UNDP កោតសរសើរកម្ពុជាចំពោះការកំណត់ស្តង់ដារខ្ពស់សម្រាប់វិស័យសកម្មភាពមីន ដែលបានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសគំរូ

Posted By: RoogRog Robot | 18-Oct-2024 16:05:19

2024-10-18 04:02pm

(ស្វីស)៖ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ ជួបប្រជុំទ្វេភាគីជាមួយ លោក Haoliang Xu អគ្គលេខាធិការរង UN ទទួលបន្ទុករដ្ឋបាលនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) នៅទីក្រុងឡូសាន ប្រទេសស្វីស។ កិច្ចពិភាក្សានេះ បានផ្តោតលើការតាំងចិត្តរួមដើម្បីសាមគ្គីភាពសកល ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៃវិស័យសកម្មភាពមីន។

ក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីសារៈសំខាន់នៃការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមសម្រាប់ប្រទេស និងប្រជាជនកម្ពុជា ដែលធ្វើឡើងស្របតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងឆ្លើយតបនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាជាដើម។

ក្នុងនោះ លោក លី ធុជ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ផ្នែកវិស័យសកម្មភាពមីន ជាពិសេសការជួយគាំទ្ររបស់ UNDP ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល។

តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ា បណ្ឌិត លី ធុជ បានអញ្ជើញ លោក Haoliang Xu ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីន និងជួយជំរុញលើកទឹកចិត្តឱ្យរដ្ឋភាគី និងរដ្ឋមិនមែនភាគីដទៃទៀតចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ផងដែរ។

លោក Haoliang Xu អគ្គលេខាធិការរង UN ទទួលបន្ទុករដ្ឋបាល UNDP បានទទួលស្គាល់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំរវាងរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ជាមួយ UNDP លើវិស័យសកម្មភាពមីន និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ផងដែរ។ លោក Haoliang Xu បានកោតសរសើរកម្ពុជាចំពោះការកំណត់ស្តង់ដារខ្ពស់សម្រាប់វិស័យសកម្មភាពមីន ដែលបានធ្វើឱ្យកម្ពុជា ក្លាយជាប្រទេសគំរូសម្រាប់ប្រទេសដទៃទៀត៕







News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...