សម្តេចរដ្ឋសភាធិបតី ឃួន សុដារី សារលិខិតរំលែកទុក្ខ ចំពោះមរណភាព លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ

Posted By: RoogRog Robot | 28-Jun-2024 22:16:01

2024-06-28 09:14pm

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានផ្ញើសារបង្ហាញនូវសេចក្តីសោកស្តាយយ៉ាងខ្លាំង និងសេចក្តីក្ដុកក្ដួលរន្ធត់ចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ ក្រៀមក្រំថា លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ត្រូវជាឧត្តមស្វាមីរបស់ លោកស្រី បានទទួល មរណភាព នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ ។

ក្នុងបរិយាកាសដ៏សែនសោកសៅ និងសោកស្តាយអាឡោះអាល័យជាពន់ពេកប្រមាណ សម្តេចសូមចូលរួម រំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយ លោកស្រី គាត់ ឆេន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឧត្តមស្វាមី ឪពុកបង្កើត ឪពុកក្មេក ជីតា និងជាជីតាទួត ជាទីគោរពស្រលាញ់បំផុត ប្រកបដោយសង្គហធម៌ និងព្រហ្មវិហាធម៌ដ៏ល្អប្រពៃ និងជាការបាត់ធនធានដ៏កម្រមួយរូបដែលបានលះបង់កំលាំងកាយចិត្តក្នុងវិស័យសិល្បៈបុរាណខ្មែរ ជាពិសេសផ្នែកសិល្បៈ ចាប៉ីដងវែងបុរាណខ្មែរ ដើម្បីលើកស្ទួយសម្បត្តិវប្បធម៌ និងសិល្បៈខ្មែរឱ្យគង់វង្សស្ថិតស្ថេរ ក្នុងការផ្ទេរចំណេះដឹងអប់រំ ទូន្មាន និងបានផ្សព្វផ្សាយស្នាដៃចាប៉ីដងវែងបុរាណខ្មែរឱ្យពិភពលោកបានស្គាល់នូវស្នាដៃសិល្បៈអត្តសញ្ញាណជាតិ ដែលជាផ្នែកមួយនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ ទោះបីរូបកាយរបស់ លោក ព្រឹទ្ធាចារ្យកោសល្យវោហារ បានបាត់បង់ទៅក៏ពិតមែន ប៉ុន្តែកេរដំណែលប្រកបដោយកិត្តិគុណ សេចក្តីថ្លៃថ្នូរ ភាពអំណត់តស៊ូព្យាយាម នឹងស្ថិតក្នុងដួងចិត្តកូនចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់គ្នាជានិច្ចនិរន្តរ៍ ។

សម្តេចសូមវត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ ដួងវិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យកោសល្យវោហារ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...