វិទ្យាស្ថានវ៉ាន់ដា រៀបចំពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជាង ៥ពាន់នាក់

Posted By: RoogRog Robot | 05-May-2024 21:42:52

2024-05-05 08:38pm

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែឧសភា ឆ្នាំ២០២៤នេះ វិទ្យាស្ថានវ៉ាន់ដា បានរៀប​ចំពិធីប្រគល់សញ្ញាបត្រជូននិស្សិតរបស់ខ្លួនជាង៥ពាន់នាក់ បន្ទាប់ពីពួកគេបានបញ្ចប់​ការ​សិក្សាដោយជោគជ័យ។

ពិធីប្រគល់សញ្ញាបត្រត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ហេង វ៉ាន់ដា​ប្រធាន​ក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានវ៉ាន់ដា និងជាប្រធានក្រុមប្រឹក្សា​ភិបាល នៃសមា​គម​គ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

និស្សិតជ័យលាភីដែលទទួលសញ្ញាបត្រនេះ រួមមានកម្រិតបរិញ្ញាបត្ររង និងបរិញ្ញាបត្រ សរុប ៥,២១៤នាក់ មាននារី ៤,៧៦២នាក់។ និស្សិតទទួលសញ្ញាបត្រនេះបានបញ្ចប់​ការ​សិក្សាក្នុងឆ្នាំសិក្សា២០២១-២០២៣ នៅទីតាំងគោលរាជធានីភ្នំពេញ សាខាខេត្ត​សៀម​រាប និងសាខាខេត្តបាត់ដំបង។ ក្នុងនោះមាននិស្សិតបរិញ្ញាបត្រផ្នែកអាហារូបករណ៍​របស់លោកបណ្ឌិត ហេង វ៉ាន់ដា ចំនួន ៣៨នាក់ មាននារី ៣២នាក់។

លោកបណ្ឌិត ហេង វ៉ាន់ដា បានសម្តែងក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរ​ជាមួយនិស្សិតទាំងអស់ ដែលបានប្រឹងប្រែងសិក្សារៀនសូត្រក្រេបជញ្ជក់យកចំណេះដឹង​រហូតទទួលបានជោគជ័យ។ លោកបណ្ឌិត ក៏បានចូលរួមអបអរសាទរជាមួយក្រុមគ្រួសារ​និស្សិត និងបានវាយតម្លៃខ្ពស់ចំពោះអាណាព្យាបាល​ និងក្រុមគ្រួសារនិស្សិតគ្រប់រូប ដែលតស៊ូអត់ធ្មត់ និងផ្តល់លទ្ធភាពគ្រប់បែបយ៉ាងសម្រាប់ការសិក្សារបស់កូនៗរហូត​បញ្ចប់ការសិក្សាដោយជោគជ័យ។

លោកបណ្ឌិត ចាត់ទុកការបញ្ចប់សិក្សារបស់និស្សិតនេះ គឺជាជោគជ័យដ៏ធំធេងក្នុងបេស​ក​កម្មជីវិត ហើយក៏ជាសមិទ្ធផលកើតចេញពីការតស៊ូរបស់សាមីខ្លួន និងការគាំទ្រដ៏ខ្លាំង​ក្លាពីអាណាព្យាបាល និងគ្រួសារ។

ក្នុងឱកាសនោះ លោកបណ្ឌិត ហេង វ៉ាន់ដា ក៏បានក្រើនរំលឹកដល់និស្សិតជយលាភីទាំង​អស់ផងដែរពីគុណតម្លៃនៃសុខសន្តិភាព។ លោកបណ្ឌិត បានលើកឡើងថា សុខសន្តិ​ភាពដែលរកបានដោយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយក​រដ្ឋ​មន្ត្រី គឺជាធាតុដ៏សំខាន់បំផុតផ្តល់ឱកាសឱ្យប្រជាពលរដ្ឋរស់នៅបានសុខសាន្ត និងឱ្យ​និស្សិតគ្រប់រូបបានក្រេបជញ្ជក់យកចំណេះដឹងធ្វើជាទុនសម្រាប់ជីវិត។

ក្នុងន័យនេះលោកបណ្ឌិត ហេង វ៉ាន់ដា អំពាវនាវដល់និស្សិតទាំងអស់ត្រូវចេះថែទាំឱ្យ​បាននូវសុខសន្តិភាពនេះ។ ថែរក្សាសុខសន្តិភាពប្រៀបបានថែរក្សាសេចក្តីសុខជូនខ្លួន​ឯង។

ក្រៅពីរំលឹកគុណតម្លៃសុខសន្តិភាពហើយនោះ លោកបណ្ឌិត ហេង វ៉ាន់ដា បានលើក​ឡើងពីគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។ នៅចំពោះមុខនិស្សិតជាង ៥ពាន់នាក់ លោកបណ្ឌិត បានគូសរំលេចថា គម្រោងព្រែកជីកនេះមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ច​ជាតិ និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា។ ជាពិសេសការដឹកជញ្ជូនទំនិញចេញពីកំពង់​ផែ​ស្វយ័ត​ភ្នំពេញ ទៅកាន់ដែនសមុទ្រ ហើយបន្តទៅកាន់ទីផ្សារអន្តរជាតិ។

