(ភ្នំពេញ)៖ សូមអបអរសាទរ! អាវជម្រើសជាតិបាល់ទាត់កម្ពុជាម៉ាក Varaman (វរ្ម័ន) ត្រូវបានបោះឆ្នោតជាប់លេខ១ល្អជាងគេប្រចាំឆ្នាំ២០២៤ នៅប្រទេសអង់គ្លេស ក្នុងកម្មវិធី Shirt of the Year។ នេះបើយោងតាមការប្រកាសឲ្យដឹងពីនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News, នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានចាត់ទុកថា <<នេះជាដំណឹងមួយគួរឲ្យភ្ញាក់ផ្អើល និងជាមោទកភាពសម្រាប់ជាតិខ្មែរទាំងមូល ដែលសមិទ្ធិផលរបស់កូនខ្មែរ ត្រូវបានអន្តរជាតិទទួលស្គាល់ ដែលជាកិត្តិយស និងលើកមុខមាត់ខ្មែរយើងកាន់តែខ្លាំងលើទៅកាន់ពិភពលោក>>។
នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងដោយមោទកភាពយ៉ាងដូច្នេះថា <<នេះជាព័ត៌មានល្អដែលយើងត្រូវជំរុញការផ្សព្វផ្សាយ។ នេះជារឿងមួយដែលពាក់ព័ន្ធនឹងកេរ្តិ៍ឈ្មោះប្រទេសផង និងទេសចរណ៍ផង ឲ្យគេស្គាល់ប្រទេសកម្ពុជាយើងតាមរយះផលិតផល ជាស្នាដៃរបស់កូនខ្មែរ និងជាមរតក វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើងផង ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងយុគសម័យសន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត>>៕