CNN៖ អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១

Posted By: RoogRog Robot | 03-Jan-2025 14:18:46

2025-01-03 02:15pm

(ភ្នំពេញ)៖ គេទំព័រទូរទស្សន៍ដ៏ល្បីរបស់សហរដ្ឋអាមេរិក CNN បានចុះផ្សាយថា អាកាសយានដ្ឋាន​អន្តរជាតិតេជោ (Techo International Airport) នឹងក្លាយជាស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ក្នុងចំណោមស្ថាបត្យកម្មចំនួន១១។

CNN បានឲ្យដឹងថា ក្រៅពីអាកាសយានដ្ឋាន​អន្តរជាតិតេជោ របស់កម្ពុជា, ស្ថាបត្យកម្មដ៏មានឥទ្ធិពល លើពិភពលោក ឆ្នាំ២០២៥ ចំនួន ១០ទៀត រួមមាន៖ New Sydney Fish Market នៅក្រុង Sydney របស់អូស្ត្រាលី, Grand Ring នៅក្រុង Osaka របស់ជប៉ុន, Life and Mind Building នៅក្រុង Oxford របស់ចក្រភពអង់គ្លេស, Canadian School នៅក្រុង Cholula របស់ម៉ិចស៉ិច, South Station redevelopment នៅក្រុង Boston របស់សហរដ្ឋអាមេរិក, Goethe-Institut នៅក្រុង Dakar របស់សេណេហ្កាល់, Urban Glen នៅក្រុង Hangzhou របស់ចិន, Riyadh Metro នៅក្រុង Riyadh របស់អារ៉ាប៊ីសាអូឌីត, Skypark Business Center នៅក្រុង Luxembourg របស់លុច្សសំបួរ និង Danjiang Bridge ក្រុង Taipei របស់ចិន-តៃវ៉ាន់។

គួរបញ្ជាក់ថា អាកាសយានដ្ឋាន​អន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F ហើយត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលាន​យន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យ​អាកាសចរណ៍ស៊ីវិល បានឲ្យដឹងជុំវិញការវឌ្ឍនភាពការសាងសង់​អាកាសយានដ្ឋានអន្តរជាតិតេជោ ដោយគិតត្រឹមថ្ងៃទី៩ ខែធ្នូ ២០២៤ ការងារ​សាងសង់ជារួម (ជំហានទី១) គឺសម្រេចបានជាង ៩២% ដោយចំណាយទឹកប្រាក់សរុបគិតមកដល់ពេលនេះ អស់ចំនួនប្រមាណជិត ១ ៣៣៩លានដុល្លារ ដែលក្នុងនោះចំណាយ​លើការងារសាងសង់ និងការងារដោះស្រាយផលប៉ះពាល់។

លោកបញ្ជាក់ទៀតថា បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ២០២៥ (ដើមឆមាសទី២) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​របស់សម្តេចមហាបវរធិបតី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៕



















News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...