(ភ្នំពេញ)៖ ស្ថានទូតបារាំងប្រចាំប្រទេសកម្ពុជា បានសម្ដែងនូវការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់តារាចម្រៀងរ៉េប Ruthko ដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ។
សំណេរចូលរួមចំលែកទុក្ខជាភាសាខ្មែរ និងភាសាបារាំង ស្ថានទូតបារាំង បានរៀបរាប់យ៉ាងដូច្នេះថា <<ស្ថានទូតបារំាងប្រចាំកម្ពុជា សូមសម្តែងនូវសមានទុក្ខចំពោះក្រុមគ្រួសារ សាច់ញាតិ អ្នកគាំទ្រ និង KlapYahandz ចំពោះការបាត់បង់លោក Ruthko តារារ៉េបខ្មែរបារាំង ដែលបានទទួលមរណភាពកាលពីយប់មិញដោយគ្រោះថ្នាក់ចរាចរណ៍>>។
ស្ថានទូតបារាំង បានឲ្យដឹងថា លោក ដាវិឌ ឬទ្ធីរុទ្រ ហៅ Ruthko បានចម្រើនវ័យនៅប្រទេសបារាំង ហើយនៅពេលត្រលប់មកកម្ពុជាវិញ លោកមានឈ្មោះបោះសំឡេងភ្លាមៗ ក្នុងនាមជាតារារ៉េបកម្ពុជាមួយរូប។ បទចម្រៀង <
សូមរំលឹកថា អ្នកចម្រៀងរ៉េបម្នាក់ ត្រូវបានគេស្គាល់ឈ្មោះ RuthKo បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយជិះម៉ូតូបុកជាមួយរថយន្ដមួយគ្រឿង នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៥នេះ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានបន្សល់នូវក្ដីសោកសង្រែកជាខ្លាំងពីសំណាក់អ្នកគាំទ្រ កូនសិស្ស និងក្រុមគ្រួសារសាច់ញាតិរបស់តារាចម្រៀងរ៉េប RuthKo តាមរយៈវីដេអូដែលត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម។
របាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងរវាងរថយន្ដម៉ាក Lexus RX330 ពណ៌ស ពាក់ផ្លាកលេខខ.ម 2-4771 និងម៉ូតូម៉ាក Honda CRF ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1AL-9616 ក្នុងទិសដៅបញ្ច្រាសគ្នា។ សមត្ថកិច្ចបញ្ជាក់ថា រថយន្ដធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ហើយបានបុកជាមួយម៉ូតូធ្វើដំណើរត្រង់ពីត្បូងទៅជើង។
តាមរយៈវីដេអូដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាពឃើញថា អ្នកបើកម៉ូតូនៅពេលបុកជាមួយរថយន្ដ បានហោះទៅលើប្រហែល២-៣ម៉ែត្រ រួចធ្លាក់មកវិញបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង។ អ្នកស្លាប់ក្នុងហេតុការណ៍នេះឈ្មោះ ដាវិឌ ឬទ្ធីរុទ្រ ឬ RuthKo ជាតារាចម្រៀងរ៉េប អាយុ២៤ឆ្នាំ និងអ្នកបើករថយន្ដឈ្មោះ ណឹម ណាង អាយុ៣៥ឆ្នាំ មុខរបរជាមន្ដ្រីអាវុធហត្ថ។
យ៉ាងណាមិញ ក្រោយហេតុការណ៍កើតឡើង អ្នកបើករថយន្ដត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ និងពិនិត្យរកសារជាតិស្រវឹង ហើយលទ្ធផលបញ្ជាក់ថា អ្នកបើករថយន្ដមិនមានសារជាតិស្រវឹងឡើយ។ ដោយឡែក អ្នកស្លាប់ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងវត្ថុតាងទាំងពីរ ត្រូវបានយកទៅរក្សាទុកដើម្បីដោះស្រាយតាមច្បាប់។
សូមជម្រាបថា លោក ដាវិឌ ឬទ្ធីរុទ្រ ហៅ RuthKo ត្រូវបានស្រទាប់យុវវ័យស្គាល់ច្បាស់ជាតារាចម្រៀងម្នាក់ល្បីឈ្មោះ ហើយក៏ជាគណៈកម្មការក្នុងការប្រកួតតារាចម្រៀងរ៉េបផងដែរ៕