ក្រុមហ៊ុន Waymo នឹងពង្រីកសេវាកម្មរថយន្តឈ្នួល បើកបរដោយស្វ័យប្រវត្តិ ជាមួយនឹងការប្រើប្រាស់រថយន្តអគ្គិសនី របស់ក្រុមហ៊ុន Hyundai

Posted By: RoogRog Robot | 06-Oct-2024 04:07:10

2024-10-06 11:01am

(សាន់ហ្វ្រេនស៊ីស្កូ)៖ ក្រុមហ៊ុនបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ Waymo ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alphabet នឹងបន្ថែមរថយន្តអគ្គិសនី មកពីក្រុមហ៊ុន Hyundai Motor របស់កូរ៉េខាងត្បូង ចូលទៅក្នុងសេវាកម្មរថយន្តឈ្នួល បើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន (Robotaxi)។ នេះបើតាមការឱ្យដឹងពីក្រុមហ៊ុនទាំងពីរ ស្របពេលដែល Waymo ពង្រីកវិសាលភាពរបស់ខ្លួន នៅសហរដ្ឋអាម៉េរិក។ នេះបើយោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤។

ការធ្វើតេស្តលើរថយន្តប្រភេទ SUVs ម៉ូឌែល IONIQ 5 ដែលដំឡើងនៅរោងចក្រនារដ្ឋ Georgia របស់ក្រុមហ៊ុន Hyundai​ ជាមួយនឹងបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិ របស់ក្រុមហ៊ុន Waymo នោះ នឹងចាប់ផ្តើមដំណើរការ នៅចុងឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន។

Waymo មានរថយន្តប្រមាណ៧០០គ្រឿង កំពុងបម្រើសេវាកម្មរបស់ខ្លួន ហើយជាក្រុមហ៊ុនអាម៉េរិកតែមួយគត់ ដែលប្រតិបត្តិការរថយន្តឈ្នួលគ្មានមនុស្សបើកបរ។

ភាពជាដៃគូជាមួយក្រុមហ៊ុន Hyundai បានកើតឡើងប៉ុន្មានថ្ងៃ មុនពេលលោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla គ្រោងនឹងបង្ហាញគម្រោង សម្រាប់ការផលិតរថយន្តឈ្នួលបើកបរដោយស្វ័យប្រវត្តិ ដែលត្រូវបានគេរំពឹងថា នឹងប្រើប្រាស់បច្ចេកវិទ្យានេះ ដែលផលិតឡើងភ្ជាប់ជាមួយរថយន្តស្រាប់។

​Waymo បច្ចុប្បន្ន កំពុងប្រើប្រាស់រថយន្តម៉ូឌែល I-PACE របស់ក្រុមហ៊ុន Jaguar Land Rover ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Tata Motors របស់ឥណ្ឌា។

ជាមួយគ្នានោះ Waymo ក៏បានធ្វើតេស្តបច្ចេកវិទ្យារបស់ខ្លួន លើរថយន្តមកពីក្រុមហ៊ុន Zeekr ជាប្រភេទរថយន្តអគ្គិសនី របស់ក្រុមហ៊ុនចិន Geely ផងដែរ។

អ្នកនាំពាក្យមួយរូបរបស់ក្រុមហ៊ុន Waymo បានឱ្យដឹងថា ភាពជាដៃគូជាមួយ Hyundai នឹងមិនជំនួសដោយផ្ទាល់ ចំពោះកម្មវិធីរថយន្តបច្ចុប្បន្នរបស់ខ្លួនណាមួយនោះទេ។

ក្នុងខែសីហាកន្លងទៅ, Waymo បានឱ្យដឹងថា ខ្លួនបានទទួលការហៅជិះដោយបង់ប្រាក់ទ្វេរដង រហូតដល់១០០,០០០ដង ក្នុងមួយសប្តាហ៍ ក្នុងរយៈពេលត្រឹមតែជាង៣ខែប៉ុណ្ណោះ ដោយសារក្រុមហ៊ុនបានពង្រីកតំបន់សេវាកម្មរបស់ខ្លួន និងអនុញ្ញាតឱ្យមនុស្សកាន់តែច្រើន ជិះរថយន្តឈ្នួលរបស់ខ្លួន៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...