃអាទិត្យនេះ លោក ត្រាំ បានកោតសរសើរពីកិច្ចពិភាក្សាដ៏ល្អប្រសើរ និងប្រកបដោយលក្ខណៈស្ថាបនា។លោក ត្រាំ បានបន្ថែមថា <<យើងចង់ឃើញភាពល្អប្រសើរសម្រាប់ចិន និងសហរដ្ឋអាមេរិក ព្រមទាំងការបើកចំហទីផ្សារចិនសម្រាប់បណ្ដាក្រុមហ៊ុនអាមេរិក។ ភាពរីកចម្រើនកំពុងកើនឡើង>>។ ប៉ុន្តែលោក ត្រាំ មិនបានបញ្ជាក់ថាតើអ្វីទៅជាភាពរីកចម្រើនដែលលោកបានលើកឡើងនោះទេ។

គួរបញ្ជាក់ថា កិច្ចចរចាបិទទ្វាររវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent និងអ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng គ្រោងនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យនេះ ដែលនេះជាកិច្ចពិភាក្សាទល់មុខជាលើកដំបូងបំផុតរវាងមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំង២ ចាប់តាំងពីលោក ត្រំា បានដំឡើង ការយកពន្ធគយកម្រិតខ្ពស់លើទំនិញនាំចូលពីចិន កាលពីខែមេសាមក។ ក្រុមមន្ត្រីចិន និងអាមេរិកក៏បានជួបគ្នារួចហើយដែរកាលពីថ្ងៃសៅរ៍ ទី១០ ខែឧសភា នៅឯទីក្រុងហ្សឺណែវ៕





News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...