ប្រេងឆៅឡើងថ្លៃ ខណៈមានការរំពឹងថា ការផ្គត់ផ្គង់ថយចុះ

Posted By: RoogRog Robot | 29-Mar-2024 12:13:45

2024-03-29 11:10am

(ក្រុងឡុងដ៍)៖ តម្លៃប្រេងឆៅបានកើនឡើង នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានធ្លាក់ចុះ ២វគ្គជួញដូរជាប់ៗគ្នា ខណៈដែលវិនិយោគិនបានមើលឃើញថា ការផ្គត់ផ្គង់នឹងធ្លាក់ចុះ នៅពេលខាងមុខស្របពេលដែល អង្គការប្រទេសផលិតប្រេង OPEC ត្រូវបានរំពឹងយ៉ាងទូលំទូលាយថា នឹងបន្តដំណើរការកាត់បន្ថយផលិតកម្ម បច្ចុប្បន្នរបស់ខ្លួន។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា កិច្ចសន្យាអនាគតសម្រាប់ចែកចាយ នៅខែឧសភានូវប្រេងឆៅប្រភេទ Brent របស់អង់គ្លេសបានកើនឡើង ៩១សេន ឬ ១,១ភាគរយដល់ ៨៧ដុល្លារក្នុងមួយបារ៉ែល ខណៈដែលកិច្ចសន្យាអនាគត សម្រាប់ចែកចាយនៅខែមិថុនាបានកើនឡើង ៧៥សេន ឬ ០,៩ភាគរយដល់ ៨៦,១៦ដុល្លារនៅរសៀលថ្ងៃព្រហស្បតិ៍។

កិច្ចសន្យាអនាគតសម្រាប់ចែកចាយ នៅខែឧសភានូវប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាមេរិក បានកើនឡើង ៨៩សេន ឬ ១,១ភាគរយដល់ ៨២,២៤ដុល្លារក្នុងមួយបារ៉ែល។

នៅក្នុងវគ្គមុន តម្លៃប្រេងបានទទួលរងសម្ពាធបន្ទាប់ពីមានការកើនឡើងឥតរំពឹងទុក កាលពីសប្តាហ៍មុននូវស្តុកប្រេងឆៅ និងប្រេងសាំងរបស់សហរដ្ឋអាមេរិក ដែលជំរុញដោយសារការកើនឡើង ការនាំចូលប្រេងឆៅ និងតម្រូវការប្រេងសាំងធ្លាក់ចុះ នេះបើយោងតាមទិន្នន័យរដ្ឋបាលព័ត៌មានថាមពលអាមេរិក។

ទោះជាយ៉ាងណា ការកើនឡើងស្តុកប្រេងឆៅមានទំហំតូចជាងស្តុក ដែលបានព្យាករដោយវិទ្យាស្ថានប្រេងអាមេរិក ហើយក្រុមអ្នកវិភាគបានចង្អុលបង្ហាញថា ការកើនឡើងប្រេងឆៅនេះ មានកម្រិតទាបជាងអ្វីដែលបានរំពឹងទុកថា នឹងកើនឡើងនៅពេលនេះក្នុងឆ្នាំនេះ។

លោក Bjarne Schieldrop អ្នកវិភាគមកពីក្រុមហ៊ុន SEB បានប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា៖ <<យើង ... រំពឹងថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិក នឹងកើនឡើងតិចជាងធម្មតា ក្នុងគ្រាដែលទីផ្សារប្រេងពិភពលោក ស្ថិតក្នុងឱនភាពបន្តិច>>។ លោកបានបន្ថែមថា៖ <<នេះទំនងជានឹងផ្តល់ការគាំទ្រ ដល់តម្លៃប្រេងឆៅប្រភេទ Brent ទៅពេលខាងមុខ>>៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...