(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន អាតធីវើស្ស (ខេមបូឌា) ឯ.ក (ARTIVERSE (CAMBODIA) CO., LTD.) ស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មិនអនុវត្តតាមច្បាប់ស្តីពីការងារ ដោយបានអនុវត្តការឈប់សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួលមិន បានត្រឹមត្រូវជូនបងប្អូនកម្មករនិយោជិត ដែលបង្កើតជាបញ្ហាវិវាទការងារ កាលពីព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។
អនុលោមតាមច្បាប់ស្តីពីការងារ មាត្រា១៦៦ មាត្រា៣៦៣ថ្មី និងមាត្រា៣៨៣ អធិការការងារបានចាត់វិធាន ការយ៉ាងម៉ឺងម៉ាត់ ដោយបានធ្វើការផាកពិន័យជាប្រាក់ចំពោះក្រុមហ៊ុននេះ ចំនួន ១៦ ៨០០ ០០០ (ដប់ប្រាំមួយលាន ប្រាំបីរយពាន់គត់) រៀល ដើម្បីបង្ការជាដាច់ខាតនូវការអនុវត្តមិនត្រូវទាំងនេះ។
ទន្ទឹមនឹងនេះ ក្រសួងសូមក្រើនរម្លឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានផ្សេងទៀត ត្រូវអនុវត្តការឈប់ សម្រាកប្រចាំឆ្នាំដោយមានប្រាក់ឈ្នួល ប្រាក់បំណាច់អតីតភាពការងារ និង/ឬប្រាក់បំណាច់ផ្សេងៗជូនកម្មករនិយោជិត ឱ្យបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ក្នុងករណីមានការខកខាន ឬគណនាមិនបានត្រឹមត្រូវ ដែលនាំឱ្យមានវិវាទការងារ អធិការការងារនឹងចាត់វិធានការផាកពិន័យយ៉ាងតឹងរ៉ឹងតាមច្បាប់ជាធរមាន៕