សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ដែលកម្ពុជាត្រូវបានជ្រើសរើសជាផ្លូវការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦

Posted By: RoogRog Robot | 06-Oct-2024 12:54:58

2024-10-06 12:50pm

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៦ ខែតុលាឆ្នាំ២០២៤នេះ បានបង្ហោះសារអបអរសាទរ ដែលប្រទេសកម្ពុជា ត្រូវបានជ្រើសរើសជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។

ការប្រកាសផ្លូវការនេះធ្វើឡើងនៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាកម្ពុជា សព្វព្រះរាជហឫទ័យបានយាងចូលរួម និងថ្លែងព្រះរាជសុន្ទរកថាក្នុងពិធីបិទប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ ដែលប្រព្រឹត្តទៅនៅទីក្រុងប៉ារីស ប្រទេសបារាំង។

ពិធីបិទប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី១៩ មានការអញ្ជើញចូលរួមពីលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង រួមទាំងបណ្តាមេដឹកនាំនៃប្រទេសជាសមាជិកហ្វ្រង់កូហ្វូនីផ្សេងទៀត។

គួរជម្រាបថា អង្គការអន្តរជាតិនៃក្រុមប្រទេសនិយាយភាសាបារាំង ឬហៅកាត់ថាហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើង នៅ ថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧០ ដោយមានស្ថាបនិកដូចជា ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ លោក Léopold Sédar Senghor (ជាអតីតប្រធានាធិបតីសេណេហ្កាល់), លោក Habib Bourguiba (អតីតប្រធានាធិបតីទុយនីស៊ី), លោក Hamani Diori (អតីតប្រធានាធិបតីនីហ្សេ) ជាដើម។

អង្គការហ្វ្រង់កូហ្វូនី មានទីស្នាក់ការកណ្ដាលនៅទីក្រុងប៉ារីស ហើយមានសមាជិក ៨៤ប្រទេស ក្នុងនោះមាន សមា ជិកពេញសិទ្ធិចំនួន៥៤ និងសមាជិកមិនពេញសិទ្ធិ៤ ព្រមទាំងសមាជិកជារដ្ឋសង្កេតការណ៍ ២៦ប្រទេស។

ប្រទេសកម្ពុជាបានក្លាយជាសមាជិកក្នុងនាមជារដ្ឋសង្កេតការណ៍នៅខែវិច្ឆិកា ឆ្នាំ១៩៩១ នៅឯកិច្ចប្រជុំកំពូល ហ្វ្រង់ កូហ្វូនីលើកទី៤ ក្នុងសង្កាត់ Chaillot នៃទីក្រុងប៉ារីស ហើយបានក្លាយជាសមាជិកពេញសិទ្ធិនៅខែតុលា ឆ្នាំ១៩៩៣ នៅឯកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៥ នៅភូមិ Grand-Baie នៃប្រទេសម៉ូរីតានី។

អង្គការ OIF មានបេសកកម្មចម្បងៗចំនួន៤រួមមាន៖* លើកកម្ពស់ការនិយាយភាសាបារាំង កិច្ចសហប្រតិបត្តិការវប្បធម៌ និងពិពិធិកម្មភាសា។* លើកកម្ពស់សន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។* គាំទ្រដល់វិស័យអប់រំ ការបណ្ដុះបណ្ដាល ឧត្តមសិក្សា និងការស្រាវជ្រាវ* កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សូមបញ្ជាក់ដែរថា ពេលបច្ចុប្បន្ន ប្រជាជននិយាយភាសាបារាំងត្រូវបានវាយតម្លៃថាមានប្រមាណ ៣២១លាននាក់ នៅទូទាំងទ្វីបទាំង៥។ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីត្រូវធ្វើឡើងជារៀងរាល់២ឆ្នាំម្ដង៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...