ហាងលក់ទំនិញ 7-Eleven របស់ជប៉ុនកំណត់គោលដៅកំណើនលក់យ៉ាងតក់ក្រហល់នៅទូទាំងពិភពលោក

Posted By: RoogRog Robot | 24-Apr-2024 13:45:24

2024-04-24 12:37pm

(តូក្យូ)៖ ក្រុមហ៊ុនលក់រាយដ៏ធំរបស់ជប៉ុន Seven & i Holdings បានឱ្យដឹងនៅថ្ងៃអង្គារថា ក្រុមហ៊ុនចង់ឃើញកំណើនដ៏ខ្លាំងសម្រាប់ហាងលក់ទំនិញ 7-Eleven របស់ខ្លួននៅទូទាំងពិភពលោក ហើយនឹងកំពុងពន្លឿនការចូលទៅក្នុងទីផ្សារអឺរ៉ុប អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាហ្វ្រិក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនមានគោលបំណងបង្កើនវត្តមានហាង 7-Eleven ទូទាំងពិភពលោកចំនួន ១៨ភាគរយដល់ប្រហែល ១សែនហាងនៅឆ្នាំ២០៣០ នៅក្នុងប្រទេសនិងតំបន់ចំនួន៣០ ដែលកើនឡើងពីចំនួន ២០ ក្នុងពេលបច្ចុប្បន្ននេះ។

ផែនការនេះគឺជាផ្នែកមួយនៃការរៀបចំរចនាសម្ព័ន្ធឡើងវិញទ្រង់ទ្រាយធំដែលពាក់ព័ន្ធនឹងការលក់ទ្រព្យសកម្មផ្សារទំនើបដែលដំណើរការមិនល្អ ពោលគឺជាយុទ្ធសាស្រ្តមួយដែលបានធ្វើឡើងបន្ទាប់ពីមានសម្ពាធពីវិនិយោគិនសកម្មជន។

ចាប់តាំងពីឆ្នាំមុនមក ក្រុមហ៊ុនបានប្រកាសបិទផ្សារទំនើប Ito-Yokado រាប់សិបកន្លែង បានចាកចេញពីអាជីវកម្មសម្លៀកបំពាក់របស់ខ្លួន និងបានបញ្ចប់ការលក់ហាងទំនិញ Sogo & Seibu។ ក្រុមហ៊ុនក៏បានយល់ព្រមចំណាយប្រាក់ជាង ២ពាន់លានដុល្លារ ដើម្បីបង្កើនវត្តមានហាងលក់ទំនិញនៅក្នុងប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកផងដែរ។

ប្រធានក្រុមហ៊ុន 7-Eleven នៅអាមេរិកខាងជើងលោក Michael DePinto បាននិយាយថា ក្រុមហ៊ុននឹង <<បន្តស្វែងរកឱកាសឱ្យបានខ្លាំងក្លា>> នៅក្នុងការច្របាច់បញ្ចូលគ្នា និងការទិញយកក្រុមហ៊ុន (M&A) នៅក្នុងតំបន់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕


News Source: freshnewsasia.com
LATEST NEWS
មានផ្លូវ មានក្តីសង្ឃឹម | មរតកលោកតា
MORE NEWS CLICK HERE...