ធនាគារពិភពលោកដំឡើងការព្យាករសេដ្ឋកិច្ចចិនសម្រាប់ឆ្នាំ២០២៤ និងឆ្នាំ២០២៥

Posted By: RoogRog Robot | 26-Dec-2024 20:28:42

2024-12-26 08:22pm

(វ៉ាស៊ីនតោន)៖ ធនាគារពិភពលោក (WB) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនដំឡើងការព្យាករសម្រាប់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងឆ្នាំ២០២៤ និង២០២៥ ប៉ុន្តែបានព្រមានថា ការធ្លាក់ចុះទំនុកចិត្តគ្រួសារនិងអាជីវកម្ម រួមជាមួយនឹងបញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យនឹងបន្តដាក់បន្ទុកលើប្រទេសចិននៅឆ្នាំក្រោយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សេដ្ឋកិច្ចធំជាងគេទីពីរក្នុងពិភពលោកនេះបានជួបការលំបាកនៅឆ្នាំនេះ ភាគច្រើនដោយសារវិបត្តិអចលនទ្រព្យ និងតម្រូវការក្នុងស្រុកមិនល្អ។ ការដំឡើងពន្ធអាមេរិកលើទំនិញរបស់ចិនដែលនឹងអាចកើតមាននៅពេលដែលប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ ចូលកាន់តំណែងក្នុងខែមករា ក៏អាចប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចផងដែរ។

អ្នកស្រី Mara Warwick នាយកប្រចាំប្រទេសរបស់ធនាគារពិភពលោកប្រចាំប្រទេសចិនបានមានប្រសាសន៍ថា៖ <<ការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យ ការពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងភាពប្រសើរឡើងផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាលថ្នាក់តំបន់នឹងមានសារៈសំខាន់ក្នុងការជំរុញការស្ទុះងើបសេដ្ឋកិច្ចឡើងវិញប្រកបដោយនិរន្តរភាព>>។

អ្នកស្រីបានបន្ថែមនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា៖ <<វាមានសារៈសំខាន់ណាស់ក្នុងការធ្វើឱ្យមានតុល្យភាពនូវការគាំទ្ររយៈពេលខ្លីចំពោះកំណើនសេដ្ឋកិច្ចជាមួយនឹងកំណែទម្រង់រចនាសម្ព័ន្ធរយៈពេលវែង>>។

ដោយសារឥទ្ធិពលនៃការបន្ធូរបន្ថយគោលនយោបាយថ្មីៗ និងភាពរឹងមាំនៃការនាំចេញក្នុងរយៈពេលខ្លី ធនាគារពិភពលោកមើលឃើញថា កំណើនផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនមានអត្រា ៤,៩ភាគរយនៅឆ្នាំនេះ ពោលគឺកើនឡើងពីការព្យាករកាលពីខែមិថុនា ៤,៨ភាគរយ។ សម្រាប់ឆ្នាំ២០២៥ ធនាគារពិភពលោកបានដំឡើងដល់ ៤,៥ភាគរយ ពី ៤,១ភាគរយដែលបានព្យាករកន្លងមក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...