(ភ្នំពេញ)៖ លោក ថេ ឈុនហាក់ អគ្គនាយកនៃអគ្គនាយកដ្ឋាន សមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច នៃក្រសួងកិច្ចការនារី បានបង្ហាញពីគន្លឹះក្នុងការជួយដល់ស្រ្ដី ដើម្បីបង្កើតមុខជំនួញដោយខ្លួនឯង និងធ្វើមុខជំនួយនោះ ទទួលបានជោគជ័យ គឺត្រូវមានចំណេះដឹងផ្នែកអាជីវកម្ម និងចំណេះដឹងផ្នែកឌីជីថល។
ការលើកឡើងរបស់លោក ថេ ឈុនហាក់ ធ្វើឡើងក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី <<ការលើកកម្ពស់ ចំណេះដឹងហិរញ្ញវត្ថុឌីជីថល សម្រាប់សហគ្រិនស្រ្តី>>។
លោកបានថ្លែងថា <<ខ្ញុំនៅតែបញ្ជាក់ដដែលថា អនឡាញជាឧបករណ៍មួយ ក្នុងការពន្លឿនអាជីវកម្ម ប៉ុន្ដែមិនមែនថា ការចេះប្រើប្រាស់ទូរស័ព្ទតែមួយមុខ អាចធ្វើឲ្យអាជីវកម្មដំណើរការបាននោះទេ ត្រូវមានចំណេះដឹងអាជីវកម្ម បើមិនមានចំណេះដឹងអាជីវកម្មនោះទេ នោះការរកស៊ីរបស់យើងមិនឈ្នះគេនោះឡើយ>>។
លោកបានបន្ដថា មិនតែប៉ុណ្ណោះម្ចាស់អាជីវកម្មត្រូវ ផ្ដោតលើការប្រកាន់ សមត្ថភាពអាជីវកម្ម មានន័យថា ប្រសិនបើយើងគ្រាន់តែចេះផ្សព្វផ្សាយពីផលិតផល ប៉ុន្ដែបើយើងមិនធ្វើអាជីវកម្មដោយសុក្រឹត ឬផលិតភាពល្អនោះទេ នោះ នឹងមិនមានអតិថិជននោះទេ។
លោកបានបញ្ជាក់ថា ចំណេះដឹងអាជីវកម្ម និងចំណេះដឹងផ្នែកឌីជីថលសំខាន់ណាស់ ការចេះប្រើប្រាស់ប្រព័ន្ធឌីជីថល បង្កើតមាតិកាក្នុងការពន្លឿន និងទាក់ទាញអាជីវកម្មរបស់ខ្លួន៕