(កំពង់ឆ្នាំង)៖ ព្រះសិរីមង្គលមុនី ម៉ុច សៅលី ព្រះចៅអធិការវត្តសម្ដេច នន្ទ ង៉ែត សែនជ័យសត្ថារាម ហៅវត្តក្រឡាញ់ចាស់ បានសេចក្តីថ្លែងការណ៍ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះមេក្រុម <<សមាគមទេវ សក្ខី ភគវន្ត>> ដែលបានពន្យល់ធម៌ប្រាសចាកខ្លឹមសារដើមនៃព្រះពុទ្ធវចនៈនិងបានព្យាយាមនិយាយបំភាន់កិច្ច បដិបត្តិរបស់ ពុទ្ធសាសនិកខ្មែរ។
នៅក្នុងសេចក្តីថ្លែងការណ៍នេះ ព្រះសិរីមង្គលមុនី ម៉ុច សៅលី បានចាត់ទុកទង្វើនេះធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ព្រះរតនត្រ័យទាំងបី គឺព្រះពុទ្ធ ព្រះធម៌ និង ព្រះសង្ឃ និងតម្លៃដ៏ល្អផូផង់របស់ព្រះពុទ្ធសាសនាខ្មែរ ដែលជាសាសនារបស់រដ្ឋ។
បុគ្គលនេះមានគំនិតទុច្ចរិត បាននិយាយបកស្រាយបំភាន់ ប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះព្រះសង្ឃថាជាបុគ្គល កំពុងពេញកម្លាំងហើយរស់នៅជាបន្ទុករបស់ពុទ្ធបរិស័ទ និងបានពោលត្មះតិះដៀលថា ព្រះត្រៃបិដកខ្មែរជាព្រះត្រៃ បិដកមិនគ្រប់ទឹកជាដើម។
មនោគមវិជ្ជាដែលមេដឹកនាំសមាគមទេវ សក្ខី ភគវន្ត កំពុងតែផ្សព្វផ្សាយសាបព្រោះនាពេលបច្ចុប្បន្នតាមរយៈ បណ្តាញសង្គមហ្វេសប៊ុកផេក (Facebook Page) ឈ្មោះសមាគមទេវ សក្ខី ភគវន្ត គឺពិតជាបានធ្វើឱ្យមានភាពច្របូក ច្របល់ដល់កិច្ចបដិបត្តិរបស់ពុទ្ធសាសនិកខ្មែរ ដែលធ្លាប់មានសុខដុមនីយកម្មរួមគ្នាជាយូរណាស់មកហើយក្រោមម្លប់ សន្តិភាពដ៏សុខសាន្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងលើកស្ទួយ គោរពប្រតិបត្តិ និងយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ជាទីបំផុត។
ដើម្បីការពារតម្លៃព្រះសង្ឃនិងព្រះពុទ្ធសាសនា ខ្មែរដ៏ល្អផូរផង់របស់ជាតិ ចៅអធិកាវត្តសម្តេច នន្ទ ង៉ែត សែន ជ័យសត្ថារាម ស្នើសុំក្រសួងធម្មការនិងសាសនារួមជាមួយគណៈសង្ឃទាំងពីរគណៈនិងអាជ្ញាធរពាក់ព័ន្ធគ្រប់ លំដាប់ថ្នាក់សូមចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលរូបនេះ និងសមាគមទេវ សក្ខី ភគវន្ត ឱ្យម៉ឺងម៉ាត់បំផុត៕