(វ៉ាស៊ីនតោន)៖ កម្មវិធី TikTok បានបើកដំណើរការសេវារបស់ខ្លួនឡើងវិញសម្រាប់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី១៩ ខែមករា តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកម្មវិធីដ៏មានប្រជាប្រិយភាពមួយនេះប្រកាសបិទ ដោយសារតែបម្រាមសហព័ន្ធមួយ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថារូបលោកនឹងព្យាយាមបញ្ឈប់តាមរយៈការចេញបទបញ្ជាប្រតិបត្តិមួយនៅថ្ងៃដំបូងដែលលោកចូលស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ ខែមករា។ លោក ត្រាំ បាននិយាយថាលោកមានគម្រោងចេញបទបញ្ជាប្រតិបត្តិមួយ ដើម្បីទុកពេលវេលាបន្ថែមឱ្យ TikTok ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្សចិន ByteDance ស្វែងរកអ្នកទិញយកកម្មវិធីមួយនេះ មុននឹងបម្រាម ចូលជាធរមានទាំងស្រុង។ នៅក្នុងការបង្ហោះមួយរបស់ខ្លួន TikTok ក៏បានបញ្ជាក់ដែរថា <<ដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ TikTok បានត្រឡប់មកវិញនៅក្នុងសហរដ្ឋអាមេរិក>>។
តាមក្រុមហ៊ុន TikTok កម្មវិធីរបស់ខ្លួនបានសម្រេចចិត្តបិទនៅសហរដ្ឋអាមេរិក កាលថ្ងៃសៅរ៍ ទី១៨ ខែមករា ដោយសារតែច្បាប់សហព័ន្ធមួយក្រោមអាណត្តិរបស់លោក ចូ បៃដិន ដែលតម្រូវឱ្យក្រុមហ៊ុន ByteDance លក់ប្រតិបត្តិការរបស់ TikTok នៅសហរដ្ឋអាមេរិក គិតត្រឹមថ្ងៃអាទិត្យ ទី១៩ ខែមករា។ ក្រុមហ៊ុន Google និងក្រុមហ៊ុន Apple ក៏បានលុបចោលកម្មវិធី TikTok ចេញពី App Store ឬ Play store ដែរ។ ច្បាប់នេះដែរត្រូវបានអនុម័តយ៉ាងទូលំទូលាយពីសំណាក់ អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ។
* ហេតុអ្វី TikTok ត្រូវបានឃាមឃាត់នៅសហរដ្ឋអាមេរិក ហើយតើលោក ត្រាំ អាចធ្វើអ្វីបានខ្លះ?ច្បាប់ហាមឃាត់ TikTok នៅសហរដ្ឋអាមេរិកដែលបានចូលជាធរមានកាលពីថ្ងៃអាទិត្យ បានតម្រូវឱ្យក្រុមហ៊ុន ByteDance ផ្ដាច់ទំនាក់ទំនងជាមួយប្រតិបត្តិការ TikTok នៅសហរដ្ឋអាមេរិក ដោយសារបារម្ភពីបញ្ហាសន្តិសុខជាតិ។ តែទោះជាបែបនេះក្ដី ច្បាប់នៅអាមេរិកបានអនុញ្ញាតឱ្យប្រធានាធិបតីកំពុងកាន់អំណាច ពន្យារពេលបាន៩០ថ្ងៃ ប្រសិនបើការលក់ដំណើរការទៅមុខ។ ជាការពិតណាស់ ទោះជាក្រុមអ្នកវិនិយោគផ្ដល់សំណើមួយចំនួនក៏ពិតមែន ក៏ក្រុមហ៊ុន ByteDance មិនព្រមលក់ TikTok នោះដែរ។ ចំណែក លោក ត្រាំវិញបាននិយាយថាបទបញ្ជារបស់លោកនឹងបន្ថែមពេលវេលា