សហរដ្ឋអាមេរិក បោះឆ្នោតវេតូប្រឆាំងសំណើសុំក្លាយជាសមាជិក UN ពេញសិទ្ធិរបស់ប៉ាឡេស្ទីន

Posted By: RoogRog Robot | 19-Apr-2024 10:05:37

2024-04-19 09:01am

(យូអិន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា (ម៉ោងនៅទីក្រុងញូវយ៉ក) បានរារាំងអង្គការសហប្រជាជាតិមិនឱ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីន តាមរយៈការបោះឆ្នោតវេតូនៅឯក្រុមប្រឹក្សាសន្តិសុខ ដើម្បីបដិសេធការផ្ដល់សមាជិកភាព UN ពេញសិទ្ធិ​សម្រាប់ប៉ាឡេស្ទីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

សហរដ្ឋអាមេរិក បានបោះឆ្នោតវេតូប្រឆាំងនឹងសេចក្ដីព្រាងដំណោះស្រាយមួយ ដែលផ្ដល់អនុសាសន៍ដល់សមាជិកមហាសន្និបាត UN ទាំង១៩៣ប្រទេស ទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាសមាជិកពេញសិទ្ធិរបស់ UN។ ក្នុងការបោះឆ្នោតនៅឯក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃព្រហស្បតិ៍ ចក្រភពអង់គ្លេស និងស្វីសបាន អនុបវាទ ខណៈប្រទេស១២ផ្សេងទៀតជាសមាជិកក្រុមប្រឹក្សាសន្តិសុខបានបោះឆ្នោតគាំទ្រ។

ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខ ឯកអគ្គរដ្ឋទូតរងរបស់សហរដ្ឋអាមេរិកប្រចាំ UN លោក Robert Wood បាននិយាយថាសហរដ្ឋអាមេរិកបន្តគាំទ្រយ៉ាងរឹងមាំ ដល់ដំណោះស្រាយរដ្ឋ២ ហើយការបោះឆ្នោតវេតូមិនមែនឆ្លុះបញ្ចាំងពីការជំទាស់នឹងការបង្កើតរដ្ឋប៉ាឡេស្ទីននោះទេ។ ប៉ុន្តែវាគ្រាន់តែជាការទទួលស្គាល់មួយថា ការបង្កើតរដ្ឋប៉ាឡេស្ទីនត្រូវតែកើតចេញពីកិច្ចចរចាដោយផ្ទាល់រវាងគ្រប់ភាគីពាក់ព័ន្ធ។ ប្រធានាធិបតីនៃអាជ្ញាធរប៉ាឡេស្ទីន លោក ​Mahmoud Abbas បានថ្កោលទោសការបោះឆ្នោតវេតូរបស់សហរដ្ឋអាមេរិក ដោយចាត់ទុកថាជារឿងអយុត្តិធម៌ និងផ្ទុយពីក្រិតក្រមសីលធម៌។

គួរបញ្ជាក់ថា បច្ចុប្បន្ន ប៉ាឡេស្ទីនគឺជារដ្ឋអង្កេតការណ៍មួយរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីទទួលបានឋានៈមួយនេះពីមហាសន្និបាត​ UN កាលពីឆ្នាំ២០១២។ ការស្នើសុំក្លាយជាសមាជិក UN ពេញសិទ្ធិត្រូវតម្រូវឱ្យមានការយល់ព្រមពីក្រុមប្រឹក្សាសន្តិសុខ និងក្រោយមកទៀត ត្រូវប្រមូលឱ្យបាន សំឡេងគាំទ្រយ៉ាងហោច ២ភាគ៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ៕




News Source: freshnewsasia.com
LATEST NEWS
MORE NEWS CLICK HERE...