ក្រឹមឡាំង ព្រមានថាអាវុធនុយក្លេអ៊ែរណាមួយរបស់ NATO លើទឹកដីប៉ូឡូញ នឹងក្លាយជាគោលដៅអាទិភាព

Posted By: RoogRog Robot | 26-Apr-2024 11:03:45

2024-04-26 10:02am

(មូស្គូ)៖ អាវុធនុយក្លេអ៊ែររបស់អង្គការ​ NATO​ នឹងក្លាយជាគោលដៅអាទិភាពរបស់រុស្ស៉ី ប្រសិនបើអាវុធទាំងនោះត្រូវបានដាក់ពង្រាយនៅលើទឹកដីប៉ូឡូញ មែននោះ។ នេះជាការព្រមានរបស់ក្រុមមន្ត្រីវិមានក្រឹមឡាំង ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន Xinhua។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានរុស្ស៉ី TASS​ កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក Sergei Ryabkov បានគូសបញ្ជាក់ដូច្នេះថា <<ការដាក់ពង្រាយអាវុធនុយក្លេអ៊ែរនឹងមិនអាចផ្ដល់សន្តិសុខដ៏អស្ចារ្យសម្រាប់ប៉ូឡូញ ឬប្រទេសដទៃទៀតដែលចង់ទទួលយកការ ដាក់ពង្រាយអាវុធប្រភេទនេះនោះទេ>>។

ជាការព្រមានបន្ថែមលើនេះ ក្នុងសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកមួយ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៉ី លោកស្រី Maria Zakharova ក៏បានព្រមាន ត្រង់ៗផងដែរថាវត្តមានអាវុធនុយក្លេអ៊ែរនៅលើទឹកដីប៉ូឡូញ នឹងក្លាយជាគោលដៅអាទិភាព និងស្របច្បាប់របស់រុស្ស៉ី ក្នុងករណីសង្រ្គាមជាមួយ NATO ផ្ទុះឡើង។

គួរបញ្ជាក់ថា ការព្រមានរបស់រុស្ស៉ី កើតមានឡើងបន្ទាប់ពីប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បាននិយាយថា ប្រទេសប៉ូឡូញ ត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីទទួលយកការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ប្រសិនបើអង្គការ NATO សម្រេចធ្វើយ៉ាងដូច្នោះ។ ការលើកឡើងរបស់លោក Duda ទៀតសោត ត្រូវបានគេមើលឃើញថាជាការឆ្លើយតបទៅនឹងផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិករបស់រុស្ស៉ី នៅលើទឹកដី នៃប្រទេសបេឡារុស៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...