(កំពង់ធំ)៖ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវចូលរួមថែរក្សាអភិរក្សធនធានមច្ឆជាតិដើម្បីទុកជាកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយ ។
លោក ហ៊ែល តូនី បានថ្លែងក្នុងវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាមបាងនាថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ នៅវត្តពៅវើយ។
លោកបានបញ្ជាក់បន្ថែមថា ការអភិរក្សនេះគឺផ្ដើមចេញពីយើងទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋ អាជ្ញាធរនៅក្នុងមូលដ្ឋាន ជំនាញពាក់ព័ន្ធ ក៏មានការគាំពារថែមទៀតពីក្រុមការងារចុះមូលដ្ឋានឃុំ និងត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀតលើការអភិរក្សពូជត្រីឬមច្ឆជាតិដែលជាពូជកម្រដែលប្រឈមនឹងការផុតពូជឱ្យបានសម្បូរឡើងវិញ និងជាផ្នែកមួយនៃការជួយបង្កើនសេដ្ឋកិច្ចប្រជានេសាទនៅក្នុងមូលដ្ឋានឱ្យបានប្រសើរឡើងវិញថែមទៀត គឺអភិរក្សត្រូវផ្សារភ្ជាប់នឹងការអភិវឌ្ឍជាពិសេសសេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋាន។
លោក ហ៊ែល តូនី ក៏បានណែនាំនិងលើកទឹកចិត្តដល់អាជ្ញាធរក៏ដូចជាជំនាញពាក់ព័ន្ធត្រូវកែប្រែឥរិយាបថ អវិជ្ជមាន មួយចំនួន និងងាកមកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយត្រូវគិតប្រយោជន៍រួម និងផលប្រយោជន៍ប្រជាពលរដ្ឋជាអាទិភាព។
លោក សាយ គឹមឡម អភិបាលស្រុកស្ទោង ក៏បានណែនាំដល់អាជ្ញាធរឃុំពាមបាង ត្រូវអនុវត្តតួនាទីភារកិច្ចនិងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវឱ្យបានឆាប់រហ័ស តម្លាភាព ហើយត្រូវចុះជួបផ្ទាល់ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនិងសិក្សាស្វែងយល់ ដើម្បីទទួលបាននូវព័ត៌មាន តម្រូវការ អាទិភាពជាក់ស្ដែងបំផុត ជាពិសេសបញ្ហាបន្ទាន់នានាដែលប្រជាពលរដ្ឋកំពុងត្រូវការឱ្យជួយបន្ទាន់ ហើយត្រូវតែជួយសម្របសម្រួលដោះស្រាយជូនគាត់ឱ្យបានឆាប់រហ័សនិងប្រសិទ្ធភាពបំផុត ហើយបើអាជ្ញាធរមូលដ្ឋានភូមិឃុំពុំអាចដោះស្រាយបានត្រូវធ្វើរបាយការណ៍ជូនមកថ្នាក់ដឹកនាំស្រុកឬក្រុមការងារ ដើម្បីបានជួយសម្របសម្រួលនិងដោះស្រាយឱ្យបានទាន់ពេលវេលាហើយមានជំនឿជាក់និងទុកចិត្តពីប្រជាពលរដ្ឋគ្របប់គ្នា។
លោក សាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅបំផុតដល់លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងក្រុមការងារដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខមាលភាពជីវភាពប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោង ជាពិសេសឃុំពាងបាងឱ្យកាន់តែប្រសើរឡើងផងដែរ៕