(តេអេរ៉ង់)៖ មេបញ្ជាការឆ្មាំបដិវត្តន៍ជាន់ខ្ពស់របស់អ៊ីរ៉ង់ បានប្រកាសឱ្យដឹងនៅថ្ងៃចន្ទនេះថា អ៊ីរ៉ង់បានទិញយន្តហោះចម្បាំង Sukhoi-35 ពីរុស្ស៊ី ដែលវាជាលើកដំបូងហើយ ដែលអ៊ីរ៉ង់ទទួលស្គាល់ជាសាធារណៈ អំពីការទិញយន្តហោះចម្បាំងទំនើបទាំងនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
ទោះយ៉ាងណា លោក Ali Shadmani ដែលត្រូវបានដកស្រង់សម្តីដោយបណ្តាញ ព័ត៌មាននិស្សិត មិនបានបញ្ជាក់ពីចំនួនយន្តហោះដែលត្រូវបានទិញ ឬថាតើយន្តហោះទាំងនោះត្រូវបានបញ្ជូនទៅដល់ប្រទេសអ៊ីរ៉ង់ហើយ ឬនៅនោះទេ។
មេបញ្ជាការរូបនោះគ្រាន់តែបានបញ្ជាក់ថា អ៊ីរ៉ង់បានត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់កម្លាំងយោធាដើម្បីការពារខ្លួន និងបានព្រមានអ៊ីស្រាអែលកុំឱ្យធ្វើសកម្មភាព ដែលអាចនាំឱ្យមានជម្លោះ។
កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ ថា ទីក្រុងតេអេរ៉ង់បានសម្រេចកិច្ចព្រមព្រៀងចុងក្រោយក្នុងការទិញ-លក់យន្តហោះចម្បាំង។ ហើយនៅដើមខែនេះ អ៊ីរ៉ង់និងរុស្ស៊ី បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយមួយ ដែលមិនបាននិយាយអំពីការផ្ទេរអាវុធ ប៉ុន្តែបានបញ្ជាក់ថា ប្រទេសទាំងពីរនឹងអភិវឌ្ឍ <<កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធា>> របស់ពួកគេ។
គួរបញ្ជាក់ថា កងទ័ពអាកាសរបស់អ៊ីរ៉ង់មានយន្តហោះវាយប្រហារតែប៉ុន្មានគ្រឿងប៉ុណ្ណោះ ក្នុងនោះរួមមានទាំង យន្តហោះរុស្ស៊ី ក៏ដូចជាម៉ូដែលចាស់ៗរបស់អាមេរិកដែលទទួលបាន មុនបដិវត្តន៍អ៊ីស្លាម ឆ្នាំ ១៩៧៩។ ដូច្នេះ ការទិញយន្តហោះចម្បាំង Sukhoi-35 នេះ គឺជា ការពង្រឹងសមត្ថភាពយោធាដ៏សំខាន់មួយសម្រាប់អ៊ីរ៉ង់។ ការណ៍នេះអាចនឹងបង្កើនភាពតានតឹងក្នុងតំបន់ ជាពិសេសជាមួយអ៊ីស្រាអែល ខណៈដែលកិច្ចសហប្រតិបត្តិការយោធា រវាងអ៊ីរ៉ង់និងរុស្ស៊ីកាន់តែជិតស្និទ្ធ៕