ក្រសួងប្រៃសណីយ៍ ចុះកិច្ចសហប្រតិបត្តិការ ដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យ ជាមួយគ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន១៨

Posted By: RoogRog Robot | 26-Apr-2024 11:10:03

2024-04-26 10:04am

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការដាក់ឲ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និងការរៀបចំប្រព័ន្ធគ្រប់គ្រង សាកលវិទ្យាល័យ រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ដែលតំណាងដោយលោក ជាប សត្ថារតន៍ រដ្ឋលេខាធិការប្រចាំការ និង គ្រឹះស្ថានឧត្តមសិក្សាឯកជន ចំនួន ១៨ ដែលតំណាងដោយគណៈគ្រប់គ្រងរបស់ខ្លួន រួមមាន៖

១៖ វិទ្យាស្ថានវ៉ាន់ដា២៖ សាកលវិទ្យាល័យប៊ែលធី អន្តរជាតិ៣៖ សាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា៤៖ សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ៥៖ សាកលវិទ្យាល័យវេស្ទើន៦៖ សាកលវិទ្យាល័យអន្តរជាតិ៧៖ សាកលវិទ្យាល័យឯកទេសនៃកម្ពុជា៨៖ សាកលវិទ្យាល័យមេគង្គកម្ពុជា១០៖ វិទ្យាស្ថានអាយ ស៊ី អេស១១៖ សាកលវិទ្យាល័យបៀលប្រាយ១២៖ សាកលវិទ្យាល័យចេនឡា១៣៖ សាកលវិទ្យាល័យអង្គរខេមរា១៤៖ សាកលវិទ្យាល័យកម្ពុជា១៥៖ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ១៦៖ វិទ្យាស្ថានអាហ្គា១៧៖ វិទ្យាស្ថានបច្ចេកវិទ្យាគីរីរម្យ១៨៖ វិទ្យាស្ថានអាយធី អេឃើដីមី ស្នេប។៩៖ សាកលវិទ្យាល័យធនធានមនុស្ស

ពិធីចុះហត្ថលេខានេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃ ក.ប.ទ. និងគណៈគ្រប់គ្រងគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំង ១៨ សរុបប្រមាណ ៣៥០ នាក់។

កិច្ចព្រមព្រៀងនេះ មានគោលបំណងដាក់ឲ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្រកម្រិតឧត្តមសិក្សាចេញដោយគ្រឹះស្ថានឧត្តមសិក្សាឯកជនទាំង១៨ និងរៀបចំប្រព័ន្ធគ្រប់គ្រងសាកលវិទ្យាល័យជូនគ្រឹះស្ថានឧត្តមសិក្សាទាំងនេះ ក្នុងករណីមានតម្រូវការប្រើប្រាស់ ដើម្បីរួមចំណែកដល់ការធ្វើបរិវត្តកម្មឌីជីថលរបស់គ្រឹះស្ថានឧត្តមសិក្សា ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ថ្លែងក្នុងអង្គពិធីនេះ លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់អំពីការគិតគូររបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការជួយ គាំទ្រដល់ការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ និងការបញ្ជាបចំណេះដឹងបច្ចេកវិទ្យាឌីជីថលដល់និស្សិត ដែលជា ធនធានវ័យក្មេងដ៏មានសក្តានុពល សម្រាប់កសាងពលរដ្ឋឌីជីថល រដ្ឋាភិបាលឌីជីថល និងធុរកិច្ចឌីជីថល ស្របតាម ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានបញ្ជាក់សារជាថ្មីអំពីតួនាទី និងការខិតខំប្រឹងប្រែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងការរៀបចំប្រព័ន្ធអេកូឡូស៊ីឌីជីថលមួយ ដ៏រឹងមាំសម្រាប់កម្ពុជា តាមរយៈការបង្កើតនិងដាក់ឱ្យប្រើហេដ្ឋារចនាសម្ព័ន្ធនិងថ្នាលបច្ចេកវិទ្យាឌីជីថលផ្សេងៗ ដើម្បី ជួយដល់ការធ្វើបរិវត្តកម្មឌីជីថលទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធឱ្យកែប្រែទម្លាប់ចាស់ បង្កើតទម្លាប់ថ្មី ដោយសម្របខ្លួនតាមការវិវត្ត នៃបច្ចេកវិទ្យាឌីជីថល ហើយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម ដើម្បីទាញយកផលប្រយោជន៍ជាអតិបរមាពីបច្ចេកវិទ្យា ឌីជីថល សម្រាប់បម្រើតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ និងធ្វើឱ្យការរស់នៅកាន់តែងាយស្រួល ព្រមទាំងជួយដល់ ការបំពេញការងារនៅក្នុងយុគសម័យឌីជីថលកាន់តែមានប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានសម្រេចជួយរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាទាំង ១៨ ដែលជា ហេដ្ឋារចនាសម្ព័ន្ធស្នូលសម្រាប់ផ្តល់សេវាអ៊ីនធឺណិតជូនដល់និស្សិត បុគ្គលិកសិក្សា និងសាស្ត្រាចារ្យ ក្នុងការសិក្សា ស្រាវជ្រាវ និងបំពេញការងារ ដែលជាចលករដ៏សំខាន់ក្នុងការសម្រេចបាននូវការធ្វើបរិវត្តកម្មក្នុងវិស័យអប់រំ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នេះ មានគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិង ឯកជនចំនួន ៤២ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយ ក.ប.ទ. ក្នុងការដាក់ឱ្យប្រើ ផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh សម្រាប់ផ្ទៀងផ្ទាត់សញ្ញាបត្រកម្រិតឧត្តមសិក្សាចេញដោយគ្រឹះស្ថានឧត្តមសិក្សាទាំងនោះ។

ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ដោយប្រើប្រាស់ បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដែលមានសុវត្ថិភាពសម្រាប់ឆ្លៀតផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ។ សញ្ញាបត្រដែល មានដាក់បញ្ចូល QR Code ស្តង់ដា ដែលអាចផ្ទៀងផ្ទាត់បានតាមផ្ទាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺអាច យកទៅប្រើប្រាស់បាន ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

ការដាក់ឱ្យប្រើ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ មានគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ ភាពងាយស្រួលក្នុងការប្រើប្រាស់និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់ បន្ថយចំណាយនានា ព្រមទាំងជំរុញការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជាស្របតាមការវិវត្តនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងធ្វើឱ្យការរស់នៅកាន់តែមានភាពងាយស្រួល៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...