ជួសមុខឱ្យសាស្ត្រាចារ្យ និងនិស្សិតវិទ្យាស្ថានវ៉ាន់ដា លោកបណ្ឌិត ហេង វ៉ាន់ដា បាន​ប្រកាស​គាំទ្រ​យ៉ាងមុតមាំចំពោះការសាងសង់គម្រោងព្រែកជីកហ្វូណនតេជោ។ លោក​បណ្ឌិត ប្រកាសប្រឆាំងដាច់ខាតចំពោះគំនិតទុច្ចរិតទាំងឡាយ ដែលប៉ុនប៉ង​បន្ទច់បង្អាក់​ចំពោះ​គម្រោងនេះ។

សូមបញ្ជាក់ថា វិទ្យាស្ថាន វ៉ាន់ដា គឺជាគ្រឹះស្ថានឧត្តមសិក្សាឯកជនមួយ ដែលបច្ចុប្បន្ន​ មានទីតាំងចំនួន ៣កន្លែងកំពុងដំណើរការ ក្នុងនោះ ១កន្លែងនៅរាជធានីភ្នំពេញ និង ២កន្លែងទៀតនៅ ខេត្តសៀមរាប និងខេត្តបាត់ដំបង។

ក្នុងឆ្នាំសិក្សា២០២២-២០២៤នេះ វិទ្យាស្ថាន វ៉ាន់ដា មានក្រុមប្រឹក្សាភិបាល គណៈគ្រប់​គ្រង បុគ្គលិក និងសាស្ត្រាចារ្យសរុបចំនួន ៩៧១នាក់ នារី ៣៨១នាក់ និងនិស្សិតកំពុង​សិក្សាចំនួន ១០,៨៧៦នាក់ នារី ៩,៨៣៥នាក់។ គិតចាប់ពីឆ្នាំសិក្សា​២០០២-​២០០៣ ដល់ឆ្នាំសិក្សា២០២១-២០២៣ កន្លងមកនេះ និស្សិតបានបញ្ចប់ការសិក្សា គិតទាំងនិស្សិតជ័យលាភីពេលនេះផងសរុបចំនួន ៥២,១០០នាក់ នារី ៤៤,០៥៩នាក់ ។ ដោយឡែកនិស្សិតជ័យលាភី ត្រូវទទួលសញ្ញាបត្រនាឱកាសនេះវិញ យោងតាមការធ្វើ​អង្កេត​បានបង្ហាញថា និស្សិតចំនួន ៥,២១៤នាក់នេះ អ្នកមានការងារធ្វើចំនួន ៤,៩៥៤ នាក់ ស្មើនឹង ៩៥ភាគរយ។

ឈរលើមូលដ្ឋាននេះ ដើម្បីពង្រឹងនិរន្តរភាព ប្រសិទ្ធភាព និងការផ្តល់សេវាអប់រំ ប្រកប​ដោយគុណភាពនោះ វិទ្យាស្ថានវ៉ាន់ដា បានអនុវត្ត និងមានចក្ខុវិស័យច្បាស់លាស់ក្នុង​ការ​បន្តពង្រឹងគុណភាពប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុង, ពង្រឹងគុណភាពសាស្ត្រាចារ្យ ពង្រឹងវិន័យ​របស់​និស្សិត ក្នុងគោលបំណងអនុវត្តឱ្យបានល្អប្រសើរ ស្របតាមកម្រិតបទដ្ឋាននៃការ​បណ្តុះបណ្តាល និង ទីផ្សារការងារ បច្ចុប្បន្ន។

ក្រៅពីនេះ ជាមួយការពង្រឹងហេដ្ឋារចនាសម្ព័ន្ធរូបវន្តដែលមានស្រាប់ វិទ្យាស្ថានក៏បាន​រៀប​ចំពង្រីកទីតាំងបន្ថែមទៀត ពិសេសអគារសិក្សា បណ្ណាល័យ អ៉ីនធើណែត ដោយ​បំពាក់​សម្ភារឧបទេស សិក្សាទំនើបៗ សម្រាប់អ្នកសិក្សាទូទៅ ដើម្បីពង្រីកការទំនាក់​ទំនង​ឱ្យ​បានល្អជាមួយវិស័យអប់រំ និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិជាច្រើន ដូចជា ក្រសួងអប់រំ យុវជន និងកីឡា, គណៈកម្មាធិការ ទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា, សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ និង ស្ថាប័នពាក់ព័ន្ធ, សមាគមគណនេយ្យករចក្រភពអង់គ្លេស, សាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសថៃ និងប្រទេសចិនជាដើម៕
















































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...