សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមច្បាប់ការជីកព្រែកហ្វូណន-តេជោ មិនតម្រូវឱ្យកម្ពុជាសុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូនព័ត៌មានទៅគណៈកម្មការទន្លេមេគង្គប៉ុណ្ណោះ (Video inside)

Posted By: RoogRog Robot | 28-Apr-2024 13:59:08

2024-04-28 12:53pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា តាមច្បាប់ការជីកព្រែកហ្វូណន-តេជោ មិនតម្រូវឱ្យកម្ពុជាសុំច្បាប់ប្រទេសណានោះឡើយ គឺគ្រាន់តែជូនព័ត៌មានទៅគណៈកម្មការទន្លេមេគង្គប៉ុណ្ណោះ។ ព្រែកជីកនេះកម្ពុជា ត្រូវតែសាងសង់ ដើម្បីតម្កល់ផលប្រយោជន៍ជាតិជាធំ។

ការថ្លែងបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលសម្តេច បានអញ្ជើញសំណេះសំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សាខ្មែរប្រមាណ ៥,១៨៧នាក់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា សម្តេចនឹងបន្តបេសកកម្មរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្វើឱ្យព្រែកជីកហ្វូណន-តេជោ ចេញជារូបរាង។ ហើយការធ្វើព្រែកជីកហ្វូណន-តេជោ គឺជាការទទួលខុសត្រូវជាប្រវត្តិសាស្ត្រសម្រាប់ការដឹកនាំ ដូច្នេះមានការសិក្សាច្បាស់លាស់ណាស់ពីផលប៉ះពាល់។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ <<កម្ពុជា អនុវត្តច្បាប់ហើយ គណៈកម្មការទន្លេមេគង្គ ឆ្នាំ១៩៩៥ កិច្ចព្រមព្រៀងមេគង្គ ឆ្នាំ១៩៩៥ អត់មានមានតម្រូវឱ្យទេ ជាពិសេសធ្វើនៅដៃទន្លេ ប្រទេសខ្លះគាត់ធ្វើវារីអគ្គិសនីនៅដៃទន្លេ ៥ ឬ៦ ឯណ្ណោះ អត់មានកាតព្វកិច្ចត្រូវរាយការណ៍ទេ តែកម្ពុជា បានផ្តល់ព័ត៌មាននេះទៅគណៈកម្មការមេគង្គ ដោយទទួលខុសត្រូវ>>។

ពាក់ព័ន្ធនឹងអ្នកជំនាញបរទេសខ្លះវាយប្រហារថាគម្រោងព្រែកជីកហ្វូណន-តេជោ របស់កម្ពុជា ទឹកសាបហូរចូលសមុទ្រអស់, ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា មិនចាំបាច់តែព្រែកជីកថ្មីរបស់កម្ពុជានោះទេ គ្រាន់តែទន្លេមេគ្គ និងទន្លេបាសាក់ ក្នុងមួយវិនាទីនាំទឹកសាបចូលសមុទ្ររាប់លានគីប ជារៀងរាល់ថ្ងៃ ប៉ុន្តែ ហេតុអ្វីហូរមិនអស់? ខណៈទឹកដែលអាចហូរចូលសមុទ្រតាមរយៈគម្រោងព្រែកជីកហ្វូណនតេជោ ត្រឹមតែ ០.០៨ភាគរយ នៃទឹកស្លាបដែលហូរសមុទ្រតាមរយៈទន្លេទាំងពីរប៉ុណ្ណោះ ដោយសារតែគម្រោងព្រែកជីកហ្វូណនតេជោ ព្រោះមានទ្វារទឹកដើម្បីការពារ។

បន្ថែមមពីនេះ សម្តចធិបតី ហ៊ុន​ ម៉ាណែត បានឱ្យដឹងថា តាមរយៈគម្រោងព្រែកជីកហ្វូណនតេជោនេះ នឹងនាំទឹកសាបហូរចូលទៅតាមប្រព័ន្ធស្រោចស្រពនានា សម្រាប់បម្រើឱ្យវិស័យកសិកម្ម និងដឹកជញ្ជូនតាមផ្លូវទឹក។

<<ហើយប្រទេសផ្សេងៗគេធ្វើព្រែកជីកស្រដៀងយើង គេធ្វើទំនប់ គេធ្វើវារីអគ្គិសនី គេធ្វើបានហេតុអី បានកម្ពុជា ជាប្រទេសពិសេសម្ល៉េះ ខ្ញុំថាពិសេសហើយកម្ពុជាអើយ អ៊ឹចឹងអ្នកណាចាប់អារម្មណ៍ជារឿងរបស់គេ តែកម្ពុជាតម្កល់ផលប្រយោជន៍ជាតិជាធំ ព្រែកជីកនេះត្រូវតែធ្វើដើម្បីផលប្រយោជន៍សេដ្ឋកិច្ច សង្គមកម្ពុជា>>។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែងប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយទុនប្រមាណ ១,៧០០លានដុល្លារអាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕
























































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...