លោក ហ្សេលេនស្គី៖ ប្រទេសកាប់វែរ ជារដ្ឋអាហ្រ្វិកដំបូងគេ យល់ព្រមចូលរួមកិច្ចប្រជុំស្ដីពីសន្តិភាពអ៊ុយក្រែន

Posted By: RoogRog Robot | 08-May-2024 12:33:21

2024-05-08 11:30am

(ប្រាយ៉ា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយនៅថ្ងៃអង្គារសប្តាហ៍នេះថា កាប់វែរ (Cape Verde) ជាប្រទេសដំបូងគេនៅក្នុងតំបន់អាហ្វ្រិក ដែលយល់ព្រមចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៨ ខែឧសភា ឆ្នាំ២០២៤។

<<កិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែន>> គ្រោងរៀបចំឡើងក្នុងគោលបំណងស្វែងរកដំណោះស្រាយ ដើម្បីបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ីលើអ៊ុយក្រែន ជាង ២ឆ្នាំមកនេះ។ កិច្ចប្រជុំដែលរុស្ស៉ីមិនត្រូវបានអញ្ជើញឱ្យចូលរួមនេះ នឹងធ្វើឡើងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ក្នុងប្រទេសស្វីស។ អ៊ុយក្រែន បាននិង កំពុងពង្រីកកិច្ចខិតខំប្រឹងប្រែងឱ្យក្រុមប្រទេស Global South ចូលរួមក្នុងដំណើរការរបស់ខ្លួន បើទោះបីជារុស្ស៉ីមានផលប្រយោជន៍ក្នុងទំនាក់ទំនង ជាមួយប្រទេសទាំងនោះ យូរមកហើយក្តី។

លោក ហ្សេលេនស្គី បានអរគុណនាយករដ្ឋមន្រ្តីនៃប្រទេសកាប់វែរ លោក Ulisses Correia e Silva អំឡុងជំនួបតាមទូរស័ព្ទ ដោយនិយាយថា <<កាប់វែរ ជាប្រទេសអាហ្វ្រិក ដំបូងគេ ដែលបញ្ជាក់ពីការចូលរួមរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូលដើម្បីសន្តិភាព។ នេះក៏សបញ្ជាក់ពីគោលជំហរផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្រ្តី ចំពោះសង្រ្គាមរបស់រុស្ស៉ី ផងដែរ>>។

គួរបញ្ជាក់ថា តាមផែនការសន្តិភាព អ៊ុយក្រែន អំពាវនាវឱ្យរុស្ស៉ីដកកងទ័ព ហើយស្ដារស្ថានភាពតាមព្រំដែនក្រោយសូវៀតឡើងវិញ និងដំណើរការមួយដើម្បីនាំយករុស្ស៉ី មកទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ដោយលោក ហ្សេលេនស្គី សង្ឃឹមថាប្រទេសជាង ៨០ នឹងគាំទ្រ៕


News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...