ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ចេញបំភ្លឺករណីមន្ត្រីនគរបាលម្នាក់នៅស្រុកបារាយណ៍ប្រើអំពើហិង្សាលើពលរដ្ឋ, តាមការស៉ើបអង្កេត មន្ត្រីនគរបាលម្នាក់នោះមិនបានប្រព្រឹត្តហិង្សាឡើយ

Posted By: RoogRog Robot | 29-Dec-2024 21:09:56

2024-12-29 09:06pm

(កំពង់ធំ)៖ បន្ទាប់ពីមានការចុះផ្សាយពាក់ព័ន្ធមន្ត្រីនគរបាលម្នាក់នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍ បានប្រើអំពើហិង្សាលើប្រជាពលរដ្ឋកន្លងទៅថ្មីៗនោះ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំក៏បានចេញបំភ្លឺថា តាមការស៉ើបអង្កេតរបស់ក្រុមការងារជំនាញប្រកបដោយការយកចិត្តទុកដាក់ មន្ត្រីនគរបាលម្នាក់នោះមិនបានប្រព្រឹត្តហិង្សាលើពលរដ្ឋដូចការចុះផ្សាយឡើយ គឺគាត់មានតែស្រែកឃាត់កុំឱ្យកើតហិង្សារវាងជនបង្ក និងជនរងគ្រោះទៅវិញទេ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានទទួលសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ឯក សួង ថេន អធិការនគរបាលស្រុកបារាយណ៍ថា នៅថ្ងៃទៅ២០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០០៖១០នាទី មានករណីហិង្សាដោយចេតនា១លើក កើតឡើងនៅចំណុចយីហោសំណាងធារ៉ា ភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បណ្តាលឱ្យរបួសប្រជាពលរដ្ឋចំនួន១នាក់ ឈ្មោះ ហុន ជាតិ ហៅចិត្ត ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិបាក់ស្នាលើ ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការសង្ស័យជាប់ពាក់ព័ន្ធមន្ត្រីនគរបាល១នាក់ ឈ្មោះ ជា ធឿង ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងដូង នៃអធិការដ្ឋាននគរបាលស្រុកបារាយណ៍។ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ស្នងការបានចេញសេចក្តីសម្រេចបង្កើតក្រុមការងារ១ក្រុម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ទិត សំណាង ស្នងការងទទួលផែនការងារព្រហ្មទណ្ឌ ឱ្យចុះធ្វើការស៊ើបអង្កេតករណីខាងលើជាបន្ទាន់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងរកការពិត និងរកយុត្តធម៌ជូនជនរងគ្រោះ។ ក្រោយពីទទួលបានបទបញ្ជា ក្រុមការងារបានចុះស៊ើបអង្កេតប្រកបដោយការយកចិត្តទុកដាក់រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤។

លទ្ធផលរបស់ក្រុមការងារបានចុះស៊ើបអង្កេតបានឱ្យដឹងដែរថា យោងតាមពាក្យបណ្តឹង និងកំណត់ហេតុបណ្តឹងរបស់ឈ្មោះ ពេជ្រ វ័ន្ត ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ យោងតាមការបំភ្លឺរបស់សាក្សី ព្រមទាំងប្រភពព័ត៌មាន ភស្តុតាង ដែលប្រមូលបាន និងរបាយការណ៍បូកសរុបវាយតម្លៃសន្និដ្ឋានលេខ ២៣៥/២០២៤ របស់ក្រុមការងាររកឃើញថា៖

១-លោក ជា ធឿង ឋានៈជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលចុងដូង នៃអធិការដ្ឋាននគរបាលស្រុក ពុំមានជាប់ពាក់ព័ន្ធក្នុងការប្រើអំពើហិង្សាលើប្រជាពលរដ្ឋឈ្មោះ ហុន ជាតិ ដូចការចុះផ្សាយឡើយ គឺរូបលោកស្ថិតនៅរង្វង់កន្លែងកើតហេតុដែរ ដោយបានស្រែកឃាត់កុំឱ្យមានកើតហិង្សារវាងឈ្មោះ ឆាយ បញ្ញា និងឈ្មោះ ហុន ជាតិ ទៀតផង ប៉ុន្តែទៅឃាត់ពុំទាន់។

២-ក្រុមការងារបានស៊ើបអង្កេតរកឃើញវាយតម្លៃសន្និដ្ឋានយ៉ាងច្បាស់ថា ករណីប្រើហិង្សាដោយចេតនាលើជនរងគ្រោះឈ្មោះ ហុន ជាតិ គឺពិតជាបង្កឡើងដោយជនដៃដល់ឈ្មោះ ឆាយ បញ្ញា នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ (រត់គេចខ្លួន)។

យោងតាមកំណត់ហេតុខាងលើ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំបានបញ្ជាក់ថា ក្រោយពីពិនិត្យ ស្តាប់របាយការណ៍វាយតម្លៃសន្និដ្ឋានរបស់ក្រុមការងាររួចមក លោកឧត្តមសេនីយ៍ស្នងការបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារឱ្យខិតខំស្រាវជ្រាវ និងគោរពរាយការណ៍ជូនលោកព្រះរាជអាជ្ញា ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យខាងលើយកមកអនុវត្តតាមផ្លូវច្បាប់ឱ្យបានតឹងរ៉ឹងបំផុត។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់សាធារណជន អ្នកសារព័ត៌មាន និងនិយមបណ្តាញសង្គមហ្វេសប៊ុក (Facebook) តិកតុក (Tiktok) មេត្តាជួយផ្តល់ព័ត៌មានជាក់លាក់ដល់សមត្ថកិច្ចនគរបាល ក្នុងការចាត់វិធានការបង្ក្រាបបទល្មើសបានទាន់ពេលវេលា៕






News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...