រដ្ឋមន្ត្រី នេត្រ ភក្ត្រា កោតសរសើរមន្ត្រីក្រសួងព័ត៌មាន ដែលរួមគ្នាជ្រោងទង់សាមគ្គី ដើម្បីបុព្វហេតុរួមនៃវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា

Posted By: RoogRog Robot | 20-Jan-2025 14:25:12

2025-01-20 09:18pm

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានកោតសរសើរថា នៅក្នុងរយៈពេល ១ឆ្នាំមកនេះថ្នាក់ដឹកនាំ និងអស់លោក លោកស្រី ជាមន្ត្រីរាជការក្រសួងព័ត៌មាន និងថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីទាំងអស់នៅតាមបណ្តាមន្ទីរព័ត៌មាន រាជធានី ខេត្ត បានរួមសហការសាមគ្គីគ្នាខិតខំប្រឹងប្រែងបំពេញនូវរាល់កិច្ចការងារតាមផ្នែក និងជំនាញនីមួយៗក្នុងបុព្វហេតុរួម ដើម្បីប្រយោជន៍រួម ស្ថិតនៅក្រោមដំបូល <<ក្រសួងព័ត៌មាន>> ក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាននិងសោតទស្សន៍នៅកម្ពុជា កាន់តែមានភាពរឹងមាំជាលំដាប់។

ការកោតសរសើរបែបនេះរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នាសាលចតុម្មុខមង្គលទីស្តីការក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីលោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ទទួលបន្ទុកជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ តាមបណ្តាក្រសួង ស្ថាប័ន អភិបាលរងខេត្ត ទទួលបន្ទុកការងារព័ត៌មាន រួមទាំងមន្ត្រីរាជការក្រសួងព័ត៌មាន ចូលរួមជាង ៧០០នាក់។

នាឱកាសកាសនោះដែរ រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានចាត់ទុកកិច្ចខិតខំប្រឹងប្រែងរួមគ្នាទាំងថ្នាក់ដឹកនាំក្រសួង មន្ត្រីរាជការទាំងអស់នៃក្រសួងព័ត៌មាន ពេញ១ឆ្នាំនេះ គឺទទួលបានលទ្ធផលជាផ្លាផ្កា និងបានដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងកិច្ចការងារពង្រឹងសណ្តាប់ធ្នាប់សារព័ត៌មាន សន្តិសុខព័ត៌មាន ការផ្តល់នូវសុវត្ថិភាព និងគុណភាពព័ត៌មានជូនដល់សាធារណជន។

រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត គិតរហូតមកដល់ពេលនេះមានរយៈពេល ១៧ខែ ដែលជាដំណើរការងារក្នុងការដឹកនាំប្រទេសបន្តវេនពីថ្នាក់ដឹកនាំជំនាន់មុនដែលនៅតែបន្តផ្តល់នូវអនុសាសន៍ ជួយចង្អុលបង្ហាញតម្រង់ទិសដល់ថ្នាក់ដឹកនាំជំនាន់ក្រោយនេះ ដើម្បីធានាថានាវារបស់កម្ពុជាដែលដឹកនាំប្រជាជនជាង ១៧លាននាក់ គឺប្រកបទៅដោយដំណើរដ៏ត្រឹមត្រូវ ហើយធានានូវអ្វីដែលជាគោលដៅសំខាន់ និងគោលបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ គឺការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា នៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្នុងរយៈពេល ១ឆ្នាំនេះ បានឆ្លងកាត់ការលំបាកៗជាច្រើនចំពោះមុខនៃស្ថានភាពប្រែប្រួលនាពេលបច្ចុប្បន្ន ជាពិសេសការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មី និងបញ្ញាសិប្បនិមិត្ត ដែលចាំបាច់ត្រូវបន្ស៊ាំខ្លួននឹងការផ្លាស់ប្តូរស្ថានភាព ទាំងផ្នែកយុទ្ធសាស្ត្រ និងយុទ្ធវិធីគ្រប់ពេលវេលាទាំងអស់។ ក្រសួងព័ត៌មាន សម្រេចបាននូវសមិទ្ធផលធំៗ ជាច្រើនដែលបានឆ្លើយតបទៅនឹងតម្រូវការ និងស្ថានភាពជាក់ស្តែង ដើម្បីអភិវឌ្ឍវិស័យព័ត៌មាន និងសោតទស្សន៍ ឱ្យកាន់តែមានការរីកចម្រើនថែមទៀត និងដើរទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ ជាជំហានបន្តទៀតការពង្រឹងសមត្ថភាពមន្ត្រីប្រកបដោយគុណភាព គឺជាកត្តាចាំបាច់បំផុត សម្រាប់បម្រើឱ្យវិស័យព័ត៌មាន នៅក្នុងដំណាក់កាលរីកចម្រើននៃការវិវត្តន៍នៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនេះ ក្នុងនោះគុណភាពព័ត៌មានត្រូវតែយកចិត្តទុកដាក់ជាចាំបាច់បំផុត។ ជាមួយក៏បានប្រឹងប្រែងពង្រឹងតូនាទីរបស់ក្រសួងព័ត៌មាន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលទៅការគ្រប់គ្រងព័ត៌មាន និងសាធារណមតិ ហើយផ្តល់នូវតូនាទីគាំទ្រ ទៅក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងកិច្ចការសាធារណៈ។

លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកនូវអនុសាសន៍ផ្តាំផ្ញើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំមកក្រសួងព័ត៌មានឱ្យប្រើប្រាស់មន្ទីរព័ត៌មាន ឱ្យលើសពីស្ថាប័ន ឬអង្គភាពទៅយកព័ត៌មានហើយផ្សាយព័ត៌មាន។ លោកក៏លើកទឹកចិត្តបន្ថែមទៀតទៅដល់ក្រសួងស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បង្កើនការផ្សព្វផ្សាយ ហើយប្រព័ន្ធផ្សព្វផ្សាយជាតិធំ វិទ្យុ ទូរទស្សន៍ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង App ក្រសួងព័ត៌មាន រួមទាំងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតដែលមាន ជួយពង្រីកការផ្សព្វផ្សាយដើម្បីផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋ បានលឿនទាន់ពេលវេលា ជាព័ត៌មានពិត ត្រឹមត្រូវ និងមានសុវត្ថិភាព។

តាមរយៈរបាយការណ៍លើកឡើងដោយ លោកស្រី ជា ស៊ុនដាណែត រដ្ឋលេខាប្រចាំការក្រសួងព័ត៌មាន បានបង្ហាញឱ្យឃើញថាពេញមួយឆ្នាំ២០២៤កន្លងទៅនេះ មន្រ្តីរាជការនៅគ្រប់អគ្គនាយកដ្ឋានជំនាញទាំង៥ និងអង្គភាពចំណុះរបស់ក្រសួងព័ត៌មាន បានពង្រឹងតួនាទីក្នុងនាមជាអ្នកបម្រើក្នុងវិស័យសាធារណៈប្រកប ដោយវិជ្ជាជីវៈខ្ពស់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ក្នុងបរិបទបរិវត្តកម្មឌីជីថល។ ដោយមានការចង្អុលបង្ហាញច្បាស់លាស់ប្រកបដោយវិធីសាស្រ្ត យុទ្ធសាស្ត្រ និងទស្សនវិស័យថ្មីរបស់លោករដ្ឋមន្រ្តី នេត្រ ភក្រ្តា បានធ្វើទំនើបកម្មស្ថាប័ន ជាមួយឥរិយាបថប្រតិបត្តិករគ្រប់តួអង្គ ដោយប្រកាន់យក នវានុវត្តន៍ឌីជីថ លូបនីយកម្ម ដើម្បីដើរឱ្យស្របទៅនឹងកំណើន នៃប្រព័ន្ធផ្សព្វផ្សាយបែបថ្មី New Media និងបញ្ញាសិប្បនិម្មិត ព្រមទាំងការខិតខំជម្នះរាល់បញ្ហាប្រឈមដើម្បីធ្វើឱ្យសម្រេចផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ២០២៤-២០២៨ ដែលក្រសួងព័ត៌មានបានដាក់ចុះ ដើរស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕
























News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...