តៃវ៉ាន់រាយការណ៍ពីសកម្មភាពយោធាចិន នៅក្បែរដែនកោះខ្លួន ក្រោយរដ្ឋមន្រ្តីការបរទេសអាមេរិក ចាកចេញពីទីក្រុងប៉េកាំង

Posted By: RoogRog Robot | 27-Apr-2024 18:13:07

2024-04-27 05:09pm

(តៃប៉ិ)៖ តៃវ៉ាន់បានរាយការណ៍អំពី ការធ្វើសកម្មភាពជាថ្មីរបស់យោធាចិន នៅក្បែរដែនកោះខ្លួន នាថ្ងៃសៅរ៍នេះ ដោយយន្តហោះ១២គ្រឿង បានហោះឆ្លងខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ពោលគឺមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានបញ្ចប់ការបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤។

សហរដ្ឋអាមេរិក គឺជាខ្នងបង្អែកលើឆាកអន្តរជាតិ និងជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់បំផុត របស់កោះតៃវ៉ាន់ បើទោះបីភាគីទាំងពីរ មិនមាន​ទំនាក់ទំនងការទូតផ្លូវការក៏ដោយ។ លោក Blinken បាននិយាយថា រូបលោកបានសង្កត់ធ្ងន់ អំពីសារសំខាន់ជាខ្លាំងនៃការរក្សាសន្តិភាព និងស្ថិរភាពនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ អំឡុងដំណើរទស្សនកិច្ច នៅឯប្រទេសចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ តៃវ៉ាន់បាននិង​កំពុងប្រឈមសម្ពាធកាន់តែខ្លាំងឡើងៗ ទាំងផ្នែកនយោបាយនិងយោធា ពីសំណាក់ទីក្រុងប៉េកាំង ដែលចាត់ទុកដែនកោះនេះ ជាទឹកដីរបស់​ប្រទេសចិន។

ក្រសួងការពារជាតិតៃវ៉ាន់ បានឱ្យដឹងថា គិតចាប់តាំងពីម៉ោង៩៖៣០នាទីព្រឹកថ្ងៃសៅរ៍នេះ ខ្លួនបានប្រទះឃើញ យន្តហោះយោធាចិនសរុប​២២គ្រឿង រួមមានទាំងយន្តហោះចម្បាំងប្រភេទ Su-30 ហើយក្នុងចំណោមនោះ ១២គ្រឿងបានហោះឆ្លងខ្សែបន្ទាត់មេដ្យាន ឆ្ពោះមក​ភាគខាងជើងនិងភាគកណ្តាលនៃកោះតៃវ៉ាន់។ ខ្សែបន្ទាត់នេះ ពីមុនមកធ្លាប់បម្រើជាព្រំប្រទល់ក្រៅផ្លូវការ រវាងភាគីទាំងពីរ ប៉ុន្តែឥឡូវកងទ័ពអាកាស​របស់ចិន បានចល័តយន្តហោះឱ្យហោះឆ្លងជាប្រចាំ ខណៈទីក្រុងប៉េកាំងថា ខ្លួនមិនទទួលស្គាល់ខ្សែបន្ទាត់នេះឡើយ។

គួរបញ្ជាក់ថា ចិនចាត់ទុកតៃវ៉ាន់ ជាបញ្ហាស្នូលសំខាន់បំផុត នៅក្នុងទំនាក់ទំនងរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ហើយទីក្រុងប៉េកាំង បាន​បន្តទាមទារម្តងហើយម្តងទៀត ឱ្យទីក្រុងវ៉ាស៉ីនតោនបញ្ឈប់ការលក់អាវុធឱ្យតៃវ៉ាន់៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...