(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមសូមអបអរសាទរ កញ្ញា ហ៊ុត ម៉ីឡាង និស្សិតនៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (American University of Phnom Penh - AUPP) និងជាអតីតជ័យលាភី Huaweis Seed's for the Future កម្ពុជាឆ្នាំ២០២៤ ដែលត្រូវបានជ្រើសរើសជា ទូតសុឆន្ទៈពិភពលោក (Global Ambassador) នៃតំបន់អាស៊ីប៉ាស៊ីហ្វិក បន្ទាប់ពីបានឆ្លងកាត់ការប្រកួតប្រជែង ដែលមានការវាយតម្លៃយ៉ាងម៉ត់ចត់ និងឈានដល់ការប្រកួតប្រជែងវគ្គផ្តាច់ព្រ័ត្រជាមួយបេក្ខជន មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
កញ្ញា ហ៊ុត ម៉ីឡាង ត្រូវបានប្រកាសជា ទូតសុឆន្ទៈពិភពលោក មួយរូប ក្នុងចំណោម ១២ រូប មកពីតំបន់នានាជុំវិញពិភពលោក សម្រាប់ឆ្នាំ២០២៥។
ក្នុងតួនាទីជា ទូតសុឆន្ទៈពិភពលោក នេះ កញ្ញា ហ៊ុត ម៉ីឡាង មានបេសកកម្មជាតំណាងយុវជនតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការដឹកនាំនិងចូលរួមកិច្ចការសហគមន៍ ចែករំលែកចំណេះដឹងក្នុងព្រឹត្តិការណ៍ឬវេទិកាអន្តរជាតិ និងជំរុញទំនាក់ទំនងជាមួយតំបន់នានា ដើម្បីបញ្ជ្រាបការធ្វើបរិវត្តកម្មឌីជីថលលើពិភពលោក។
កញ្ញា ហ៊ុត ម៉ីឡាង ជាអតីតសិស្សនិទ្ទេស A នៃឆ្នាំសិក្សា ២០២២ ហើយបានទទួលអាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ។ កញ្ញា ហ៊ុត ម៉ីឡាង ធ្លាប់បានចូលរួមកិច្ចការសង្គម កម្មវិធីបណ្ដុះបណ្ដាល និងកម្មវិធីប្រកួតប្រជែងជាច្រើនតាំងពីកម្រិតវិទ្យាល័យមកទល់នឹងបច្ចុប្បន្ន រួមមាន មេដាយមាស កម្រិតមធ្យមសិក្សាទុតិយភូមិ ក្នុងការប្រកួតប្រជែងផ្នែកផែនដីវិទ្យាឆ្នាំ២០២១ រៀបចំដោយ ក្លឹបធរណីវិទ្យាកម្ពុជា និងជ័យលាភីលេខ១ ក្នុងការប្រកួត Faulkner Challenge Championship ឆ្នាំ២០២៤ រៀបចំដោយសាកលវិទ្យាល័យរដ្ឋហ្វតហេយស៍ (Fort Hays State University) របស់សហរដ្ឋអាម៉េរិក ជាដើម។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ សូមជូនពរ កញ្ញា ហ៊ុត ម៉ីឡាង សូមទទួលជោគជ័យក្នុងភារកិច្ច និងការចូលរួមបង្ហាញទៅកាន់ពិភពលោក អំពីទេពកោសល្យ និងសមត្ថភាពក្នុងវិស័យឌីជីថលរបស់យុវជនកម្ពុជា ដើម្បីក្លាយទៅជាគំរូដល់យុវជនកម្ពុជាគ្រប់រូប៕