តំណាងរាស្ត្រមណ្ឌលកំពង់ចាម៖ គណបក្សប្រជាជន កើតចេញពីទឹកចិត្តស្នេហាជាតិពិតប្រាកដ ដើម្បីរំដោះជាតិមាតុភូមិ និងរួមសុខទុក្ខជាមួយប្រជាជន

Posted By: RoogRog Robot | 28-Jun-2024 21:18:30

2024-06-28 08:16pm

(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ត្រ មណ្ឌលកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយមូលដ្ឋាន បានថ្លែងថា គណបក្សប្រជាជន គឺកើតចេញពីទឹកចិត្តស្នេហាជាតិពិតប្រាកដ ដើម្បីរំដោះជាតិមាតុភូមិ និងឈរនៅខាងប្រជាជន រួមសុខទុក្ខជាមួយគ្នា។

ការថ្លែងដូច្នេះរបស់លោកបណ្ឌិត ម៉ា ឈឿន ក្នុងឱកាសដឹកនាំការប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញពីលោកស្រីបណ្ឌិត អ៊ុក ម៉ាលី អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកជើងព្រៃ។

ក្នុងឱកាសនោះ លោកបណ្ឌិត ម៉ា ឈឿន បានលើកឡើងពីប្រវត្តិនៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃ២៨ មិថុនា ១៩៥១ ដែលប្រសូត្រចេញពីចលនាតស៊ូរបស់ប្រជាជនកម្ពុជា ដើម្បីទាមទារឯករាជ្យកម្ពុជាពីអាណានិគមបារាំង។ លោកបណ្ឌិតបន្ដថា <<គណបក្សប្រជាជនកើតចេញពីទឹកចិត្តស្នេហាជាតិពិតប្រាកដ ដើម្បីរំដោះជាតិមាតុភូមិ ហើយមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិ តាំងពីអតីតកាល មកដល់បច្ចុប្បន្ន និងទៅថ្ងៃអនាគត>>។

តំណាងរាស្ដ្រ ម៉ា ឈឿន បានបន្តថា គណបក្សប្រជាជនកម្ពុជាមានឈ្មោះដើមហៅថា បក្សបដិវត្តកម្ពុជា។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សបានឆ្លងកាត់ឧបសគ្គ ការតស៊ូដើម្បីជាតិច្រើនរាប់មិនអស់ ក្រោមឧត្តមគតិដើម្បីប្រទេសជាតិនិងប្រជាជនកម្ពុជា ផ្សារភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាជនគ្រប់កាលៈទេសៈ រហូតទាមទារឯករាជ្យបានពេញលេញនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចរបស់សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

នៅពេលពួកលន់ណុលធ្វើរដ្ឋប្រហារទម្លាប់សម្ដេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៧០ គណបក្សប្រជាជនកម្ពុជាក៏បានចូលរួមប្រឆាំងនឹងពួកសាធារណរដ្ឋខ្មែរ ដែលរណបជាមួយពួកអាមេរិក រហូតទទួលបានជោគជ័យនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ប៉ុន្តែជាអកុសលខ្មែរក្រហមបែរជាអនុវត្តនយោបាយបំផ្លាញជាតិ សម្លាប់ប្រជាជន ធ្វើឱ្យប្រជាជនស្លាប់អស់រាប់លាននាក់ ក្នុងពេល៣ឆ្នាំ៨ខែ២០ថ្ងៃ។ ដោយឃើញមហន្តរាយបែបនេះហើយ គណបក្សប្រជាជនកម្ពុជាក៏បានក្រោកឈរតស៊ូផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងបានរំដោះប្រជាជននៅទូទាំងប្រទេសឡើងវិញ និងទទួលបានជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់សម្ដេច ជា ស៊ីម សម្ដេច ហេង សំរិន និងសម្ដេច ហ៊ុន សែន និងឥស្សរជនជាច្រើនទៀត។

លោកបណ្ឌិតបានបញ្ជាក់ថា <<ថ្ងៃរំដោះ៧មករា គឺជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា ជាថ្ងៃដែលបង្កើតឱ្យមានអ្វីៗនៅថ្ងៃនេះ។ ទាំងនេះគឺជាសច្ចធម៌ប្រវត្តិសាស្ត្រ ដែលប្រជាជនកម្ពុជា ពិសេសយុវវ័យត្រូវតែបន្តចងចាំឱ្យបានជាប់ជានិច្ច>>។

លោកបណ្ឌិតបានបន្តទៀតថា ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩៣ ក៏ពិតមែន តែកម្ពុជាមិនទាន់ការឯកភាពនៅឡើយទេ ព្រោះកងកម្លាំងខ្មែរក្រហមមិនចូលរួមជាមួយរដ្ឋាភិបាលនៅឡើយទេ។ ដូច្នេះក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ឆ្នើម បានដាក់ចេញការអនុវត្តនយោបាយឈ្នះឈ្នះនៅឆ្នាំ១៩៩៨ ទើបឈានទៅរកការបង្រួបបង្រួមជាតិតែមួយឡើងវិញ។

តំណាងរាស្ដ្រ ម៉ា ឈឿនបានបន្ថែមថា គណបក្សប្រជាជនកម្ពុជាមានគោលនយោបាយច្បាស់លាស់ មានកម្មវិធីអប់រំពីសតិអារម្មណ៍ មានការចាត់តាំងត្រឹមត្រូវចាប់ពីលើដល់ក្រោម ជាគណបក្សដែលរឹងមាំទាំងនយោបាយ សតិអារម្មណ៍ និងអង្គការចាត់តាំង។

ជាមួយគ្នានោះ លោកបណ្ឌិត ម៉ា ឈឿន ក៏បានរៀបចំពីប្រវត្តិក្រុមការងារគណបក្សចុះជួយស្រុកជើងព្រៃ និងស្រុកបាធាយ ក្នុងនោះលោកផ្ទាល់បានចូលរួមបំពេញការងារនៅស្រុកបាធាយបាន២អាណត្តិ និងនៅស្រុកជើងព្រៃ បាន៥អាណត្តិមកហើយ។ លោកបណ្ឌិតក៏បានណែនាំដល់ក្រុមការងារគណបក្ស សូមបន្តធ្វើសកម្មភាពដែលផ្សារភ្ជាប់ជាមួយប្រជាជន បម្រើប្រជាជន និងចូលរួមថែរក្សាសន្តិភាពឱ្យខាងតែបាន ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិ អភិវឌ្ឍមូលដ្ឋានឱ្យរីកចម្រើនតទៅមុខ។

សូមជម្រាបថា ក្នុងឱកាសប្រារព្ធមិទ្ទិញអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម នាថ្ងៃនេះ លោកបណ្ឌិត ម៉ា ឈឿន និងលោកស្រីបណ្ឌិត អ៊ុក ម៉ាលី បានឧបត្ថម្ភថវិកា ដល់សមាជិក សមាជិកា សរុបប្រមាណចំនួន ១៣លាន៨៦៤ពាន់រៀល៕
































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...