តុលាការខេត្តកណ្ដាល ចេញដីកាឃុំខ្លួនជនដៃដល់ដែលកាប់សម្លាប់ស្ត្រីម្នាក់ជាម្ចាស់បំណុលនៅស្រុកស្អាង ខេត្តកណ្តាល

Posted By: RoogRog Robot | 23-May-2024 21:34:44

2024-05-23 09:32pm

(កណ្តាល)៖ តុលាការខេត្តកណ្តាល បានចេញដីកាឃុំខ្លួនជនដៃដល់ដែលកាប់សម្លាប់ស្រ្តីជាម្ចាស់បំណុលដាក់ពន្ធនាគារហើយ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោយតំណាងអយ្យការធ្វើការចោទប្រកាន់។

ព្រះរាជអាជ្ញារង ធាម ចន្ទ័ពីលីការ បានសម្រេចចោទប្រកាន់ជនត្រូវចោទឈ្មោះ ឡុង ឈាវ ហៅ ជាងឡាយ អាយុ៣២ឆ្នាំ ដោយចោទពីបទ ឃាតកម្ម តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ហើយចៅក្រមស៊ើបសួរលោក អាត ចន្ទ័ដារា បានសម្រេចឃុំខ្លួនបណ្ណោះអាសន្នហើយ។ នេះបើតាមលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល និងលោកខា ដែនណា អ្នកនាំពាក្យអយ្យកាអមសាលាដំបូងខេត្តកណ្ដាល បានបញ្ជាក់មកកាន់អ្នកយកព័ត៌មាន Fresh News ប្រចាំខេត្តកណ្ដាលនាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។

សូមជម្រាបថា ករណីកាប់សម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣៥នាទី នៅផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងដែក។

ក្រោយធ្វើសកម្មភាពសម្លាប់ហើយ រត់គេចខ្លួនបាត់។ ជនរងគ្រោះស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។ករណីឃាតកម្មនេះត្រូវបានជនសង្ស័យប្រើកាំបិតផ្គាក់ កាប់ចំក្បាល និងកញ្ជឹងក ចំនួន ៣កាំបិត បណ្ដាលឱ្យស្ត្រីនោះស្លាប់ភ្លាមៗតែម្ដង។

ជនដៃដល់ត្រូវបានចាប់ខ្លួនដោយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤។

ច្បាប់នៃព្រះរាជាណាចក្រកម្ពុជាមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ៖ អំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយ ដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ធវៈ) នៃក្រមនេះ គឺជាឃាតកម្ម។ ឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១០(ដប់)ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ៕








News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...