លោក កុយ គួង៖ ក្រុមការងារបក្សមូលដ្ឋានឃុំស្អាងភ្នំ ខេត្តកណ្តាល ប្តូរផ្តាច់គាំទ្រពេញទំហឹង ចំពោះសេចក្ដីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា

Posted By: RoogRog Robot | 15-Jan-2022 12:08:48

2022-01-15 11:03am

(កណ្តាល)៖ លោក កុយ គួង អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំស្អាងភ្នំ តំណាងលោក សុខ សូកេន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានថ្លែងថា ក្រុមការងារគណបក្សនឹងបន្តធ្វើការប្ដូរផ្ដាច់ ធ្វើការងារបម្រើបក្សនៅមូលដ្ឋាន និងគាំទ្រពេញទំហឹង ចំពោះសេចក្ដីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា លើកទី៤៣ អាណត្តិទី៥ នាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដែលបានសម្រេចជាឯកឆន្ទបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី និងជ្រើសតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ការថ្លែងបែបនេះរបស់លោក កុយ គួង បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសន្និបាតគណបក្សឃុំស្អាងភ្នំ នៅស្នាក់ការគណបក្សឃុំស្អាងភ្នំ ដោយមានការចូលរួមពីសំណាក់អនុប្រធាន សមាជិក សមាជិកា នៃក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំស្អាងភ្នំ សមាជិកគណៈកម្មាធិការគណបក្សឃុំ សមាជិកក្រុមប្រឹក្សាឃុំ ប្រធានសាខាគណបក្សសាលារៀន មណ្ឌលសុខភាពប៉ុស្ដិ៍នគរបាល រួមជាមួយអស់លោក លោកស្រីថ្នាក់ដឹកនាំភូមិទាំង០៩ ទូទាំងឃុំស្អាងភ្នំ សរុបអ្នកចូលរួម ១៤០នាក់ នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ម្សិលមិញ។

ក្នុងឱកាសនោះ លោក កុយ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះលទ្ធផលនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍នាអាណត្តិកន្លងមក ដោយបានគូសបញ្ជាក់ថា លទ្ធផលអនុវត្តដ៏ត្រចះត្រចង់នេះ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់សមាជិកគណៈកម្មាធិការគណបក្សឃុំ សមាជិកក្រុមប្រឹក្សាឃុំ និងសមាជិក សមាជិកាបក្សនៅមូលដ្ឋាន ព្រមទាំងក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំទាំងអស់ ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិត របស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកស្អាងទាំងមូល។

នៅក្នុងឱកាសនៃការថ្លែងមតិសំណេះសំណាលក្នុងអង្គសន្និបាត លោក កុយ គួង និងអង្គសន្និបាតគណៈបក្សឃុំស្អាងភ្នំទាំងមូល បានឯកភាពទៅលើការអនុម័តសេចក្ដីព្រៀងខ្លឹមសារ របាយការណ៍បូកសរុប ពិនិត្យវាយតម្លៃលទ្ធផលនៃការអនុវត្តគោលនយោបាយរបស់គណៈបក្ស ដើម្បីអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ (២០១៧-២០២២) និងទិសដៅភារកិច្ចនយោបាយអនុវត្តន៍បន្តរបស់គណៈកម្មាធិការនៃគណៈបក្សឃុំ រួមទំាងអនុម័តលើសេចក្ដីព្រាងកម្មវិធីនយោបាយរបស់គណៈកម្មាធិការ នៃគណៈបក្សឃុំ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច ឃុំអាណត្តិទី៥ ឆ្នាំ( ២០២២-២០២៧)។

លើសពីនេះទៀត អង្គសន្និបាតបានបង្ហាញបេក្ខជនពេញសិទ្ធិ និងបម្រុងចំនួន ២០រូប សម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្ដិទី៥ ខាងមុខនេះដែរ។

លោកក៏បានស្នើសុំ និងលើកទឹកចិត្តដល់អង្គសន្និបាតឱ្យរក្សាសាមគ្គីភាពផ្ទៃក្នុងបក្សឱ្យបានរឹងមាំ គោរពវិន័យបក្ស និងរក្សាក្រមសីលធម៌ជាសមាជិកបក្ស បើទោះបីជាបេក្ខជនឈរឈ្មោះរបស់យើង ទាំងពេញសិទ្ធិ និងបម្រុងនៅលេខរៀងណាក៏ដោយ ដើម្បីបន្ដការអភិវឌ្ឍនៅមូលដ្ឋាន និងដើម្បីឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ដែលនឹងក្លាយជាជំហានរីកចម្រើនមួយទៀតនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសការអនុវត្តនូវប្រព័ន្ធវិមជ្ឈការនៅថ្នាក់ឃុំ៕













News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...