មុនច្បាប់ហាមឃាត់ TikTok ចូលជាធរមាន ហើយបានបញ្ជាក់ដែរថានឹងមិនមានក្រុមហ៊ុនណាមួយអាចជួយឱ្យ TikTok រួចផុតពីការបិទប្រតិបត្តិការនៅសហរដ្ឋអាមេរិក មុននឹងបទបញ្ជារបស់ត្រូវបានចេញនោះទេ។ ក៏ប៉ុន្តែ ភ្លាមៗវាមិនទាន់ច្បាស់នោះទេថាតើពាក្យសន្យា ឬសកម្មភាពរបស់លោក ត្រាំ អាចជួយឱ្យ TikTok រួចផុតពីបម្រាមដែរ ឬក៏យ៉ាងណា ខណៈតុលាការកំពូលបានអនុម័តជាឯកច្ឆន្ទលើការរក្សាទុកជាបានការនូវបម្រាមកាលពីថ្ងៃសុក្រកន្លងទៅ ព្រមទាំងច្បាប់ដែលបានចូលជាធរមានរួចទៅហើយនោះ មុនថ្ងៃលោក ត្រាំ ស្បថចូលកាន់តំណែងទៅទៀត។
លោក Mike Gallagher ជាអ្នកតំណាងរាស្ត្រអាមេរិកមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Wisconsin បានប្រាប់ទូរទស្សន៍ Fox News កាលពីថ្ងៃអាទិត្យថា <<វានឹងមិនមានឡើយការបន្ថែមពេលវេលា សម្រាប់ TikTok>>។ <<ទុកឱ្យខ្ញុំប្រាប់អ្នក នោះគឺថាក្នុងនាមជាអ្នកតាក់តែងច្បាប់ម្នាក់ ការពន្យារពេលគឺមានរយៈពេល ២៧៩ថ្ងៃ ដែលត្រូវបានបញ្ចប់កាលពីវេលាម៉ោង ១២៖០១នាទីរំលងអាធ្រាត្រឈានចូលថ្ងៃអាទិត្យ>>។ នេះជាការបញ្ជាក់របសលោក Gallagher ដោយបន្ថែមថា លុះត្រាតែប្រធានាធិបតីអាចបញ្ជាក់បានថាមានឯកសារស្របច្បាប់ដែលបង្ហាញថាការលក់កំពុងដំណើរការទៅមុខ នោះទើបវាអាចមានការពន្យារពេលបន្ថែម។ នៅត្រង់ចំណុចនេះដែរ លោក Carl Tobias ជាសាស្ត្រាចារ្យច្បាប់មកពី សាកលវិទ្យាល័យ Richmond បាននិយាយថាលោកផ្ទាល់គិតថាលោក ត្រាំ អាចនឹងធ្វើការអះអាងមួយថានិយមន័យបែបនេះគឺមានន័យស្មើនឹងគ្របដណ្ដប់លើប្រធានាធិបតីទាំងអស់។
តែសម្រាប់អ្នកជំនាញផ្នែកច្បាប់ និងរដ្ឋធម្មនុញ្ញ ដូចជាលោក Kirk McGill បាននិយាយថាលោក ត្រាំខ្វះខាតសិទ្ធិអំណាចស្របច្បាប់ ដើម្បីព្យួរ ឬផ្អាកបម្រាម។ ប៉ុន្តែវាទំនងជានឹងមិនមែនជាបញ្ហាដែលត្រូវឈានដល់តុលាការក្នុងពេលដែលគេ អាចរកបានអ្នកទិញយក TikTok នោះទេ។ មិនតែប៉ុណ្ណោះ វាក៏មិនទំនងនោះដែរដែល Apple ឬ Google នឹងត្រូវប្រឈមមុខនឹងផលវិបាកផ្លូវច្បាប់ ប្រសិនបើពួកគេធ្វើតាមការទាមទាររបស់លោក ត្រាំ ដោយសារតែរដ្ឋបាលថ្មីរបស់លោក ត្រាំ ជាអ្នកអនុវត្តច្បាប់ស្រាប់ផងនោះ។ នេះជាការយល់ឃើញរបស់លោក McGill។ អ្នកជំនាញរូបនេះបន្តថា <<នៅសប្ដាហ៍បន្ទាប់ ឬ២សប្ដាហ៍ទៀត ពោលគឺមុននឹងតុលាការមានឱកាសធ្វើអ្វីៗគ្រប់យ៉ាង ប្រាកដណាស់ វាអាចនឹងក្លាយជាការតស៊ូ ខាងនយោបាយផងដែរ មិនមែនត្រឹមតែតាមផ្លូវច្បាប់ប៉ុណ្ណោះទេ។
