ហ្ស៊កដានី និងស៊ីរី បង្កើតគណៈកម្មាធិការសន្តិសុខរួម ដើម្បីទប់ស្កាត់ការរត់ពន្ធអាវុធ គ្រឿងញៀន និងភេរវកម្ម

Posted By: RoogRog Robot | 07-Jan-2025 20:50:21

2025-01-07 08:46pm

(អាំម៉ាន់)៖ ហ្ស៊កដានី និងស៊ីរី បានព្រមព្រៀងគ្នាបង្កើតគណៈកម្មាធិការសន្តិសុខរួមមួយ ដើម្បីការពារព្រំដែនរួម ក្នុងការទប់ស្កាត់ការរត់ពន្ធអាវុធនិងគ្រឿងញៀន ព្រមទាំងសហការគ្នាទប់ស្កាត់ការងើបឡើងវិញនៃក្រុមរដ្ឋអ៊ីស្លាម (ISIS) នេះបើយោងតាមការប្រកាសរបស់រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី ដែលត្រូវបានចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

មន្ត្រីប្រឆាំងគ្រឿងញៀនលោកខាងលិច បានលើកឡើងថា សារធាតុរំញោចប្រភេទអាំហ្វេតាមីន ដែលត្រូវបានគេស្គាល់ថា captagon កំពុងត្រូវបានផលិតយ៉ាងច្រើននៅក្នុងប្រទេសស៊ីរី ហើយហ្ស៊កដានីគឺជាច្រករបៀងសំខាន់ សម្រាប់ការបញ្ជូនសារធាតុញៀនទាំងនេះ ទៅកាន់បណ្តារដ្ឋនៅឈូងសមុទ្រដែលសម្បូរប្រេង។

កន្លងមក កងទ័ពរបស់ហ្ស៊កដានី បានធ្វើការវាយប្រហារតាមអាកាសជាច្រើនលើក នៅក្នុងប្រទេសស៊ីរី ចាប់តាំងពីឆ្នាំ ២០២៣ ដោយកំណត់គោលដៅលើក្រុមជីវពល ដែលអាជ្ញាធរហ្ស៊កដានីចោទប្រកាន់ថា មានជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។

ក្នុងសន្និសីទសារព័ត៌មានរួម ជាមួយរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Asaad Hassan al-Shibani រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានបញ្ជាក់យ៉ាងដូច្នេះថា <<យើងបានពិភាក្សាគ្នាអំពីការធានាព្រំដែន ជាពិសេសការគំរាមកំហែងនៃការរត់ពន្ធអាវុធ និងគ្រឿងញៀន និងការកើតឡើងវិញនៃរដ្ឋអ៊ីស្លាម>>។

លោក Shibani ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងអាំម៉ាន់ បន្ទាប់ពីបានធ្វើទស្សនកិច្ចនៅប្រទេសកាតា និងអារ៉ាប់រួម បានអះអាងចំពោះលោក Safadi ថា ការរត់ពន្ធគ្រឿងញៀន នឹងលែងជាការគំរាមកំហែងដល់ប្រទេសហ្ស៊កដានីទៀតហើយ ក្រោមការគ្រប់គ្រងរបស់រដ្ឋអ៊ីស្លាមថ្មីរបស់ប្រទេសស៊ីរី៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...