​សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍៤ចំណុចដល់ស្ថាប័នអប់​រំ ដើម្បីលើកកម្ពស់វិស័យអប់រំឱ្យកាន់តែប្រសើរ និងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗស្របតាមសម័យឌីជីថល (Video inside)

Posted By: RoogRog Robot | 25-Jun-2024 13:12:29

2024-06-25 12:10pm

(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ បណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់អនុសាសន៍៤ចំណុច ដល់បណ្តាញសាកលវិទ្យាល័យ​សាយប័រកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងស្ថាប័នពាក់ព័ន្ធ ​ដើម្បីលើកកម្ពស់វិស័យអប់រំ ដែលជាវិស័យដ៏មានសារៈសំខាន់មួយនៅកម្ពុជា។

​សម្តេចធិបតី ​បានថ្លែងយ៉ាងដូច្នេះថា ជាមួយនឹងសមិទ្ធផលជាច្រើនក្នុងវិស័យអប់រំ ខ្ញុំសុំផ្តល់នូវទស្សនៈ និងអនុសាសន៍មួយចំនួន ដើម្បីលើកកម្ពស់វិស័យដ៏មានសារៈសំខាន់នេះ ដូចខាងក្រោម៖

ទី១. ខ្ញុំសូមលើកទឹកចិត្តឱ្យបណ្តាញសាកលវិទ្យាល័យ​សាយប័រកម្ពុជា និងជាវិស័យឯកជន បន្តធ្វើបច្ចុប្បន្នកម្មប្រព័ន្ធសិក្សា​ឱ្យកាន់តែប្រសើរ និងអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើចំណេះដឹង និងជំនាញផ្នែកបច្ចេកវិទ្យា និងឌីជីថលស្របតាមបរិបថនៃការរីកចម្រើននៃសេដ្ឋកិច្ច និងសង្គម ការប្រែប្រួលអាកាសធាតុ ការប្រកួតប្រជែង នៃទីផ្សារ និងសាកលភាវូពាណិជ្ជកម្ម។

ទី២. ខ្ញុំសុំស្នើឱ្យក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ចូលរួមអនុវត្តឱ្យ​បានដោយប្រសិទ្ធភាពខ្ពស់នូវវិធានការដែលបានដាក់ចេញក្នុងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដើម្បីទាញយកផលជាអតិបរមាពីការធ្វើបដិវត្តកម្មឌីជីថលកម្ពុជា។

ទី៣. ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ បង្កើនកិច្ចសហប្របត្តិការជាមួយគ្រឹះស្ថានអប់រំ និងគ្រឹះស្ថានស្រាវជ្រាវជាតិ​ និងអន្តរជាតិ ដើម្បីធ្វើការសិក្សារួមគ្នា ដកស្រង់បទពិសោធន៍ និងធ្វើទស្សនកិច្ចទៅវិញទៅមក ដើម្បីទទួលបានចំណេះដឹងថ្មីៗ បទពិសោធន៍ជាក់ស្តែង និងឧត្តមានុវត្តន៍ សំដៅបង្កើនគុណភាពសិក្សា អប់រំ ការបណ្តុះបណ្តាល និងការសិក្សាស្រាវជ្រាវឱ្យកាន់តែប្រសើរ។

ទី៤. សូមលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សាបន្តសហការ និងលើកស្ទួយវិស័យអប់រំ និងការបណ្តុះបណ្តាលឱ្យកាន់តែល្អប្រសើរ តាមរយៈការផ្តល់សេវាបង្រៀនប្រកបដោយគុណភាពខ្ពស់ និងកិច្ចខិតខំបន្តអភិវឌ្ឍន៍សមត្ថភាពជាប្រចាំ ព្រមទាំងយកចិត្តទុកដាក់លើធនធានយុវជនសម្រាប់ជាអ្នកបន្តវេន និងជាសរសរទ្រូងដ៏រឹងមាំ សំដៅឈានឆ្ពោះដល់ការសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ប្រកបដោយអរិយធម៌រុងរឿង។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ និងគាំទ្រចំពោះការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ប្រកបដោយភាពជោគជ័យ និងសូមវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា គណៈគ្រប់គ្រង សាស្ត្រាចារ្យ និងបុគ្គលិកទាំងអស់នៃបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ដែលមកដល់ពេលនេះ សាកលវិទ្យាល័យចំនួន ១២ បានចូលរួមជាសមាជិក និងបានអភិវឌ្ឍទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល សមត្ថភាពមន្ត្រីពាក់ព័ន្ធ សម្រាប់ផលិតខ្លឹមសារ និងមាតិកានានា៕


































News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...