សិស្ស៤០០នាក់ ទទួលបានចំណេះដឹងពីបញ្ហាគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug

Posted By: RoogRog Robot | 27-Jan-2025 22:14:27

2025-01-27 10:09pm

(ភ្នំពេញ)៖ សិស្សសាលាអន្តរទ្វិបអាមេរិកាំង ការិយាល័យកណ្តាលថ្នាក់ទី៨ ទី៩ ចំនួន៤០០នាក់ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ ទទួលបានចំណេះដឹងពីសិក្ខាសាលាស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ។

លោក ដាង វិបុល នាយកចាងហ្វាងការិយាល័យកណ្ដាលសាលាអន្តរទ្វីបអាមេរិកាំងបានថ្លែងស្វាគមន៍ និងរាយការណ៍ពីការរៀបចំកម្មវិធីសិក្សាបន្ថែម ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការបង្ការទប់ស្កាត់នូវបញ្ហាផ្សេងៗពាក់ព័ន្ធនឹងគ្រឿងញៀនសាលាបានរៀបចំនូវសិក្ខាសាលា ស្ដីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug ជូនដល់សិស្សថ្នាក់ទី៨ និងទី៩ ។

ក្នុងនាម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានពាំនាំនូវការកោតសរសើរ ថ្លែងអំណរគុណ ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿនឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជូនដល់វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិកសាលាអន្តរទ្វីបអាមេរិកាំង និងគណៈគ្រប់គ្រងការិយាល័យកណ្ដាល ដែលបានចូលរួមលើកកម្ពស់ការយល់ដឹងស្តីពីផលប៉ះពាល់នៃគ្រឿងញៀន បារីអេឡិចត្រូនិក និងApp NoDrug កាត់បន្ថយហានិភ័យគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងញៀន ជូនដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត ថ្លែងបន្តថាគ្រឿងញៀននៅតែបង្កបញ្ហាស្មុគស្មាញ គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខុមាលភាពប្រជាជន គំរាមកំហែងដល់សន្តិសុខ សណ្តាប់ធ្នាប់ និងការអភិវឌ្ឍសង្គម ការចូលរួមគ្រប់សកម្មភាពធ្វើយ៉ាងណាឲ្យសិស្សានុសិស្សរបស់យើងមិនទៅពាក់ព័ន្ធនិងអំពើអបាយផ្សេងៗដែលនាំទុក្ខទោសដល់ខ្លួនឯង បង្កការលំបាកដល់ក្រុមគ្រួសារ នាំបញ្ហាដល់សង្គមជាតិនោះ គឺជាសកម្មភាពមួយល្អប្រពៃដែលយើងទាំងអស់គ្នាត្រូវតែនាំគ្នាចូលរួម។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានសំណូមពរដល់អ្នកចូលរួមសូមយកចំណេះដឹងទៅផ្សព្វផ្សាយបន្តដល់ក្រុមគ្រួសារនិងមនុស្សជាទីស្រឡាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀននិងបារីអេឡិចត្រូនិកដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនប្រើបារីអេឡិកត្រូនិក និងរួមគ្នាផ្សព្វផ្សាយនិងប្រើប្រាស់App NoDrug : https://nodrugsnacd.com/download ដើម្បីរាយការណ៍រាល់ករណីគ្រឿងញៀននៅមូលដ្ឋានទាំងអស់គ្នា៕






















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...