(ស្វាយរៀង)៖ សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់នូវឧប្បដ្ឋានសាលា កុដ្ឋ និងសមិទ្ធផលនានាដែលមានតម្លៃជាង៥៥ម៉ឺនដុល្លារ នៅក្នុងវត្តទង់មាស ស្ថិតក្នុងឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង។
ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជាទូទាំងប្រទេស។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងអំណរគុណដល់ព្រះសង្ឃ សប្បុរសជន និងពុទ្ធបរិស័ទទាំងអស់ ដែលបានរួមសាមគ្គីគ្នាកសាង ឧប្បដ្ឋាន សាលា កុដិ និងចាក់សាបក្នុងទីធ្លាវត្ត សមិទ្ធផលនៅក្នុងវត្តនាពេលនេះ សរុបថវិកាសាងសង់អស់ ៥៥៥,៧០០ដុល្លារ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលទទួលបានដោយសារការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុវត្តនូវនយោបាយឈ្នះឈ្នះ។
សម្តេចបានបន្តថា ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍផ្សេងៗ ក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទមួយរូបៗ គ្មានលទ្ធភាពបង្ករបង្កើនចំណូល យកមកចូលបច្ច័យដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ចំណែកព្រះសង្ឃក៏គ្មានចង្ហាន់គ្រប់គ្រាន់នោះដែរ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា៖ <<ដោយសារសន្តិភាពពេញលេញ ទើបយើងទាំងអស់គ្នាអាចប្រារព្ធពិធីសាសនាតាមជំនឿរៀងៗខ្លួន និងអាចជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់>>។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានណែនាំប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមថែរក្សាសមិទ្ធផលដែលបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះឱ្យបាននៅគង់វង្សស្ថិតស្ថេរ ដើម្បីជាការចូលរួមចំណែកក្នុងការការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា៕