អត្ថាធិប្បាយ៖ ការចោទប្រកាន់អំពីអតិរេកផលិតកម្ម គឺគ្រាន់តែជាលេសដើម្បីរារាំង ការរីកចម្រើនរបស់ចិនប៉ុណ្ណោះ

Posted By: RoogRog Robot | 27-Apr-2024 14:44:29

2024-04-27 01:37pm

(ប៉េកាំង)៖ នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានអះអាងថា អតិរេកផលិតកម្មថាមពលស្អាតរបស់ចិននេះ បានធ្វើឱ្យខូចតម្លៃសកល និងគំរូផលិតកម្ម។ នេះមិនមែនជាលើកទីមួយទេ ដែលប្រទេសលោកខាងលិចប្រើប្រាស់ពាក្យ ‘អតិរេកផលិតកម្ម’ ជាលេស ដើម្បីដាក់សម្ពាធលើវិស័យផលិតកម្មរបស់ប្រទេសចិន។

កាលពីឆ្នាំ ២០១២ គណៈកម្មការអឺរ៉ុបធ្លាប់បានចោទប្រកាន់ចិន អំពីការនាំចេញផលិតផលដើរដោយពន្លឺព្រះអាទិត្យ ក្នុងតម្លៃទាប ទៅកាន់ទីផ្សារអឺរ៉ុប ដែលធ្វើឱ្យប៉ះពាល់ដល់ អ្នកផ្គត់ផ្គង់ក្នុងស្រុក ហើយបានផ្តួចផ្តើមគំនិតដាក់ពន្ធនាំចូលបន្ថែម ៤៧.៦% លើផលិតផលទាំងនោះ ក្នុងគោលដៅកាត់បន្ថយឧត្តមភាព ប្រកួតប្រជែងរបស់ចិន។ ក្រោយមក ក្នុងខែកក្កដា ឆ្នាំ ២០១៣ ប្រទេសចិន និងសហភាពអឺរ៉ុប ក៏បានដោះស្រាយបញ្ហាខាងលើដោយសន្តិវិធី។

ក្នុងឆ្នាំ២០២៤ នេះ អាមេរិក និងសហភាពអឺរ៉ុបបានប្រើប្រាស់ពាក្យ ‘អតិរេកផលិតកម្ម’ ជាថ្មីម្តងទៀត ដើម្បីវាយប្រហារដល់ការរីកចម្រើន របស់ឧស្សាហកម្មចិន ក្នុងវិស័យថាមពលស្អាត រួមមានការផលិតយានយន្តដើរដោយថាមពលអគ្គិសនី បន្ទះសូឡា និងអាគុយលីចូម ជាដើម។ តើហេតុអ្វីបានជាប្រទេសលោកខាងលិច នៅតែចោទប្រកាន់ចិនអំពីអតិរេកផលិតកម្ម? ការពិតមិនអាចប្រកែកបាននោះ គឺថា ការរីកចម្រើនរបស់ចិនក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ពិតជាបាននាំមកនូវឱកាស និងកម្លាំងជំរុញថ្មីៗដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ទោះបីជាយ៉ាងនេះក្តី អាមេរិក និងសម្ព័ន្ធមិត្តតែងចាត់ទុកការរីកចម្រើនរបស់ចិន ជាបន្លាក្នុងកែវភ្នែក និងជាការគំរាមកំហែងដ៏ធំបំផុតដល់អនុត្តរភាពខ្លួន។

ជានិច្ចកាល អាមេរិកតែងបង្កើតរឿងនានា ដើម្បីឃោសនាបំប៉ោងព័ត៌មានមិនពិត សំដៅរារាំង និងទប់ស្កាត់ការរីកចម្រើនរបស់ចិន ទាំងក្នុងវិស័យពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ កន្លងទៅ អាមេរិកបានចោទប្រកាន់ ក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ថា គំរាមកំហែងដល់សន្តិសុខជាតិ រហូតឈានទៅដល់ការចាប់ខ្លួននាយិកាប្រតិបត្តិ ផ្នែកហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន Huawei ពីសំណាក់អាជ្ញាធរកាណាដា។ អាមេរិកក៏បានដាក់ក្រុមហ៊ុនចិនមួយនេះចូលក្នុងបញ្ជីខ្មៅ ដែលជាហេតុនាំឱ្យក្រុមហ៊ុនបរទេសមួយចំនួន ដូចជា Google, Microsoft, Qualcomm, Intel, Panasonic បានកាត់ផ្តាច់ទំនាក់ទំនងជាមួយក្រុមហ៊ុន Huawei។ ទន្ទឹមនេះ អាមេរិកបានអនុវត្តយ៉ាងតឹងរ៉ឹង នូវគោលនយោបាយ គាំពារនិយមជាមួយចិន តាមរយៈការរឹតត្បឹតលើការនាំចូលផលិតផលរបស់ចិន ខណៈប្រើប្រាស់មធ្យោយបាយផ្សេងៗ ដើម្បីលាបពណ៌ចិន។ កាលពីដើមឆ្នាំនេះ ប្រទេសហូឡង់ បានរារាំង ក្រុមហ៊ុនបច្ចេកវិទ្យា ASML Holding មិនឱ្យនាំចេញប្រព័ន្ធកាំរស្មីអ៊ុលត្រាវីយូឡេដ៍ ប្រើដើម្បីបង្កើតបន្ទះឈីបទៅកាន់ប្រទេសចិន។ ពោលគ្រប់ទង្វើ របស់អាមេរិក និងសម្ព័ន្ធមិត្តគឺដើម្បីតែរក្សានូវអនុត្តរភាពរបស់ខ្លួន និងមិនចង់ឃើញចិនមកដណ្តើមតួនាទីឈានមុខរបស់ខ្លួនឡើយ ហើយការចោទប្រកាន់ចិនអំពី ‘អតិរេកផលិតកម្ម’ គឺគ្រាន់តែជាលេស ដើម្បីទប់ស្កាត់ចិនពីការឈានទៅសម្រេចបាន នូវទំនើបកម្មផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យាតែប៉ុណ្ណោះ។

