អាមេរិកថា កិច្ចព្រមព្រៀងបទឈប់បាញ់អ៉ីស្រាអែល-លីបង់ នឹងបន្តដល់ថ្ងៃទី១៨ ខែកុម្ភៈ

Posted By: RoogRog Robot | 27-Jan-2025 09:28:38

2025-01-27 09:24am

(វ៉ាស៉ីតោន)៖ សហរដ្ឋអាមេរិក បានប្រកាសថា កិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងលីបង់ដែលនាំឱ្យមានបទឈប់បាញ់ អ៉ីស្រាអែល-ហេសបូឡាកាលពីឆ្នាំមុន នឹងនៅតែជាធរមាន រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ក្រោយអ៉ីស្រាអែលអះអាងថា នឹងបន្តរក្សាកងទ័ពនៅភាគខាងត្បូង ហួសពីថ្ងៃឱសានវាទ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ ២០២៥។

បទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង កំណត់ឱ្យកងកម្លាំងអ៉ីស្រាអែល ចាកចេញពីលីបង់ភាគខាងត្បូងលីបង់ ខណៈដែលអាវុធ និងយុទ្ធជនហេសបូឡា ក៏ត្រូវតែដកចេញពីតំបន់នោះដែរ ហើយដាក់ពង្រាយកងទ័ពលីបង់ជំនួសវិញ អំឡុងពេលនៃបទឈប់បាញ់ ៦០ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃអាទិត្យដដែលនោះ សេតវិមានលើកឡើងថា កិច្ចព្រមព្រៀងដែលអាមេរិកសម្របសម្រួល ជាមួយលីបង់ និងអ៉ីស្រាអែល នឹងបន្តអនុវត្តដល់ថ្ងៃទី១៨ ខែកុម្ភៈ។ រដ្ឋាភិបាលលីបង់ អ៉ីស្រាអែល សហរដ្ឋអាមេរិក ក៏នឹងចាប់ផ្តើមការចរចា ដើម្បីបញ្ជូនត្រឡប់មកវិញនូវអ្នកទោសលីបង់ ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ផងដែរ។

គួរបញ្ជាក់ថា សង្រ្គាមរវាងក្រុមហេសបូឡា និងអ៉ីស្រាអែល កើតឡើងស្របពេលនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយបានឈានដល់ចំណុចធ្ងន់ធ្ងរ នៅក្នុងការវាយលុកដ៏ធំរបស់អ៉ីស្រាអែលលើប្រទេសលីបង់ នាំឱ្យមនុស្សជាងមួយលាននាក់រត់ភៀសខ្លួន។ នៅថ្ងៃឱសានវាទនៃបទឈប់បាញ់ អាជ្ញាធរលីបង់បារាយការណ៍ថា កងកម្លាំងអ៉ីស្រាអែលបានសម្លាប់ជនស៉ីវិលលីបង់ យ៉ាងតិច ១១ នាក់ នៅភាគខាងត្បូងប្រទេស ខណៈដែលប្រជាជនរាប់ពាន់នាក់ព្យាយាម វិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...