លោក ត្រាំ គ្រោងប្រកាស «ភាពអាសន្នថាមពលជាតិ» ដើម្បីបញ្ចេញថាមពលអាមេរិកដែលមានតម្លៃសមរម្យ

Posted By: RoogRog Robot | 20-Jan-2025 17:11:36

2025-01-21 12:09am

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោងនឹងប្រកាស <<ភាពអាសន្នថាមពលជាតិ>> តាមរយៈបទបញ្ជាប្រតិបត្តិ ដើម្បី <<បញ្ចេញថាមពលអាមេរិក ដែលមានតម្លៃសមរម្យ និងអាចទុកចិត្តបាន>> នេះបើយោងតាម មន្ត្រី ម្នាក់នៅសេតវិមានបានបញ្ជាក់ នៅថ្ងៃចន្ទនេះ។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ដូណាល់ ត្រាំ ដែលធ្លាប់បានលើកឡើងពីពាក្យស្លោក <<ខួង ខួង>> ក្នុងយុទ្ធនាការបោះឆ្នោតរបស់លោក ក៏នឹងចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ មួយទៀត ដោយផ្តោតសំខាន់លើរដ្ឋអាឡាស្កា។ លោកយល់ឃើញថា រដ្ឋនេះ មានសារៈសំខាន់ ចំពោះសន្តិសុខជាតិអាមេរិក ហើយបទបញ្ជាថ្មីនេះអាចនឹង ត្រួសត្រាយផ្លូវ សម្រាប់ការនាំចេញឧស្ម័នធម្មជាតិរាវ (LNG) ទៅកាន់តំបន់ ផ្សេងៗក្នុងសហរដ្ឋអាមេរិក ក៏ដូចជាទៅកាន់បណ្តាប្រទេសសម្ព័ន្ធមិត្ត។

បទបញ្ជាថ្មីនេះនឹងផ្តោតលើការកាត់បន្ថយ <<នីតិវិធីរដ្ឋបាលដ៏ស្មុគស្មាញបន្ទុកហួសហេតុ និងបទប្បញ្ញត្តិដ៏រឹតត្បិត>> ដើម្បីជំរុញផលិតកម្មថាមពលក្នុងស្រុក និងបន្ថយតម្លៃសម្រាប់អ្នកប្រើប្រាស់អាមេរិក នេះបើតាមការបញ្ជាក់ពីមន្ត្រីសេតវិមាន។ រដ្ឋបាលមិនបានកំណត់គោលដៅតម្លៃប្រេងជាក់លាក់នោះទេ ប៉ុន្តែរំពឹងថាគោលនយោបាយនេះ នឹងនាំឱ្យមានការផ្គត់ផ្គង់ថាមពលកាន់តែសម្បូរបែបដែលជាលទ្ធផលនឹងធ្វើឱ្យតម្លៃធ្លាក់ចុះ។

ទាក់ទងនឹងគំនិតផ្តួចផ្តើមសម្រាប់រដ្ឋអាឡាស្កា មន្ត្រីបានបញ្ជាក់ថា លោក ត្រាំ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីបញ្ចេញសក្តានុពលធនធានធម្មជាតិរបស់រដ្ឋនេះ ដោយលើកឡើងពីធនធានដ៏សម្បូរបែប ដូចជាប្រេងនិងឧស្ម័ន អាហារសមុទ្រ ឈើ និងសារធាតុ រ៉ែ សំខាន់ៗ។ ទោះបីជា មិនមានព័ត៌មាន លម្អិតបន្ថែមត្រូវបានផ្តល់ឱ្យក៏ដោយ ក៏មន្ត្រីរូបនោះបានលើកឡើង ថា បទប្បញ្ញត្តិកន្លងមកដោយនាយកដ្ឋានមហាផ្ទៃ និងកសិកម្ម បានរឹតត្បិត ផលិតកម្មរបស់រដ្ឋនេះ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...