​វៀតណាម ប្រារព្ធខួប ៥០ឆ្នាំ នៃការបិទបញ្ចប់សង្រ្គាមវៀតណាម

Posted By: RoogRog Robot | 30-Apr-2025 09:43:51

2025-04-30 09:42am

(ហូជីមិញ)៖ វៀតណាម នៅថ្ងៃពុធ ទី៣០ ខែមេសា បានប្រារព្ធពិធីអបអរសាទរ និងរំលឹកខួបការបិទបញ្ចប់សង្រ្គាមវៀតណាម អមជាមួយការធ្វើព្យុហយាត្រាយោធា ៥០ឆ្នាំក្រោយការដួលរលំ នៃរបបដឹកនាំទីក្រុង Saigon ដែលជាព្រឹត្តិការណ៍មួយបញ្ជាក់ពីការបិទបញ្ចប់ទាំងស្រុងនូវជម្លោះស៊ីពេលរាប់ទសវត្សរ៍។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ការប្រារព្ធពិធីរំលឹកខួបដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ គឺដើម្បីរំលឹកដល់ការបង្រួបបង្រួមវៀតណាម នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ជាពេលដែលរបបកុម្មុយនិស្ដវៀតណាមខាងជើង បានវាយដណ្ដើមយកទីក្រុង Saigon ជារដ្ឋធានីរបស់វៀតណាមខាងត្បូងគាំទ្រដោយសហរដ្ឋអាមេរិក។ Saigon ត្រូវបានប្ដូរឈ្មោះមកជាទីក្រុង Ho Chi Minh City វិញ ដើម្បីឧទ្ទិសដល់បិតា ស្ថាបនិកវៀតណាមខាងជើង គឺលោក Ho Chi Minh។

ថ្លែងនាឱកាសចូលរួមពិធីរំលឹកខួបនេះដែរ អគ្គលេខាធិការគណបក្សកុម្មុយនិស្ដវៀតណាម លោក To Lam បាននិយាយថា <<វាជាជ័យជម្នះនៃភាពយុត្តិធម៌លើរបបផ្ដាច់ការ។ វៀតណាមមាន តែមួយ ប្រជាជនវៀតណាមគឺមានតែមួយ។ ទន្លេអាចរីងស្ងួត ភ្នំអាចរលំ ប៉ុន្តែការពិតមិនអាចផ្លាស់ប្ដូរបានឡើយ>>។

គួរបញ្ជាក់ថា ជ័យជម្នះរបស់វៀតណាមខាងជើង បានកើតឡើង២ឆ្នាំ បន្ទាប់ពីសហរដ្ឋអាមេរិកដកកងទ័ពចេញពីវៀតណាមខាងត្បូង ដែលនេះជាការបិទបញ្ចប់សង្រ្គាមវៀតណាមដែលស៊ីពេល អស់ជាង២០ឆ្នាំ និងបានសម្លាប់ជនជាតិវៀតណាមប្រហែលជា ៣លាននាក់ និងជនជាតិអាមេរិកជិត ៦០ ០០០នាក់៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...