រដ្ឋមន្រ្តីក្រសួងធម្មការ និងសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ជួបសំណេះសំណាល ជាមួយគណៈសង្ឃធម្មយុត្តខ្មែរ និងមន្រ្តីក្រសួង ព្រមទាំងព្រះមេគណគណ:ធម្មយុត្ត គ្រប់រាជធានី-ខេត្ត

Posted By: RoogRog Robot | 06-Oct-2024 14:32:17

2024-10-06 02:30pm

(កណ្ដាល)៖ សម្តេចព្រះអភិសិរីមហាសុគន្ធាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ និងលោក ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ បានជួបសំណេះសំណាលជាមួយគណ:សង្ឃធម្មយុត្តខ្មែរ និងមន្រ្តី ក្រសួងធម្មការនិងសាសនា ព្រមទាំងព្រះមេគណគណ:ធម្មយុត្ត គ្រប់រាជធានី ខេត្ត នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្រុកអង្គស្នួល ខេត្តកណ្តាល។

សម្តេចព្រះអភិសិរីមហាសុគន្ធាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី មានសង្ឃដីកាថា ពិធីសំណេះសំណាលរបស់គណៈសង្ឃធម្មយុត្តខ្មែរ និងក្រសួងធម្មការនិងសាសនា ជាមួយព្រះមន្ត្រីសង្ឃ ព្រះចៅអធិការ ទូទាំងខេត្តនាពេលនេះ ក្នុងគោលបំណង ណែនាំអំពីការប្រតិបត្តិធម៌វិន័យ, ការគ្រប់គ្រងអប់រំព្រះសង្ឃ ក្នុងវត្តអារាម, និងការពង្រឹងតួនាទីភារកិច្ចរបស់ព្រះមន្ត្រីសង្ឃ ខេត្ត ក្រុង ស្រុក និងវត្ត ដើម្បីឱ្យមាននូវអភិសមាចារ គួរជាទីគោរពសក្ការៈ និងជាបុញ្ញក្ខេត្ត ស្រែបុណ្យរបស់ពុទ្ធបរិស័ទ។

ដូច្នេះ អ្នកបួសត្រូវរៀនធម៌វិន័យ និងប្រតិបត្តិធម៌វិន័យទៅតាមការសមគួរដល់ធម៌វិន័យ ហើយត្រូវយកធម៌វិន័យទាំងនោះទៅអប់រំដល់ប្រជាពុទ្ធបរិស័ទគ្រប់គ្រប់រូប និងសូមព្រះចៅអធិការគ្រប់វត្តអារាមទាំងអស់ធ្វើការណែនាំពង្រឹងធម៌វិន័យ និងជំរុញការសិក្សារៀនសូត្រដល់ ភិក្ខុ សាមណេរឲ្យបានតឹងរឹង ។

ដើម្បីជួយជាតិអោយមានសន្តិភាពឲ្យកាន់តែរីកចម្រើនថែមទៀត សម្តេច បានបញ្ជាក់បន្ថែមទៀតថា ព្រះសង្ឃត្រូវយល់ច្បាប់វិន័យ ចេះគោរពអ្នកបួសមុន វស្សាចាស់ជាង ឬព្រះឧបជ្ឈាយ៍ ត្រូវចេះនាំគ្នា យកវត្តប្រណិបតន៍ សុំឱវាទ នោះទើបយើងស្គាល់គ្នា និងក្រែងព្រះវិន័យ ច្បាប់ទម្លាប់បវរណីសង្ឃយើងបានខ្លះ។

សម្តេចបានបន្តផងដែរថា <<សូមឱ្យព្រះមន្ត្រីសង្ឃ ព្រះសង្ឃ រួមទាំងពុទ្ធបរិស័ទទាំងអស់គ្នា បន្តខិតខំយក ចិត្តទុកដាក់ រួមគ្នាអនុវត្តតាមគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ បានផ្តល់លទ្ធភាពគ្រប់បែបយ៉ាង ធ្វើឱ្យវិស័យព្រះពុទ្ធសាសនា កាន់តែមានជំនឿជឿជាក់ពីប្រជាពលរដ្ឋ ពីមួយថ្ងៃទៅមួយថ្ងៃ>>។

លោក ចាយ បូរិន បានស្នើសូមព្រះមន្រ្តីសង្ឃ និងព្រះចៅអធិការវត្តគ្រប់ព្រះអង្គត្រូវធ្វើការគ្រប់គ្រងវត្ត ឱ្យបានល្អស្របទៅតាមតួនាទីភារកិច្ចរបស់ព្រះមន្រ្តីសង្ឃវត្ត ពិសេសការគ្រប់គ្រងព្រះសង្ឃ គណៈកម្មការ ក្មេងវត្ត ឱ្យបានច្បាស់លាស់ជៀសវាងនូវអធិករណ៍ឬបញ្ហាផ្សេងៗ ដែលនាំឱ្យប៉ះពាល់តម្លៃព្រះពុទ្ធសាសនា។

ព្រមជាមួយគ្នានេះ លោកស្នើសូមព្រះសង្ឃគ្រប់ព្រះអង្គ ប្រើប្រាស់បណ្តាញសង្គមនានា ឱ្យបានត្រឹមត្រូវ ដើម្បីជាឧត្តមប្រយោជន៍ព្រះពុទ្ធសាសនា ជៀសវាងការចែករំលែក នូវសកម្មភាពដែលនាំឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់ និងស្ថិរភាពនយោបាយ៕












News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...