មិនថាអាមេរិកដាក់ចេញវិធានការបែបណាទេ ការងើបឡើងរបស់ប្រទេសចិន គឺជានិន្នាការប្រវត្តិសាស្ត្រ ដែលគ្មាននរណាម្នាក់ អាចរារាំងបាននោះទេ។ ក្នុងជំនួបជាមួយ នាយករដ្ឋមន្ត្រីហូឡង់ កាលពីចុងខែមីនា ឆ្នាំ២០២៤ ឯកឧត្តមប្រធានរដ្ឋចិន ស៊ី ជីនពីង បានបញ្ជាក់យ៉ាងច្បាស់ថា “គ្មានកម្លាំងណាមួយអាចបញ្ឈប់ល្បឿន នៃវឌ្ឍនភាពបច្ចេកវិទ្យា របស់ប្រទេសចិនបានឡើយ។ ការបង្កើតរបាំងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការបង្កផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងឧស្សាហកម្មនឹងនាំឱ្យ មានការបែកបាក់ និងការប្រឈមមុខដាក់គ្នាតែប៉ុណ្ណោះ”។ ជាការពិតណាស់ បច្ចុប្បន្ន ប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតក្នុងពិភពលោក មានខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មគ្រប់គ្រាន់លើគ្រប់វិស័យ និងមានធនធានមនុស្សដែលល្អបំផុត និងមានបច្ចេកទេសខ្ពស់បំផុត នៅក្នុងពិភពលោក។ ជាមួយនឹងតម្លៃសមរម្យ និងគុណភាពខ្ពស់ ផលិតផលរបស់ចិនរួមទាំង ផលិតផលថាមពលស្អាត ដូចជាយានយន្តអគ្គិសនី និងបន្ទះសូឡា បាននិងកំពុងទទួលបានការពេញនិយមពីសំណាក់អតិថិជនទាំងទីផ្សារក្នុងស្រុក និងសកល។

ការចោទប្រកាន់ថា អតិរេកផលិតកម្មថាមពលស្អាតរបស់ចិននេះ បានធ្វើឱ្យខូចតម្លៃសកល និងគំរូផលិតកម្ម គឺជាការឃោសនាបំប៉ោង ដែលមានចេតនាបំផ្លាញ ឧត្តមភាពប្រកួតប្រជែងរបស់ចិន។ សមត្ថភាពផលិតប្រកបដោយប្រសិទ្ធភាពរបស់ចិន ពិតជាបានចាក់បញ្ចូល នូវកម្លាំងថ្មី ក្នុងការជំរុញដល់ការធ្វើបរិវត្តកម្មថាមពលនៃពិភពលោក ដែលផ្ទុយពីការអះអាងមិនពិតរបស់អាមេរិក និងអឺរ៉ុប។

ជំនួសឱ្យការរិះគន់ជាន់ពន្លិចដល់សមត្ថភាពផលិតរបស់ចិន អាមេរិក និងអឺរ៉ុបគួរប្រកាន់យកភាពជាដៃគូ ជាជាងការចោទប្រកាន់ លាបពណ៌គ្នាទៅវិញទៅមក ជំរុញកិច្ចសហប្រតិបត្តិការជាជាងការប្រឈមមុខដាក់គ្នា និងអនុវត្តនូវគោលនយោបាយបើកចំហ ជាជាងគោលនយោបាយគាំពារនិយម ហើយដើរតាមគោលការណ៍ទីផ្សារ និងការប្រកួតប្រជែងប្រកបដោយភាពយុត្តិធម៌។ ស្របពេលដែលតម្លៃវត្ថុធាតុដើម បានបន្តកើនឡើង សមត្ថភាពផលិតកម្មក្នុងវិស័យថាមពលស្អាតរបស់ចិនដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញការធ្វើបរិវត្តកម្មថាមពលនៃពិភពលោក។ ឧត្តមភាពប្រកួតប្រជែងរបស់ចិនគួរទទួលបានស្វាគមន៍ និងការគាំទ្រពីរដ្ឋាភិបាល នៃបណ្តាប្រទេសនានា រួមទាំងអាមេរិក និងបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ជាជាងការបន្ទោសបង្អាប់ និងការបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម ដែលមានលក្ខណ:បំផ្លិច និងបំផ្លាញគ្នា៕

ដោយ ហ៊ូ ចំរើន អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា



News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...