លោក ត្រាំ គំរាមដាក់ពន្ធគយ និងទណ្ឌកម្មលើកូឡុំប៊ី ជុំវិញបញ្ហាទទួលយកជនអន្តោប្រវេសន៍ ខណៈកូឡុំប៊ីថា នឹងយកពន្ធ ២៥ភាគរយលើទំនិញអាមេរិក

Posted By: RoogRog Robot | 27-Jan-2025 10:12:45

2025-01-27 10:07am

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា លោកនឹងដាក់ចេញនូវវិធានការយ៉ាងទូលំទូលាយ ទៅលើប្រទេសកូឡុំប៊ី រួមទាំងពន្ធគយ និងទណ្ឌកម្ម បន្ទាប់ពីប្រទេសអាមេរិកខាងត្បូងមួយនេះ មិនអនុញ្ញាតឱ្យយន្តហោះយោធាអាមេរិកដឹកជនអន្តោប្រវេសន៍ពីរគ្រឿង ចុះចត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ ២០២៥។

លោក ត្រាំ បានសរសេរលើបណ្តាញសង្គម Truth Social ថា ការបដិសេធរបស់ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិអាមេរិក។ លោកនឹងដឹកនាំការត្រួតពិនិត្យការងារព្រំដែន ជាមួយជនជាតិកូឡុំប៊ី និងទំនិញផងដែរ។ លោក ត្រាំ បញ្ជាក់ថា <<វិធានការទាំងនេះ គឺគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ យើងនឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលកូឡុំប៊ី រំលោភលើកាតព្វកិច្ចផ្លូវច្បាប់ទាក់ទងនឹងការទទួលយក និងការបញ្ជូនឧក្រិដ្ឋជនដែលពួកគេ បានបង្ខំឱ្យចូលសហរដ្ឋអាមេរិកនោះឡើយ>>។

កូឡុំប៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៣របស់សហរដ្ឋអាមេរិក នៅតំបន់អាមេរិកឡាទីន។ ប្រធានាធិបតីកូឡុំប៊ី លោក Petro បានថ្កោលទោសសកម្មភាពរបស់សហរដ្ឋអាមេរិក ដោយនិយាយថា កូឡុំប៊ីស្វាគមន៍អ្នកដែលត្រូវនិរទេសមកវិញ តាមជើងយន្តហោះស៉ីវិល។ លោកថា ទោះបីជាមានជនជាតិអាមេរិក ១៥ ៦៦០នាក់ ស្ថិតនៅកូឡុំប៊ីដោយមិនស្របច្បាប់ តែលោកនឹងមិនបញ្ជូនពួកគេតាមរបៀបដូចជាអ្នកទោស ទៅកាន់សហរដ្ឋអាមេរិកវិញនោះទេ។ លោក Petro បញ្ជាក់ថា <<លោកកំពុងដឹកនាំរដ្ឋមន្ត្រីពាណិជ្ជកម្ម ឱ្យដំឡើងពន្ធលើការនាំចូល ២៥ភាគរយ របស់សហរដ្ឋអាមេរិក>>។

គួរបញ្ជាក់ថា ក្រៅពីកូឡុំប៊ី កាលពីសប្តាហ៍មុន ម៉ិកស៉ិកក៏បានបដិសេធ ឱ្យយន្តហោះយោធាអាមេរិកចុះចត ជាមួយនិងជនអន្តោប្រវេសន៍ផងដែរ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...