* TikTok គ្រាន់តែបិទជាបណ្ដោះអាសន្ន ឬ?ការបិទ ហើយបើកដំណើរការ TikTok ឡើងវិញនៅសហរដ្ឋអាមេរិក កើតមានឡើងក្រោយតុលាការកំពូលអាមេរិករកឃើញថាហានិភ័យដល់សន្តិសុខជាតិដែលបង្កឡើងដោយ TikTok ដោយសារតែទំនាក់ទំនងជាមួយចិន គឺមានវិសាលភាពធំ ជាងការរឹតត្បិតសេរីភាពបញ្ចេញមតិនៅលើកម្មវិធីមួយនេះដែលមានប្រជាជនអាមេរិកប្រើប្រាស់ជាង ១៧០លាននាក់។ នៅពេលអ្នកប្រើប្រាស់ TikTok នៅក្នុងសហរដ្ឋអាមេរិកព្យាយាមចូលមើល ឬបង្ហោះវីដេអូរបស់ខ្លួនលើកម្មវិធីនេះកាលពី យប់ថ្ងៃសៅរ៍ ពួកគេបានឃើញសារលោតឡើងថា <<សូមអភ័យទោស TikTok មិនមានទៀតទេនៅពេលនេះ>>។ <<ច្បាប់មួយដែលហាមប្រាម TikTok បានចូលជាធរមាននៅសហរដ្ឋអាមេរិក។ ជាអកុសលវាមានន័យថាអ្នកមិនអាចប្រើប្រាស់ TikTok បានទៀតទេក្នុងពេលនេះ>>។ នេះជាការបញ្ជាក់របស់ TikTok។ TikTok ត្រូវបានលុបចេញពី App Store នៅសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ ហើយការលុបចោលនេះនៅតែមានរហូតដល់រសៀលថ្ងៃអាទិត្យ។ ក្រុមហ៊ុន Apple បានប្រាប់ អតិថិជនរបស់ខ្លួនថាខាងក្រុមហ៊ុនក៏បានលុបចោលកម្មវិធីមួយចំនួនផ្សេងទៀតដែលអភិវឌ្ឍដោយក្រុមហ៊ុន ByteDance ផងដែរ ក្នុងនោះរួមមានកម្មវិធី Lemon8 ដែលអ្នកលេងបណ្ដាញសង្គមល្បីៗមួយចំនួនបានផ្សព្វផ្សាយថាអាចលេងជំនួស TikTok បាន រួមទាំងកម្មវិធី CapCut និង Hypic ជាដើម។ ដោយឡែក ក្រុមហ៊ុន Google បានបដិសេធធ្វើអត្ថាធិប្បាយ។ ក្រុមអ្នកជំនាញបានលើកឡើងថាច្បាប់ដែលបានអនុម័តរួចទៅហើយ គឺមិនបានតម្រូវឱ្យ TikTok បិទកម្មវិធីរបស់ខ្លួន នោះទេ គឺគ្រាន់តែត្រូវបានលុបចោលចេញពី app stores ខណៈអ្នកប្រើប្រាស់បច្ចុប្បន្នសង្ឃឹមថាពួកគេអាចនឹងបន្តចូលប្រើ TikTok រហូតទាល់តែគ្មានការធ្វើបច្ចប្បន្នភាព ឬ updates ដែលធ្វើឱ្យកម្មវិធីឈប់ដំណើរការ។
* តើពេលវេលានៃបម្រាមអាចជួយ TikTok ឬ?ផែនការរបស់លោក ដូណាល់ ត្រាំ ដើម្បីទុកពេលឱ្យ TikTok នៅចំថ្ងៃដំបូងនៃការស្បថចូលកាន់តំណែងរបស់លោក បានឆ្លុះបញ្ចាំងពីភាពចៃដន្យនៃពេលវេលានៃបម្រាម និងផលប្រយោជន៍នយោបាយ ពាក់ព័ន្ធនឹងបណ្ដាញទំនាក់ទំនងសង្គម ដ៏មានប្រជាប្រិយភាពដូចជា TikTok។ កាលពីអំឡុងអាណត្តិទី១ជាប្រធានាធិបតី លោក ត្រាំ កាលពីឆ្នាំ២០២០ បានចេញបញ្ជាប្រតិបត្តិមួយដើម្បីហាមប្រាមទំនាក់ទំនងជាមួយក្រុមហ៊ុន