(ហ៊្សេរុយសាឡិម)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃសៅរ៍ ទី១៨ ខែមករា ថា អ៉ីស្រាអែលរក្សាសិទ្ធិដើម្បីបន្តសង្រ្គាមឡើងវិញ នៅតំបន់ហ្កាហ្សា និងក្រោមការគាំទ្រពីសហរដ្ឋអាមេរិក ស្របពេលដែលលោកប្តេជ្ញានាំយក ចំណាប់ខ្មាំងនៅសេសសល់ទាំងអស់ ដែលបន្តជាប់ឃុំឃាំងក្នុងដែនដីប៉ាឡេស្ទីននោះ ត្រឡប់មកផ្ទះវិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥។
លោក Netanyahu បាននិយាយដូច្នេះថា <<យើងរក្សាសិទ្ធិដើម្បីបន្តសង្រ្គាមឡើងវិញ ប្រសិនបើចាំបាច់ ហើយក្រោមការគាំទ្រពីអាមេរិក។ ខ្ញុំសន្យាថា យើងនឹងសម្រេចគោលដៅទាំងអស់ របស់យើង ហើយនាំចំណាប់ខ្មាំងទាំងអស់ត្រឡប់មកវិញ។ នៅក្រោមកិច្ចព្រមព្រៀងនេះ យើងនឹងទទួលបានចំណាប់ខ្មាំងចំនួន៣៣នាក់ ភាគច្រើននៅមានជីវិត។ ប្រសិនបើពួកយើង ត្រូវបង្ខំឱ្យបន្តសង្រ្គាមឡើងវិញនោះ យើងនឹងធ្វើយ៉ាងដូច្នោះដោយមិនបន្ធូរដៃឡើយ ខណៈអ៉ីស្រាអែលបានកែប្រែតំបន់មជ្ឈិមបូព៌ាទាំងមូល ចាប់តាំងពីសង្រ្គាមហ្កាហ្សា បានចាប់ផ្តើម>>។
គួរបញ្ជាក់ថា បទឈប់បាញ់រវាងអ៉ីស្រាអែល និងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា នឹងចូលជាធរមាននៅម៉ោង៨៖៣០នាទីព្រឹក ថ្ងៃអាទិត្យនេះ (ម៉ោងក្នុងតំបន់)។ ក្រោមបទឈប់បាញ់នោះ ដែលលោក Netanyahu ហៅថា ជាបទឈប់បាញ់បណ្តោះអាសន្ន នឹងមានការផ្អាកប្រយុទ្ធគ្នាក្នុងដំណាក់កាលដំបូង រយៈពេល៤២ថ្ងៃ ហើយមានការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែល ពីហ្កាហ្សា និងការដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលស្ថិតក្រោមការឃុំឃាំងរបស់អ៉ីស្រាអែល៕