គណៈកម្មការទី៤ រដ្ឋសភា ចុះសំណេះសំណាលកម្លាំងវិស្វកម្ម ឈរជើងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី

Posted By: RoogRog Robot | 04-Jan-2025 09:54:46

2025-01-04 04:51pm

(រតនគិរី)៖ គណៈកម្មការទី៤ នៃរដ្ឋសភា ដឹកនាំដោយលោក កែប ជុតិមា ប្រធានគណៈកម្មការ និងលោកស្រី នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូអញ្ជើញចុះសំណេះសំណាលជាមួយកងកម្លាំងវិស្វកម្ម នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើងកសាងស្ថាបនាផ្លូវតាមក្រវាត់ព្រំដែនកម្ពុជា-វៀតណាមក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស ខេត្តរតនគិរី។

ថ្លែងក្នុងឱកាសនោះ លោកកែប ជុតិមា បានលើកឡើងថា រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខមានឆន្ទៈ មុះមុត និងផែនការច្បាស់លាស់ក្នុងការ កសាងផ្លូវក្រវាត់ព្រំដែនឲ្យបានរួចរាល់ចប់សព្វគ្រប់ ពីព្រោះផ្លូវក្រវាត់ព្រំដែននេះមានសារៈសំខាន់ណាស់។

លោកបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានអះអាងសារជាថ្មី នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការ បញ្ចប់ការកសាងផ្លូវក្រវាត់ព្រំដែនដែលជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ យុទ្ធសាស្ត្រ ក្នុងគោលបំណង ពង្រឹងបូរណភាពទឹកដី និងជំរុញការអភិវឌ្ឍន៍ក្នុងតំបន់។ គំនិតផ្តួចផ្តើមនេះ ទទួលថវិកាពីមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដែលបាន ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការការពារ អធិបតេយ្យភាពជាតិ និងបង្កើតឱកាសសម្រាប់ធ្វើឲ្យមានកំណើនសេដ្ឋកិច្ច នៅក្នុងតំបន់ព្រំដែនដាច់ស្រយាល។

លោក កែប ជុតិមា បានបន្តថា ផ្លូវក្រវាត់ព្រំដែន គឺជារបងការពារដ៏សំខាន់មួយទៀតសម្រាប់ បូរណភាពទឹកដី អធិប្បតេយ្យជាតិ កម្ពុជា ដែលមិនមាននរណា អាចរំកិលបាន។ ច្បាស់ណាស់ថា ពេលណាមានផ្លូវទីនេះប្រាកដជាមានការអភិវឌ្ឍ ប្រជាពលរដ្ឋអាចទៅតាំងទីលំនៅដ្ឋាននៅទីនេះ ដែលនឹងមានហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ដូចជា សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ផ្សារ ដែលក្លាយជាតំបន់អភិវឌ្ឍន៍ ពីព្រោះគោលដៅរបស់រាជរដ្ឋាភិបាល គឺកសាងខ្សែបន្ទាត់ព្រំដែនឲ្យទៅជាព្រំដែន សន្ដិភាព មិត្ដភាព សហប្រតិបត្ដិការ និងការអភិវឌ្ឍ។

លោកបញ្ជាក់ថា នេះជាយុទ្ធសាស្ដ្រការពារទឹកដីរបស់រាជរដ្ឋាភិបាល ដែលដាក់ចេញតាំងពី ជំនាន់សម្ដេចតេជោ និងកំពុងតែអភិវឌ្ឍន៍គោលការណ៍នេះបន្ដទៀតដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ លោកក៏បានថ្លែងកោតសរសើរដល់កងកម្លាំងវិស្វកម្ម ដែលបានខិតខំពុះពារគ្រប់ឧបសគ្គ ដើម្បីសម្រេចអោយបាននូវការស្ថាបនាផ្លូវ ជាយុទ្ធសាស្ត្រនេះប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

ប្រតិភូគណៈកម្មទី៤នៃរដ្ឋសភា ដឹកនាំដោយលោក កែប ជុតិមា បាននាំយកនូវគ្រឿងឧបភោគ បរិភោគជូនកងកម្លាំងវិស្វកម្មរួមមាន៖ ទឹកសុទ្ធ៣០កេស, ត្រីខ១៥កេស, ថ្នាំពេទ្យ២៥ ប្រអប់, គុយទាវ និងមីសួ៣០កេស, ត្រីងៀត១៥គីឡូក្រាម និងថវិកា៣លានរៀល, ជូនវរៈសេនាតូចនគរបាលការពារព្រំដែនលេខ២០៣ ចំនួន២លានរៀល, ជូនសាលាស្រុកអណ្តូងមាស៥០មុឺនរៀល, ជូនសាលាឃុំ២០មុឺនរៀល, ជូនកងកម្លាំងទាំង៣ថវិកា៦០ម៉ឺនរៀល និងប្រជាពលរដ្ឋចូលរួម៦៨នាក់ក្នុងម្នាក់១មុឺនរៀលផងដែរ៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...