រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធពិធីបុណ្យវិសាខបូជានៅបរិវេណវត្តកោងកាង

Posted By: RoogRog Robot | 11-May-2025 22:35:53

2025-05-11 10:30pm

(ប៉ៃលិន)៖ រាត្រីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលខេត្តប៉ៃលិន បានប្រារព្ធពិធីបុណ្យវិសាខបូជា យ៉ាងអធិកអធម នៅនៅបរិវេណវត្តរតនៈសោភ័ណ្ឌ ហៅវត្តកោងកាង ស្ថិតនៅក្នុងភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះសន្តិមហារតមុនី សាន់ លី ព្រះមេគណខេត្ត និងលោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

បុណ្យវិសាខបូជាត្រូវបានរដ្ឋបាលខេត្តប៉ៃលិន រៀបចំធ្វើជារៀងរាល់ឆ្នាំ ព្រោះបុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុត ក្នុងចំណោមបុណ្យសាសនាជាច្រើនទៀត ហើយពិធីបុណ្យនេះ គឺបានបង្ហាញនូវការគោរពរំឭកនឹកដល់ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោត្តម គឺជាថ្ងៃដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងជាថ្ងៃចូលបរិនិព្វានផងដែរ ដោយព្រឹត្តិការណ៍ទាំងបីនេះ គឺកើតឡើងចំថ្ងៃ ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខដូចគ្នាខុសតែឆ្នាំតែប៉ុណ្ណោះ។

លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា សម្រាប់ព្រះរាជាណាចក្រកម្ពុជាយើង ក្រោយពីទទួលបាននូវសុខសន្តិភាព ជាពិសេសក្នុងរយៈពេលជាងពីទសវត្សរ៍ចុងក្រោយនេះ ប្រទេសជាតិមានការរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្នុងនោះយើងកត់សម្គាល់ឃើញថា វិស័យព្រះពុទ្ធសាសនា ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ខ្លាំងក្នុងការអភិវឌ្ឍទាំងផ្នែកសម្ភាររូបវ័ន្ត ទាំងផ្នែកស្មារតី ក៏ដូចជាធនធានព្រះសង្ឃផងដែរ។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានមានប្រសសាសន៍បន្តថា៖ ពិធីសាសនានានារបស់ព្រះពុទ្ធសាសនា ត្រូវបានប្រារព្ធឡើងជាហូរហែទៅតាមជំនឿរបស់ពុទ្ធបរិស័ទ ហើយភាគច្រើនតែងតែមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅតាមតំបន់រៀងខ្លួន ជាក់ស្តែងដូចជាពេលនេះគ្រប់ស្ថាប័នទាំងអស់នៅក្នុងខេត្ត បានមកជួបជុំគ្នាប្រាថ្នាឧទ្ទិសនូវពិធីនេះ ឱ្យក្លាយជាពិធីវប្បធម៌ព្រះពុទ្ធសាសនា ក៏ដូចជាផ្តល់ឱកាសឱ្យព្រះសង្ឃ អាចារ្យ គណៈកម្មការ សិស្ស និស្សិតនិងប្រជាពុទ្ធបរិស័ទទូទៅបានធ្វើកិច្ចរួមគ្នាក្នុងមួយឆ្នាំមានម្តង ដើម្បីសម្តែងនូវសាមគ្គីភាព រវាងពុទ្ធបរិស័ទក្នុងក្របខណ្ឌទូទាំងខេត្តប៉ៃលិន។












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...