សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ និងសាសនា ចូលរួមគាំទ្រឱ្យគម្រោងព្រែកជីកហ្វូណន-តេជោ សម្រេចបានជោគជ័យ (Video inside)

Posted By: RoogRog Robot | 28-Apr-2024 14:44:13

2024-04-28 01:41pm

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ គ្រប់និន្នាការ គ្រប់សាសនា ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការធ្វើគម្រោងព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបានជោគជ័យ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងដើម្បីប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។

ការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគម បុគ្គលិកសិក្សាជាង៥ពាន់នាក់ អបអរសាទរ ទិវាពលកម្មអន្តរជាតិ ១ ឧសភា នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា <<ខ្ញុំសូមអំពាវនាវដល់បងប្អូនប្រជាជនខ្មែរទាំងអស់ គ្រប់និន្នាការ គ្រប់សាសនា ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់ការធ្វើគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យបានជោគជ័យ ដើម្បីយើងបានឃើញទាំងអស់គ្នា>>។

សម្ដេចធិបតីបានថ្លែងបន្ដថា កម្ពុជាមានសមិទ្ធផលច្រើនណាស់ ហើយសុទ្ធសឹងតែជាសមិទ្ធផលកម្រិតប្រវត្តិសាស្រ្ដ ដែលយើងបានធ្វើ ក្នុងអាណត្តិមុន នឹងបន្ដធ្វើក្នុងអាណត្តិនេះ ក្នុងអាណត្តិនេះយើងបានបើកសម្ពោធព្រលានយន្ដហោះកម្រិតអន្ដរជាតិមួយ ក្នុងខេត្តសៀមរាប និងជាកម្រិតប្រវត្តិសាស្រ្ដមួយ ហើយក្នុងឆ្នាំ២០២៥ កម្ពុជានឹងបើកព្រលានយន្ដហោះថ្មីមួយទៀតក្នុងទីក្រុងភ្នំពេញ ដែលជាកម្រិតប្រវត្តិសាស្រ្ដធំដូចគ្នាមួយទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា ព្រែកជីកហ្វូណន-តេជោ យើងនឹងធ្វើ កន្លងមកផ្លូវល្បឿនលឿនដែលជាសមិទ្ធផល កម្រិតប្រវត្តិសាស្រ្ដ កម្ពុជាបានធ្វើរួចរាល់ហើយកាលពីឆ្នាំមុន ហើយនឹងបន្ដធ្វើបន្ថែមទៀត គម្រោងជាប្រវត្តិសាស្រ្ដជា​ច្រើន នឹងត្រូវធ្វើជាបន្ដបន្ទាប់។ កាលពីជំនាន់ដើមបុព្វេបុរសរបស់យើង បានសាងសងប្រាសាទអង្គវត្ត ដើម្បីជាទីសកា្ករៈ និងដើម្បីបង្ហាញសក្ដានុពលរបស់កម្ពុជា ឥឡូវនេះកូនចៅជំនាន់ក្រោយរបស់កម្ពុជា នឹងបន្ដរួមគ្នាកសាងសមិទ្ធផលធំៗ ជាប្រវត្តិសាស្រ្ដបន្ថែមទៀតលើទឹកដីអង្គរ ហើយត្រូវរួមគ្នាធ្វើជាពិសេសព្រែកជីកហ្វូណន-តេជោនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ដថា <<ខ្ញុំបានប្រាប់បងប្អូនទាំងអស់គ្នាហើយថា ផ្លូវល្បឿនលឿនយើងអាចសាងសង១០-២០ខ្សែបាន, ព្រលានយន្ដហោះអាចសាងសង៥-៦កន្លែងបាន ប៉ុន្ដែព្រែកជីកហ្វូណន-តេជោ នៅក្នុងប្រទេសកម្ពុជា ពីសមុទ្រទៅទន្លេ គឺធ្វើតែ១ប៉ុណ្ណោះហើយមួយនេះធ្វើឲ្យល្អ និងគ្រប់ទៅបានហើយ។ ព្រែកជីកហ្វូណន-តេជោធ្វើឡើង ដើម្បីដឹកទំនិញ បង្កើនពាណិជ្ជកម្ម មិនមែនធ្វើឡើង ដើម្បីនាវាដឹកយន្ដហោះ ដើម្បីយកទៅច្បាំងនោះឡើយ តែការជីកព្រែកជីកហ្វូណន-តេជោនេះ ធ្វើដើម្បីប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា គ្រប់និន្នាការ និងទេសចរអន្ដរជាតិ ដែលមកកាន់ប្រទេសកម្ពុជា ហើយតាមរយៈការជីកព្រែកជីកហ្វណន-តេជោនេះ នឹងអាចឲ្យប្រជាពលរដ្ឋបង្កើតអាជីវកម្មផ្សេងៗ តាមបណ្ដោយព្រែកជីកដូចជា បង្កើតរោងចក្រ, បង្កើតតំបន់ទេសចរណ៍, បង្កើតភោគជនីយដ្ឋានតាមទឹកបន្ថែមទៀតផងដែរ>>។

សម្តេចធិបតីបានថ្លែងបន្ដថា <<នេះជាអ្វីដែលខ្ញុំសូមលើក ដើម្បីថ្លែងអំណរគុណជូន ចំពោះប្រជាពលរដ្ឋរបស់យើង ស្មារតីជាតិនិយមនេះធំធេងណាស់, ស្មារតីជាតិនិយមតម្រង់ទិសត្រូវយើងធ្វើការងារធំបាន តែបើតម្រង់ទិសខុសយើងនឹងគ្រោះថ្នាក់។ អ្នកខ្លះយកស្មារតីជាតិនិយម ដើម្បីឲ្យយើងឈ្លោះប្រកែកគ្នា លាបព័ណ៌គ្នា តែយើងត្រូវប្រមូលផ្ដុំស្មារតីជាតិនិយម ដើម្បីរួមគ្នាកសាងសមិទ្ធផលរួម ដូចនៅពេលដែលកំពុងរួមគ្នាកសាងព្រែកជីកហ្វណន-តេជោ ដែលគ្រប់និន្នាការទាំងអស់ លើកលែងតែមនុស្សប៉ុន្មានប៉ុណ្ណោះដែលចេញមករឿងផ្សេង ប៉ុន្ដែប្រជាពលរដ្ឋទូទាំងប្រទេសបានចេញមកគាំទ្រ នេះហើយជាស្មារតីជាតិនិយមពិប្រាកដ ដើម្បីបម្រើផលប្រយោជន៍ប្រទេសកម្ពុជា ដូច្នេះសូមបន្ដចូលរួម>>។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណន-តេជោ គឺជាគម្រោងតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់​សមុទ្រ​​របស់កម្ពុជា ដោយ​ឆ្លង​កាត់ខេត្តកណ្តាល តាកែវ កំពត និងកែប ប្រវែង​ប្រមាណ ១៨០គីឡូម៉ែត្រ។ គម្រោងនេះគ្រោងចាយ​ទុន​ប្រមាណ ១,៧០០លាន​ដុល្លារ​អាមេរិក ហើយត្រូវបានសិក្សាគម្រោងល្អិតល្អន់រួចហើយ៕
























































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...