ByteDance និងក្រុមហ៊ុនដែលជាម្ចាស់កម្មវិធី WeChat។ តែបទបញ្ជានេះត្រូវបានរាំងខ្ទប់ភ្លាមៗដោយតុលាការ។ ចាប់តាំងពីពេលនោះមក លោក ត្រាំ បែរជាងាកមកកោតសរសើរ និងប្រើ TikTok ទៅវិញ ដោយជួយឱ្យរូបលោកទទួលបានការគាំទ្រពីអ្នកបោះឆ្នោតវ័យក្មេងនៅក្នុងការបោះឆ្នោត ប្រធានាធិបតីកាលពីឆ្នាំ២០២៤។ CEO TikTok លោក Shou Chew ត្រូវបានរំពឹងថានឹងចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិករបស់លោក ត្រាំ ដោយត្រូវអង្គុយនៅទីតាំងដ៏សំខាន់ទៀតផង។ ក្រៅពីនេះ លោក Michael Waltz ដែលត្រូវបានលោក ត្រាំ តែងតាំងជាទីប្រឹក្សាសន្តិសុខជាតិអាមេរិកបានប្រាប់ CBS News កាលពីថ្ងៃអាទិត្យថាលោកប្រធានាធិបតីជាប់ឆ្នោតបានពិភាក្សាពី TikTok អំឡុងកិច្ចសន្ទនាតាមទូរស័ព្ទមួយជាមួយលោកប្រធានាធិបតីចិន ស៊ី ជីនពីង ហើយថាមេដឹកនាំទាំង២ បានយល់ព្រមធ្វើការងាររួមគ្នាលើបញ្ហា TikTok។ រដ្ឋបាលលោក ចូ បៃដិន កាលពីប៉ុន្មានថ្ងៃថ្មីៗនេះក៏បានសង្កត់ធ្ងន់ដែរថាខ្លួនមិនមានចេតនាដើម្បីអនុវត្តបម្រាមលើ TikTok មុននឹងលោក ត្រាំ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករានោះឡើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ByteDance បានអះអាងជាសាធារណៈជារឿយៗថាខ្លួននឹងមិនលក់ TikTok ទេ ហើយក៏គ្មានអ្នកទិញទំនងណាមួយលេចមុខឡើងនោះដែរ។ កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុន Perplexity AI បានដាក់សំណើទៅកាន់ក្រុមហ៊ុន ByteDance ដើម្បីបង្កើតកម្មវិធីថ្មីមួយដែលមានការរួមផ្សំគ្នារវាងក្រុមហ៊ុន Perplexity ជាមួយប្រតិបត្តិការ TikTok នៅសហរដ្ឋអាមេរិក។ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ក្រុមអ្នកតំណាងរាស្ត្រ និងក្រុមមន្ត្រីអាមេរិកបានព្រមានជាយូរមកហើយថាចិនអាច នឹងប្រើឥទ្ធិពលរបស់ខ្លួនតាមរយៈ TikTok។ តែមកទល់សព្វថ្ងៃ សហរដ្ឋអាមេរិកមិនបានចេញផ្សាយជាសាធារណៈនូវភស្តុតាងបង្ហាញថា TikTok បានផ្ដល់ទិន្នន័យអ្នកប្រើប្រាស់ទៅឱ្យអាជ្ញាធរចិននោះទេ។ ម្យ៉ាងវិញទៀត អ្វីដែលគេមិនច្បាស់នោះគឺ ថាតើលោក ត្រាំ នឹងបន្តនៅតែជា Fan របស់ TikTok ដែរឬក៏យ៉ាងណា? ពីព្រោះថាកន្លងមកលោកជាអ្នកស្នើឱ្យអាមេរិកបិទ TikTok តែឥលូវលោកបែរជាចង់ឱ្យ TikTok បន្តដំណើរការទៅវិញ។ ដូច្នេះគេមិនអាចធានាបានឡើយថាលោក ត្រាំ នឹងមិនប្ដូរចិត្តរបស់គាត់៕